ជះជាង១០០០ដុល្លារទៅសាក់ចិញ្ចើម លទ្ធផលខូចខ្ទេច ហើយត្រូវម្ចាស់ហាងប្ដឹងទារ១៥ម៉ឺនដុល្លារទៀត
- 2020-08-10 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជះជាង១០០០ដុល្លារទៅសាក់ចិញ្ចើម លទ្ធផលខូចខ្ទេច ហើយត្រូវម្ចាស់ហាងប្ដឹងទារ១៥ម៉ឺនដុល្លារទៀត
ក្រោយពេលទទួលបានលទ្ធផលមិនដូចបំណងរបស់ខ្លួន នារីមកពីប្រទេសអូស្ត្រាលីរូបនេះ បានបង្ហោះសាររិះគន់គ្លីនិកដែលសាក់ចិញ្ចើមឲ្យខ្លួន ដែលធ្វើឲ្យហាងនេះ បាត់បង់អតិថិជន ក៏ប្ដឹងបកមកនាងវិញ។
មុននេះបន្តិច នារីម្នាក់មកពី Melbourne ប្រទេសអូស្ត្រាលីបានចែករំលែកបទពិសោធន៍ទៅសាក់ចិញ្ចើមរបស់ខ្លួន នៅពេលនាងចូលសម្ភាសន៍ក្នុងកម្មវិធី The Doctors។
តាមនោះដែរ អ្នកម្ដាយកូន១ អាយុ៤៣ឆ្នាំរូបនេះ កាលពីឆ្នាំ ២០១៨ បានទៅសាក់ចិញ្ចើមនៅគ្លីនិកមួយ តែក្រោយពេលធ្វើរួច នាងមានអារម្មណ៍ថាឈឺចាប់ជាខ្លាំង ដោយនៅតំបន់ចិញ្ចើមនេះចាប់ផ្ដើមឡើងកន្ទួលក្រហម និងរបកជាផ្ទាំងៗ។ អ្នកម្ដាយរូបនេះ ព័ណ៌នាថា ហាក់ដូចមានអ្វីកំពុងស៊ីនៅចំណុចដែលនាងសាក់អ៊ីចឹង។ ដោយសម្រាប់ការសាក់នេះ គឺនាងបានចំណាយដល់ទៅ ១១០០ដុល្លារឯណោះ។
ក្រោយពេលនាងបានបង្ហោះពីលទ្ធផលរបស់ខ្លួន នៅលើបណ្ដាញសង្គម អតិថិជនរបស់ Skincare Laser Clinic (កន្លែងដែលនាងធ្វើបានបាត់បង់ភ្ញៀវជាច្រើន) ព្រោះគេខ្លាចទទួលបានលទ្ធផលដូចគ្នា។
ក្រោយពេលឃើញដូចនេះ ជាងសាក់ចិញ្ចើម ឈ្មោះ Batulzii Cleveland និងហាងរបស់លោក បានដាក់ពាក្យបណ្ដឹងទៅតុលាខណ្ឌ និងទារឲ្យអ្នកម្ដាយខាងលើសងថ្លៃខូចខាតចំនួន ១៥ម៉ឺនដុល្លារ។ ដោយពួកគេបានលើកឡើងថា ពួកគេបានបាត់បង់យ៉ាងតិចភ្ញៀវ ១១ នាក់។ ភ្លាមៗនោះ ហាងខាងលើត្រូវគេរិះគន់ជាខ្លាំង ត្បិតធ្វើឲ្យគេមិនស្អាតហើយ នៅមិនទទួលខុសត្រូវទៀត។ នៅពេលអ្នកកាសែតទៅដល់ហាងផ្ទាល់ ម្ចាស់ហាងបានលើកឡើងថា ក្រោយពេលចេញពីហាង អតិថិជនខាងលើបានពេញចិត្តនឹងលទ្ធផលខ្លាំងណាស់។
ផ្ទុយមកវិញ Amanda បានប្រាប់ថា នាងមិនបានពេញចិត្តឡើយ ដោយក្រៅពីរាងចិញ្ចើមមិនស្អាត គឺនាងឈឺចុកចាប់ជាខ្លាំង។ ក្រោយមួយរយៈ រឿងរ៉ាវខាងលើក៏ស្ងប់ស្ងាត់ទៅ ដោយខាងហាងមិនបានទទួលសំណងដូចដែលខ្លួនចង់បាននោះឡើយ ដោយមានតែបាត់ភ្ញៀវបន្ថែមប៉ុណ្ណោះ៕