ឲ្យតែមានទង្វើ​ ៥​យ៉ាង​​​នេះ​ ស្នេហាអ្នកនឹ​ងរលាយរលត់​ ទោះចង់​ ឬ​មិន​ចង់​ក៏ដោយ

  • 2020-10-19 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​គូស្នេហ៍​ខ្លះ​ព្យាយាម​រក​មូលហេតុ​នៅ​ពេល​ពួក​គេ​បែក​គ្នា​ ឬ​ក៏​ម្នាក់​ទៀត​ដើរចេញ តែ​គេ​មិន​ដែល​បាន​មើល​ពី​កំហុស​ដែល​បាន​ធ្វើ​នោះ​ទេ។ សម្រាប់​ជា​ការ​ក្រើន​រំលឹក​ដល់​គូស្នេហ៍​ដែល​មិន​ទាន់​មាន​បញ្ហា​នោះ គួរ​តែ​កុំ​ឲ្យ​មាន​កំហុសធំៗ ៥​យ៉ាង​​​នេះ​កើត​ឡើង​អី ព្រោះ​វា​នឹង​​ធ្វើ​ឲ្យ​ស្នេហាអ្នក​រលាយរលត់​ ទោះចង់​ឬ​មិន​ចង់​ក៏ដោយ៖

១. ឆែកឆេរ​ទូរសព្ទ​គេ​ដោយ​គ្មាន​ការ​អនុញ្ញាត

បែប​នេះ​អ្នក​ពិត​ជា​គ្មាន​សុជីវធម៌​ពេក​ហើយ ព្រោះ​មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ភាព​ឯកជន​របស់​គេ។ ទោះ​ក្នុង​ឋានៈ​ជា​សង្សារ​ក៏​ដោយ​ ក៏​អ្នក​មិន​គួរ​ឆែកឆេរ​របស់​គេ​ដែរ ព្រោះ​គ្មាន​អី​ក្រៅ​ពី​ឲ្យ​គេ​ខឹង និង​មាន​រឿង​មិន​ល្អ​កើត​ឡើង​តែ​ប៉ុណ្ណោះ។

រូបតំណាង

**២. បង្ខំ​គេ​ឲ្យ​ចូលចិត្ត​អ្វី​ដែល​អ្នក​ចូលចិត្ត**

ស្រឡាញ់​គ្នា​មិន​មែន​មាន​ន័យ​ថា​គ្រប់​យ៉ាង​ត្រូវ​ដូច​គ្នា​នោះ​ទេ អ្នក​មាន​ចំណូលចិត្ត​របស់​ខ្លួន គេ​ក៏​មាន​ចំណូល​ចិត្ត​របស់​គេ​ដែរ។ កុំ​ព្យាយាម​បង្ខំ​គេ​ឲ្យ​ចូលចិត្ត​អ្វី​ដែល​អ្នក​ចូលចិត្ត ព្រោះ​បើ​បែប​នេះ​មិន​យូរ​ទេ​អ្នក​ និង​គេ​នឹង​លែង​ចង់​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​ទៀត។ ចុង​ក្រោយ​ក៏​មាន​តែ​បញ្ចប់​ ព្រោះ​គ្មាន​អ្នក​ណា​អាច​បង្ខំ​ខ្លួន​ឯង​ឲ្យ​រស់​នៅ​ទាំង​មិន​សប្បាយ​ចិត្ត​នោះ​ទេ។

៣. យក​គេ​មកបញ្ចេញ​កំហឹង

ខឹង​អ្នក​ណា​ទៅ​ស្ដី​ទៅ​ថា​ឲ្យ​អ្នក​ហ្នឹង​ទៅ កុំ​យក​អ្នក​ផ្សេង​មក​ពាក់ព័ន្ធ។ ចេះ​គិត​ចិត្ត​គេ​ចិត្ត​ឯង​ពេក គេ​មិន​ដឹង​អី​សោះ​បែរ​ជា​មក​រង​នូវ​រឿង​មិន​ល្អ​ពី​អ្នក​ ដោយសារ​រឿង​មក​ពី​ក្រៅ។ បើ​អ្នក​នៅ​តែ​បន្ត​បែប​នេះ​ទៀត​មិន​យូរ​ទេ គេ​នឹង​រត់​ចោល​ទោះ​គេ​នៅ​ស្រឡាញ់​ក៏​ដោយ។

រូបតំណាង

៤. ទាមទារ​ច្រើន​ពេក

គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ទេ ពេល​ខ្លះ​គេ​ក៏​មិន​សូវ​ជា​ល្អ ពេល​ខ្លះ​ក៏​ខុស។ បើ​អ្នក​ទាមទារ​ឲ្យ​គេ​ល្អ​គ្រប់​ដប់​ពេក នោះ​គឺ​ជា​ចំណុច​មួយ​ដ៏​អាក្រក់​ឲ្យ​ទៅ​គេ។ អ្វី​អាច​ទទួល​បាន​ក៏​ទទួល អ្វី​អាច​លើក​លែង​ក៏​គួរ​តែ​លើក​លែង ព្រោះ​បើ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ​ អ្នក​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​សុខ​នោះ​ទេ។

៥. ដាក់​សម្ពាធ​ឲ្យ​គេ​ពេក

ធ្វើ​នេះ​ក៏​មិន​ឲ្យ​ធ្វើ ទៅ​នេះ​ក៏​មិន​ឲ្យ​ទៅ វា​ដូច​ជា​ការ​ដាក់​សម្ពាធ​ឲ្យ​គេ​ពេក​ហើយ។ គេ​មាន​សិទ្ធិ​ចង់​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ ម្យ៉ាង​ទៀត​អ្នក​ក៏​មិន​គួរ​ប្រកាន់​ចរិត​បែប​នេះ​ដែរ។ គ្មាន​អ្នក​ណា​ចូលចិត្ត​គេ​ហាម​នេះ​ហាម​នេះ​ច្រើន​ពេក​នោះ​ទេ អ្នក​ក៏​ដូច​គ្នា​គួរ​តែ​ចេះ​យល់​ពី​គ្នា ហើយ​អ្វី​ដែល​សំខាន់​កុំ​ឲ្យ​តែ​រឿង​ដែល​គេ​ធ្វើ​អាក្រក់​ទៅ​បាន​ហើយ។

រូបតំណាង

ដោយសារ​តែ​ហេតុផល​ទាំង​អស់​នេះ​ហើយ​បាន​ជា​នាំ​ឲ្យ​ម្នាក់ៗ​មិន​សប្បាយ​ចិត្ត ហើយ​បង្ក​ទៅ​ជា​រឿង​ឈ្លោះ រហូត​អស់​ចិត្ត​ហើយ​ដើរចេញ៕

ចុចអាន៖ទោះ​ស្រឡាញ់​ប៉ុណ្ណា​ក៏​ដោយ​ឲ្យ​តែ​ប្រើ​ចរិត ៦នេះ​ដឹង​តែ​ធ្វើ​ឲ្យ​គេធុញ​ហើយ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម