សំបុត្រដ៏មានន័យពីអ្នកម្តាយ ចង់ផ្តែផ្តាំកូនស្រីឲ្យបានយល់ដឹងនិងរៀនសូត្រពីជីវិតកាន់តែច្បាស់

  • 2020-05-08 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជូន​ចំពោះ​កូនស្រី​ជា​ទី​ស្រលាញ់

មិន​ថា​​កូន​មាន​អាយុ​​ច្រើន​ប៉ុណ្ណា មិន​ថា​កូន​​បាន​ផ្លុំ​ទៀន​ក្នុង​ថ្ងៃ​ខួប​កំណើត​អស់​ប៉ុន្មាន​ដើម មិន​ថា​​កូន​នៅ​ឆ្ងាយ​ពី​ម៉ាក់​​​រាប់​ពាន់​រាប់​ម៉ឺន​យោជន៍ មិន​ថា​កូន​ធ្លាប់​ខឹង​អន់​នឹង​ម៉ាក់​រាប់​សិប​ដង​ក៏​ដោយ​ចុះ ម៉ាក់​គ្រាន់​តែ​ចង់​ប្រាប់​ថា កូន​​នៅ​តែ​ជា​មនុស្ស​ស្រី​ដ៏​រឹងមាំ ប្រកប​ដោយ​ធម៌ ជា​គំរូ​​ដ៏​ល្អ​សម្រាប់​អ្នក​ដទៃ និង​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ម៉ាក់​ជានិច្ច។

​កូន​ដឹង​អត់​ថា រាល់​ពេល​ដែល​ម៉ាក់​សម្លឹង​មើល​កូន​ៗ​ម្តងៗ អារម្មណ៍​ម៉ាក់​ពោរពេញ​ដោយ​ភាព​ស្រស់​ស្រាយ​និង​មាន​មោទនភាព​ខ្លាំង​ណាស់​។ ម៉ាក់​ពិត​ជា​រំភើប​ដែល​បាន​ចិញ្ចឹម​បីបាច់​កូន​តាំង​ពី​តូច​មិន​ទាន់​ដឹង​ក្តី រហូត​ដល់​កូន​ធំ​ពេញ​វ័យ​ក្លាយ​ជា​មនុស្ស​ស្រី​ម្នាក់​​ដែល​មាន​​ក្តី​ស្រមៃ​ធំ​សម្រាប់​ខ្លួន​ឯង។ ម៉ាក់​ដឹង​ថា​កូន​​ឆ្លាត​កូន​រឹងប៉ឹង ហើយ​​ម៉ាក់​ក៏​​ដឹង​ទៀត​ថា​ ថ្ងៃ​ណា​មួយ​កូន​​​​នឹង​ស្គាល់​ភាព​ទន់​ខ្សោយ ខ្វះ​កម្លាំង​ចិត្ត ប៉ុន្តែ​មិន​អី​ទេ​នរណា​ក៏​ជួប​ប្រទះ​រឿង​បែប​នេះ​ដែរ។

ម៉ាក់​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ពេល​ដែល​ឃើញ​កូន​កើតទុក្ខ តែ​​ពេលខ្លះ​​កូន​អាច​ឆ្លង​​កាត់​ក្តី​ឈឺចាប់​មួយ​រយៈ​ ព្រោះ​វា​ជា​អ្វី​ដែល​ម៉ាក់​ចង់​ឲ្យ​កូន​បាន​យល់​បាន​ស្គាល់​។ ជីវិត​ត្រូវ​បែប​នេះ​ហើយ​កូន គ្មាន​នរណា​ម្នាក់​អាច​សប្បាយ​រីករាយ​ជា​រៀង​រហូត​នោះ​ទេ​។ ទោះ​បី​ជា​ម៉ាក់​ព្យាយាម​អស់​ពី​លទ្ធភាព ក៏​មិន​អាច​ស្រាយ​​​កូន​ចេញ​ពី​បញ្ហា​​ទាំង​អស់​​បាន​ដែរ លុះ​ត្រា​ណា​តែ​កូន​មាន​ជំហរ​​​ហ៊ាន​ប្រឈម និង​ចេះ​រក​​ដំណោះ​ស្រាយ​​ដោយ​ខ្លួន​ឯង។

បើ​ថ្ងៃ​ណា​មួយ​កូន​មាន​អារម្មណ៍​​ថា​ពិភពលោក​នេះ ដូច​ជា​ដាក់​សម្ពាធ​ធ្ងន់ ទាញ​កូន​ឲ្យ​ធ្លាក់​ចុះ កូន​ត្រូវ​តែ​រំលឹក​​មេរៀន​ល្អ​ៗ​ដែល​ម៉ាក់​​បាន​​និយាយ​ផ្តែផ្តាំ​កូន​ជា​រឿយៗ ព្រោះ​ម៉ាក់​ចង់​ឲ្យ​កូន​ចង់​ចាំ​វា​ពេញ​មួយ​ជីវិត​។

​"​​​​​​​​​កូន​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង ហើយ​កុំ​គិត​ថា​នេះ​​គឺ​ជា​​ភាព​អាត្មានិយម ព្រោះ​បើ​កូន​មិន​ឲ្យ​​តម្លៃ មិន​មើល​ថែរក្សា​ខ្លួន​ឯង​ផង​ ធ្វើ​ម្តេច​អាច​ទទួល​បាន​ក្តី​ស្រលាញ់​ពី​អ្នកដទៃ​នោះ​?”​​​​​​​

"ពេល​រាប់អាន​មនុស្ស កូន​ត្រូវ​ចេះ​សង្កេត​រក​មើល​នរណា​ដែល​អាច​ជួយ​ផ្តល់​កម្លាំង​ចិត្ត ធ្វើ​ឲ្យ​កូន​រីកចម្រើន​លូតលាស់ ចូល​រួម​ត្រេកអរ​នឹង​ភាព​ជោគជ័យ​របស់​កូន។​” "មុន​ជ្រើសរើស​​បុរស​ណា​ម្នាក់​មក​ដាក់​ក្នុង​បេះដូង​ កូន​ត្រូវ​សង្កេត​មើល​ថា​តើ​គេ​​​ស័ក្តិសម​​នឹង​ទំហំ​នៃ​ក្តី​ស្រលាញ់​ដែល​កូន​បាន​ប្រគល់​ឲ្យ​ហើយ​ឬ​នៅ? បើ​គេ​មិន​ព្យាយាម​ថែរក្សា​ស្នេហា​សម្រាប់​កូន​ទេ កុំ​ខំ​តែ​ម្នាក់​​ឯង ព្រោះ​ហត់​ខ្លាំង​ណាស់។”

"ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង កូន​​មិន​ត្រូវ​ភ្លេច​ពី​ខ្លួន​ឯង​នោះ​ទេ។ យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព ញ៉ាំ​អាហារ​ល្អ​ៗ​ឲ្យ​ទៀង​ពេល ហាត់​ប្រាណ រៀន​អ្វី​ថ្មីៗ មិន​បណ្តោយ​​​ឲ្យ​រាងកាយ​ចុះខ្សោយ​ដាច់​ខាត​។"

​"រឿង​អាក្រក់​អាច​​នឹង​កើត​មុន​រឿង​ល្អ ដូច្នេះ​កូន​កុំ​ទាន់​អាល​អស់​សង្ឃឹម​អី អ្វី​ៗ​​នឹង​ប្រសើរ​ឡើង​ បើ​កូន​ចេះ​អំណត់​តស៊ូ​ដើរ​ទៅ​មុខ​។"

ម៉ាក់​មិន​អាច​នៅ​ជាមួយ​កូន​បាន​ជា​រៀង​រហូត​ទេ ប៉ុន្តែ​កូន​ធំ​ហើយ ម៉ាក់​ជឿជាក់​ថា​កូន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​​ការពារ​ខ្លួន​ឯង និង​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​បាន​ដោយ​​ពុំ​ចាំ​បាច់​ពឹង​​លើ​ម៉ាក់​គ្រប់​ពេល​។ ម៉ាក់​គ្រាន់​តែ​ចង់​ឲ្យ​កូន​ដឹង​ថា ក្តី​ស្រលាញ់​ម៉ាក់​ចំពោះ​កូន គឺ​គ្មាន​ថ្ងៃ​ប្រែប្រួល​ឡើយ​៕​​

ចុចអានបន្ត៖ អ្នកម៉ាក់នឹងសប្បាយចិត្ត បើកូនៗធ្វើរឿងទាំងនេះក្នុងឱកាសទិវាម្តាយ

ប្រភព៖ relrules ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម