ការធ្វើដំណើរអន្តរជាតិនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ឧសភាខាងមុខនេះហើយ
- 2021-05-04 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការធ្វើដំណើរអន្តរជាតិនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ឧសភាខាងមុខនេះហើយ
លោកនាយករដ្ឋមន្ត្រី Boris Johnson បានមានប្រសាសន៍ថានឹងមាន “ការបើកចំហ” ការធ្វើដំណើរអន្តរជាតិទៅកាន់ប្រទេសដទៃទៀតនឹងចាប់ផ្ដើមបើនៅថ្ងៃទី ១៧ ខែឧសភាខាងមុខនេះ ប៉ុន្តែអ្នកធ្វើដំណើរម្នាក់ៗត្រូវតែមានការប្រុងប្រយ័ត្នជាសំខាន់។ ព័ត៌មានលម្អិតអំពីពេលវេលា និងរបៀបនៃការធ្វើដំណើរអន្តរជាតិនេះនឹងត្រូវបានគេរំពឹងទុកថាមានការប្រកាសបញ្ជាក់នៅសប្តាហ៍ក្រោយ។
លោកក៏បាននិយាយផងដែរថា ការបើកចំហការធ្វើដំណើរអន្តរជាតិនេះនឹងព្យាយាមបើកឲ្យឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវាក៏មានភាពតឹងរ៉ឹងនៅក្នុងនោះដែរ។ លោកក៏បានសង្កត់ធ្ងន់ដែលថាការសម្រេចចិត្តណាមួយស្តីពីការផ្លាស់ប្តូរច្បាប់នោះគឺពឹងផ្អែកទៅលើទិន្នន័យនៃការកើនឡើង ឬការថយចុះនៃអ្នកឆ្លងជំងឺកូវីដ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក Matt Hancock បានបញ្ជាក់ថាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥០០ លានដបត្រូវបានផ្តល់ជូននៅទូទាំងចក្រភពអង់គ្លេស។ ទាក់ទងទៅនឹងការធ្វើដំណើរអន្តរជាតិនេះក្រុមសមាជិកសភាជាង ៦០ នាក់បាននិយាយថារដ្ឋាភិបាលគួរតែលើកទឹកចិត្តប្រជាជនមិនឲ្យធ្វើដំណើរទៅបរទេសលើកលែងតែករណីចាំបាច់ និងរក្សាច្បាប់ធ្វើដំណើរអន្តរជាតិនេះឲ្យបានល្អនឹងតឹងរ៉ឹងបំផុត។
ច្បាប់នៃការធ្វើដំណើរអន្តរជាតិនោះនឹងត្រូវអនុវត្តតាមគោលការណ៍បែបប្រព័ន្ធច្បាប់ចរាចរណ៍គឺ ប្រទេសពណ៌បៃតង លឿង និងក្រហម។ អ្នកធ្វើដំណើរទៅកាន់ប្រទេសពណ៌បៃតងនឹងមិនចាំបាច់ធ្វើចត្តាឡីស័កឡើយនៅពេលត្រឡប់មកវិញ ប៉ុន្តែពួកគេនឹងតម្រូវឲ្យធ្វើតេស្ត។ ចំពោះប្រទេសពណ៌លឿងនឹងត្រូវធ្វើចត្តាឡីស័ក ចំណែកឯប្រទេសក្រហមវិញនឹងមានច្បាប់តឹងរ៉ឹងបំផុតដោយមានតែជនជាតិអង់គ្លេស ឬអៀរឡង់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញ ហើយពួកគេនឹងតម្រូវឲ្យបង់ប្រាក់ដើម្បីស្នាក់នៅក្នុងសណ្ឋាគារដាច់ដោយឡែករបស់រដ្ឋាភិបាល។
សេចក្តីលម្អិតបន្ថែមទៀតនឹងត្រូវធ្វើការបញ្ជាក់នៅសប្តាហ៍ក្រោយបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថាខ្លួននឹង “កំណត់ឲ្យបើកនៅដើមខែឧសភា” ហើយការបែងចែកប្រទេសជាប្រព័ន្ធច្បាប់ចរាចរណ៍នោះនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ហើយវានឹងអនុញ្ញាតឲ្យចក្រភពអង់គ្លេសអាចធ្វើការគ្រប់គ្រងហានិភ័យនៃជំងឺកូវីដពីបណ្ដាលប្រទេសផ្សេងៗបានយ៉ាងល្អ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖