ភាព​ខុសគ្នា​រវាង​នារី​រឹងប៉ឹង​និង​នារី​ទន់ជ្រាយ​បន្ទាប់​ពី​បែក​បាក់​ស្នេហា

  • 2020-04-07 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បែក​បាក់​ស្នេហា​នរណា​ក៏​ធ្លាប់​ជួប​ប្រទះ​​ដែរ គ្រាន់​តែ​មនុស្ស​ម្នាក់ៗ​មាន​វិធី​និង​ដំណោះ​ស្រាយ​ខុសៗ​គ្នា​តែ​ប៉ុណ្ណោះ​​ អាស្រ័យ​​ទៅ​លើ​ភាព​រឹងមាំ និង​ការ​​ជ្រើស​​​​រើស​ផ្លូវ​ដើរ​​ដោយ​​​ជំហរ​​ខ្លួន​ឯង។ ហេតុ​​ដូច្នេះ ​ថ្ងៃ​នេះ​កញ្ញា​​នឹង​​លើក​បង្ហាញ​​ពី​ភាព​ខុសគ្នា​រវាង​នារី​រឹងប៉ឹង​និង​នារី​ទន់ជ្រាយ​បន្ទាប់​ពី​បែក​បាក់​ស្នេហា។

១#​​​​

នារី​រឹងប៉ឹង៖ ហ៊ាន​ទទួល​ស្គាល់​ការពិត

មិន​ថា​​ពិបាក​ទទួល​យក​ប៉ុនណា​ក៏​ដោយ នាង​​ដឹង​ថា​ការ​ពិត​មិន​​អាច​ប្រកែក​នោះ​​ឡើយ។ នាង​ព្យាយាម​​​កាត់​ចិត្ត​បំភ្លេច ហើយ​បោះ​ជំហាន​ទៅ​មុខ​​សន្សឹមៗ រហូត​បាន​សម្រេច។

នារី​ទន់​ជ្រាយ៖ ​លិច​លង់​ជាមួយ​ទឹក​ភ្នែក​ងើប​លែង​​រួច

បន្ទាប់​​ពី​បែក​គ្នា អ្នក​អាច​​​យំ​​ឲ្យ​បាន​ធូរ​ទ្រូង​ ប៉ុន្តែ​កុំ​ធ្វើ​ដូច​​ជា​នារី​ទន់​ខ្សោយ ដែល​យំ​​ខ្សោះ​​អស់​ពី​ខ្លួន​ឥត​ស្រាក​ស្រាន្ត​ ងើប​ដើរ​ទៅ​មុខ​លែង​រួច ហើយ​ពេល​ខ្លះ​អាច​យក​​គ្រឿង​ស្រវឹង​មក​ដោះ​ស្រាយបញ្ហា​​ថែម​ទៀត​ផង។​​​​

២#​

នារី​រឹងប៉ឹង៖ ចាត់​ទុក​ជា​បទពិសោធន៍​​ដ៏​ល្អ​ក្នុង​ជីវិត

នាង​​តែង​គិត​វិជ្ជមាន ហើយ​មាន​ភាព​​ជឿជាក់​ថា​ អ្វី​ក៏​ដោយ​គឺ​​កើត​ឡើង​ដោយ​ហេតុផល ហើយ​​​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​​នោះ​ទេ។ វា​​ជា​មេរៀន​សម្រាប់​ទុក​ជា​បទ​ពិសោធន៍​ដ៏​​​ល្អ​មួយ​ ដែល​​អាច​នាំ​ឲ្យ​នាង​ជួប​​មនុស្ស​គ្រាន់​បើ​​ជាង​នេះ ទៅ​ថ្ងៃ​អនាគត។​

នារី​ទន់​ជ្រាយ៖ មិន​​សុខ​ចិត្ត​​ហើយ​ព្យាយាម​ចង់​​អូស​ទាញ​គេ​មក​វិញ

មនុស្ស​ដែល​អស់​ចិត្ត​ហើយ​ទោះ​បី​ព្យាយាម​យ៉ាង​ណា ក៏​មិន​បាន​ផល​ដែរ​។ កុំ​បន្ទាប​តម្លៃ​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​តែ​ចង់​ឲ្យ​គេ​ត្រលប់​មក​វិញ ព្រោះ​​​​​មនុស្ស​ពេល​ណា​​​ដែល​អស់​ចិត្ត​​ហើយ ក្តី​ស្រលាញ​ក៏​មិន​អាច​វិល​មក​ដូច​​ដើម​បាន​​ទៀត​​ទេ។

៣#​

នារី​រឹងប៉ឹង៖ ចេះ​បើក​ផ្លូវ​ឲ្យ​ខ្លួន​ឯង

បើ​​នាង​បែក​បាក់​ស្នេហា​ដោយ​មាន​ជន​ទី​៣​ចូល​ជ្រៀតជ្រែក​បាន​សម្រេច​ នាងនឹង​​​​​​មិន​ទុក​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ជន​រង​គ្រោះ​រហូត​ដែរ។ នាង​​ស្វះ​ស្វែង​ព្យាបាល​របួស​បណ្តើរ​ ហើយ​សម្លឹង​មើល​​បុរស​ណា​​ដែល​ស័ក្តិសម​ជាមួយ​នឹង​​​​ភាព​ស្មោះ​ត្រង់​និង​ការ​លះ​បង់​ដែល​នាង​មាន​។​​​​​

នារី​ទន់​ជ្រាយ៖ ឃុំ​ខ្លួន​​ឯង​នៅ​​កន្លែង​ងងឹត

នាង​​យល់​ច្រឡំ​​ដោយ​គិត​​ឃើញ​​ថា​​លើ​លោក​នេះ​មាន​តែ​បុរស​ម្នាក់​ហ្នឹង​​​គត់ ដែល​នាង​ត្រូវ​ការ​បំផុត។ ​គិត​​ដូច្នោះ​គឺ​ជា​ការ​បិទ​ផ្លូវ​ខ្លួន​ឯង​​ជិត​ឈឹង ​គ្មាន​ឱកាស​នឹង​បាន​ជួប​មនុស្ស​ថ្មី​ដែល​​ល្អ ហើយ​នាង​​ក៏​​​គ្មាន​​ថ្ងៃ​អាច​មើល​ឃើញ​​ពិភព​លោក​ឲ្យ​បាន​ស្រស់​ថ្លា​ជាង​នេះ​ដែរ។

៤#​

នារី​រឹងប៉ឹង៖ រក​មិត្ត​ភ័ក្តិ​​ជិតស្និទ្ធបំផុត​ហើយ​និយាយពី​ទុក្ខ​​នៅ​ក្នុង​ចិត្ត

​ទោះ​បី​​ជា​នាង​រឹងប៉ឹង​ប៉ុនណា​ក៏​នាង​មិន​​​ខ្លាច​​ ក្នុង​ការ​ចែក​រំលែក​បញ្ហា​ដែល​​នាង​មាន​ ទៅ​កាន់​​​មិត្ត​​​​ជិត​ស្និត​ហើយ​ទុក​ចិត្ត​​​ជាងគេ​ឲ្យ​បាន​​ដឹង និង​ជួយ​ជា​យោបល់​លើក​ទឹក​​ចិត្ត​ល្អៗ។

នារី​ទន់​ជ្រាយ៖ ចូល​ចិត្ត​បង្ហោះ​ក្នុង​បណ្តាញ​សង្គម

ឈឺ​ចាប់​យ៉ាង​ណា​ ក៏​មិន​ត្រូវ​បង្ហាញ​ពី​ភាព​​​ទន់​ជ្រាយ​ជា​សាធារណៈ ខំ​​បង្ហោះ​ដ្រាម៉ា​ ចូល​តួ​កំសត់​ដើម្បី​ទាម​ទារ​ចំណាប់​អារម្មណ៍ពី​សង្សារ​ចាស់​នោះ​ដែរ។

៥#​

នារី​រឹងប៉ឹង៖ នៅ​តែ​ប្រកាន់​​លើ​ជំហរ​​​ខ្លួន​​ឯង

​ពេល​ជួប​​មនុស្ស​ប្រុស​ក្បត់ នាង​មិន​បន្ទោស​​ខ្លួន​ឯង ឬ​គិត​ថា​ខ្លួន​​​នៅ​មាន​ចំណុច​​ខ្វះ​ខាត ហើយ​ប្រឹង​​ធ្វើ​តម្រូវ​ចិត្ត​គេ​ឡើយ​។ បើ​ច្បាស់​ថា​គេ​​ម្នាក់​នោះ​មិន​អាច​​កាន់​ដៃ​គ្នា​បន្ត​បាន​ទេ នាង​​ក៏​មិន​ចាំ​បាច់​​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ដើម្បី​គេ​​ដែរ។

នារី​ទន់​ជ្រាយ៖ ​ខំ​ប្រៀប​ធៀប​ខ្លួន​ទៅ​​អ្នក​ដទៃ

នារី​ដែល​ទន់​​ជ្រាយ​ ចាប់​ផ្តើម​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ហើយ​ខំ​ប្រៀប​ធៀប​ខ្លួន​​ឯង​ទៅ​​អ្នក​ដទៃ​ ​ជាពិសេស​មនុស្ស​ស្រី ដែល​សង្សារ​ចាស់​លង់​​ស្រលាញ់។ យ៉ាង​ណា​​មិញ​អ្វី​ដែល​អ្នក​គួរ​​ធ្វើ​នោះ​គឺ រីករាយ​​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ជា​របស់​អ្នក ​បើ​គេ​អស់​ចិត្ត​ហើយ​បណ្តោយ​ឲ្យ​គេ​ទៅ​ចុះ កុំ​នៅ​តោង​ទាម​នាំ​ទុក្ខ​ដាក់ខ្លួន​អី។

ជា​ចុង​ក្រោយ​សង្ឃឹម​ថា​មិត្តៗ​នារី​ទាំង​អស់​​គ្នា អាច​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​រឹង​ប៉ឹង​បន្ទាប់​ពី​​បែក​បាក់​ស្នេហា ទោះ​បី​លំបាក​ក៏​ដោយ ត្រូវ​​​តស៊ូ​ធ្វើ​​ឲ្យ​បាន​៕​​​

ចុចអានបន្ត៖

ប្រភព៖ inspiringtips ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម