អបអរសាទរ! ស្ត្រីខ្មែរ-អាមេរិកដំបូងគេ ស៊ូលី សារ៉ូ បានឈ្នះជាសមាជិក្រុមប្រឹក្សាសង្កាត់ នៅទីក្រុងឡុងប៊ិច
- 2020-12-18 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ស្ត្រីខ្មែរ-អាមេរិកដំបូងគេ ស៊ូលី សារ៉ូ បានឈ្នះជាសមាជិក្រុមប្រឹក្សាសង្កាត់ នៅទីក្រុងឡុងប៊ិច
វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំបំផុតមួយសម្រាប់ក្រុមជនជាតិខ្មែរដែលរស់នៅក្រៅប្រទេសកម្ពុជា និងក៏ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាផងដែរ។ លោកស្រី ស៊ូលី សារ៉ូ បានប្រាប់សារព័ត៌មានតាមអ៊ីមែលថា៖ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានក្លាយជាស្ត្រីខ្មែរ-អាមេរិកដំបូងគេដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សានៅទីក្រុង ឡងប៊ិច ដើម្បីចូលរួមបម្រើការងារសម្រាប់ទីក្រុង និងនៅទូទាំងប្រទេសនេះ។
លោកស្រីបានកើតនៅក្នុងជំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃបន្ទាប់ពីឪពុកម្តាយរបស់កាត់បានរត់គេចពីរបបប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។ ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានក្លាយជាផ្ទះថ្មីសម្រាប់គ្រួសាររបស់អ្នកនាង និងជនភៀសខ្លួនរាប់ពាន់នាក់ផ្សេងទៀត ដែលគេប៉ាន់ប្រមាណថាមានប្រជាជនកម្ពុជាចន្លោះពី ៥ ម៉ឺនទៅ ៧ ម៉ឺននាក់រស់នៅក្នុងទីក្រុងនេះ។ អ្នកនាងបានប្រាប់ថា " ការតាំងទីលំនៅឡើងវិញនៅអាមេរិកគឺមានផលពិបាកខ្លាំង ប៉ុន្តែការរស់នៅសហការគ្នាជាក្រុមគ្រួសារ ពួកយើងបានជំនះរាល់ឧបសគ្គដែលយើងបានប្រឈមមុខកន្លងមក ហើយខ្ញុំនឹងមិនអាចបំភ្លេចពីដើមកំណើតរបស់ខ្ញុំបានទេ "។
អ្នកនាង សារ៉ូ បានរស់នៅក្នុងទីក្រុង ឡងប៊ិច អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ទោះបីជាបានរស់នៅក្នុងទីក្រុងនេះអស់រយៈពេលជាយូរក៏ដោយ ក៏ប្រជាជនកម្ពុជានៅទីនេះមិនដែលអាចបោះឆ្នោតជ្រើសរើសខ្លួនឯងបានទេ ទោះបីពួកគេបានព្យាយាមច្រើនដងរួចមកហើយក៏ដោយ។ ជនជាតិខ្មែរដែលបានឈរឈ្មោះអោយក្រុមប្រឹក្សាក្នុងស្រុកដំបូងគេគឺ Sandy Blankenship នៅក្នុងឆ្នាំ ១៩៩០។
កាលពីថ្ងៃពុធលោកស្រី សារ៉ូ បានចង្អុលបង្ហាញអំពីលទ្ធផលនៃការបោះឆ្នោតដែលបានឆ្លុះបញ្ចាំងពីការគាំទ្រដ៏ខ្លាំងក្លាដែលលោកស្រីទទួលបាន។ នៅក្នុងការបោះឆ្នោតបឋមខែមីនា សារ៉ូ ទទួលបានសម្លេងគាំទ្រ ៤៥% ខណៈពេលដែលលោក អាន់ឌ្រូន ទទួលបាន ២៩% នៅក្នុងចំណោមបេក្ខជនទាំង ៦ នាក់។ ការនាំមុខរបស់ សារ៉ូ កើតឡើងពីការខិតខំប្រឹងប្រែង ព្រមទាំងការគាំទ្រពីសំណាក់ប្រជាជន ដែលរស់នៅតំបន់នោះ ពីសហគមន៍ដែលកំពុងត្រូវការជំនួយ និងអ្នកដឹកនាំដូចជារូបនាង។
កាលពីថ្ងៃពុធលោកស្រី សារ៉ូ បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការលើកកម្ពស់គុណភាពជីវិតរស់នៅ ការដោះស្រាយនូវភាពគ្មានផ្ទះសម្បែង និងភាពគ្មានការងារធ្វើនៅក្នុងទីក្រុងនេះ។ អ្នកនាងបានបន្ថែមទៀតថា " គោលដៅរបស់នាងខ្ញុំគឺដើម្បីដោះស្រាយបញ្ហាប្រឈមកំពូលៗដែលប្រជាជនរបស់យើងប្រឈមមុខ និងដើម្បីធ្វើឲ្យគុណភាពជីវិតរស់នៅសម្រាប់មនុស្សគ្រប់រូបមានភាពប្រសើរឡើង " ។
យុទ្ធនាការរបស់ សារ៉ូ បានរៃអង្គាសប្រាក់បានប្រហែល ៨៥.០០០ ដុល្លារអាមេរិកបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុពីទីក្រុងនោះ។ ទោះជាយ៉ាងណាក៏ដោយយុទ្ធនាការរបស់នាងមិនមានការគាំទ្រពីអភិបាលក្រុងទេ។ ខណៈពេលដែល សារ៉ូ មិនបានទទួលការគាំទ្រពីចៅហ្វាយក្រុង នាងបានទទួលការគាំទ្រពីសមាជិកក្រុមប្រឹក្សា Long Beach គឺ Jeannine Pearce, Roberto Uranga និង Rex Richardson ក៏ដូចជាមន្រ្តីជាប់ឆ្នោតដទៃទៀតនៅទូទាំងទីក្រុង និងតំបន់នេះ។
ជាលទ្ធផលពីកណៈកម្មការ Los Angeles ដែលទទួលបន្ទុកការបោះឆ្នោតនៅទីក្រុង ឡងប៊ិច បង្ហាញថា សារ៉ូ ទទួលបានសំឡេង ៥.២៥៨ ស្មើនឹង ៥៩% នៃការបោះឆ្នោតខណៈដែល Andrews ទទួលបានតែ ៣.៧១២ សំឡេងស្មើនឹង ៤១%។
ការដឹកនាំរបស់លោកស្រី សារ៉ូ អាយុ ៣៩ ឆ្នាំដែលជាសាស្រ្តាចារ្យមកពីរដ្ធកាលីហ្វ័រញ៉ា (Cal State Los Angeles) បានក្លាយជាជនជាតិខ្មែរ-អាមេរិកដំបូងគេបង្អស់ដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សានៅទីក្រុង ឡងប៊ិច។ ជាលទ្ធផលនៃការបោះឆ្នោតដំបូងកាលពីយប់ថ្ងៃអង្គារបានបង្ហាញថាបេក្ខជនក្រុមប្រឹក្សាមណ្ឌលទី ៦ គឺលោកស្រី ស៊ូលី សារ៉ូ បានឈ្នះឆ្នោតលោក Dee Andrews ដែលកំពុងកាន់អំណាចតំណាងឲ្យទីក្រុង ឡងប៊ិច។ អ្នកគាំទ្រជាច្រើនបានសម្តែងការរំភើបចំពោះការផ្លាស់ប្តូរ នឹងការនាំមុខរបស់ សារ៉ូ ចំនួន ១៩ ភាគរយក្នុងការឈ្នះឆ្នោត និងនេះជាអ្វីដែលពួកគេចង់បានគឺអ្នកដឹកនាំថ្មី។
រូបភាព៖ lbpost, Suelysaro, Facebook
អានបន្ត៖