ស្នេហាងាយបែកបាក់ ដាច់គ្នាផុយៗ បើប្តីប្រពន្ធចាប់ផ្តើមមានចំណុចទាំងនេះ

  • 2020-04-04 15:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

នៅ​ពេល​ដែល​ប្ដី ប្រពន្ធ បាន​សម្រេច​ចិត្ត​ដឹកដៃ​គ្នា​កសាង​គ្រួសារ​មួយ ​ប្រាកដ​ណាស់​អ្នក​បាន​ចំណាយ​ពេល​វេលា​តិច ឬ​ច្រើន​ទៅ​តាម​គូស្នេហ៍​នីមួយ​ៗ។ មិន​ថា​អ្នក​បាន​ស្រឡាញ់​គ្នា​ខ្លាំង ឬ​ល្មម​ៗ​នោះ​ទេ អ្នក​តែង​មាន​ក្ដី​ប្រាថ្នា​ចំពោះ​ចំណង​ស្នេហ៍​មួយ​ដែល​ល្អ​ប្រសើរ និង​មាន​សុភមង្គល ហើយ​ខ្លាច​បំផុត គឺ​ការ​បែក​បាក់។ តែ​ជា​លទ្ធផល គឺ​វា​​មិន​អាច​ចេះ​តែ​ទទួល​បាន​ផល​ដូចគ្នា​នោះ​ទេ គឺ​វា​អាស្រ័យ​លើ​ទង្វើ​ផ្ទាល់​របស់​អ្នក។

ចំពោះ​ចំណង​ស្នេហ៍​ច្រើន​តែ​បែកបាក់​អាច​ងាយ​បែកបាក់ ឬ​ដាច់​ដោច​ផុយៗ ប្រសិន​បើ​គូស្នេហ៍​របស់​អ្នក​លេច​ចេញ​នូវ​ទង្វើ​ទាំង ៣​ដូច​ខាង​ក្រោម៖

រូបតំណាង

១. មិន​ចេះ​ផ្ដល់​តម្លៃ និង​លែង​គោរព​គ្នា

ចំណុច​នេះ​វា​ពិត​ជា​ស្មុគស្មាញ​ច្រើន​ ហើយ​អាច​កើតឡើង​ខុស​ៗ​គ្នា​ ទៅ​តាម​គូស្នេហ៍​នីមួយ​ៗ! អ្នក​អាច​ងាយ​បែក​គ្នា បើ​អ្នក​ចូលចិត្ត​ការ​រក្សា​នូវ​គំនិត​អវិជ្ជមាន និង​មិន​ចេះ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា។ គូស្នេហ៍​ខ្លះ​អាច​បែក​គំនិត ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ ឬ​មិន​ចេះ​យោគយល់​គ្នា។ ឧទាហរណ៍៖ បើ​ប្ដី​ខ្លះ ជា​អ្នក​ធ្វើ​ការងារ និង​ជា​អ្នក​ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ ចំណែក​ប្រពន្ធ​ជា​មេផ្ទះ គ្មាន​ចំណូល​សោះ។

ជួនកាល​ប្ដី​ហត់នឿយ​នឹង​ការងារ​ខ្លាំង អាច​ខឹង​មួម៉ៅ រហូត​លែង​មាន​ពេល​វេលា​ជាមួយ​គ្រួសារ។ អ្នក​អាច​ឈាន​ទៅ​ស្ដី​ថា​ឲ្យ​ប្រពន្ធ ថា​ចាំ​តែ​គេ​ចិញ្ចឹម មិន​ចេះ​ធ្វើ​ការ​រក​លុយ​ដូច​ប្រពន្ធ​គេ ឬ​ថា​ឲ្យ​នាង​នៅ​តែ​ទំនេរ​ដេក​ផ្ទះ ខណៈ​អ្នក​មិន​ដែល​ដឹង​ថា នាង​ក៏​ហត់នឿយ​ គ្មាន​ពេល​សម្រាក​ វក់វី​នឹង​ចង្ក្រាន​ជើង​ឆ្នាំង​ពេញ​មួយ​ថ្ងៃ​ៗ។

បើ​អ្នក​មាន​គំនិត​បែបនេះ គឺ​អ្នក​ខុស​ធ្ងន់​ហើយ! ព្រោះ​ថា​សូម្បី​តែ​ច្បាប់​ក៏​គេ​ឲ្យ​តម្លៃ​ការងារ​ផ្ទះ​ ថា​មាន​តម្លៃ​ស្នើ​នឹង​ការងារ​ក្រៅ​ដែរ។ ការ​អត់ធ្មត់​របស់​មនុស្ស​ស្រី តែង​មាន​កំណត់ បើ​អ្នក​ហ៊ាន និយាយ​បែប​នេះ ទាំង​ទទឹង​ទិស​ អ្នក​នឹង​ប្រឈម​ការ​បាត់បង់​ប្រពន្ធ​ល្អ​ម្នាក់​ជា​មិនខាន។

២. អស់​អារម្មណ៍​រៀង​ខ្លួន

គូស្នេហ៍​ដែល​មាន​ប្រវត្តិ​ប្រេះឆា ច្រើន​តែ​លែង​មាន​ការ​ស្រឡាញ់​គ្នា​ដូច​គ្រា​ដើម។ ដំបូង​ៗ​ គ្រប់​អ្វី​ៗ​ក៏​ពណ៌​ស៊ីជម្ពូ តែ​ក្រោយ​មក​គឺ​ថា​ប្រែ​ជា ពណ៌​ស្វាយ ជាំ​ខ្មៅ។ ពេល​ខ្លះ​អាច​មក​ពី​អ្នក​ផ្ដល់​តម្លៃ​លើ​សម្រស់​ខាង​ក្រៅ​ខ្លាំង​ពេក ដែល​វា​ងាយ​បាត់បង់​ទៅ​តាម​ពេលវេលា។ ភាគ​ច្រើន​មនុស្ស​ស្រី​តែង​ងាយ​ប្រឈម​ក្រោយ​ពេល​នាង​មាន​កូន ឬ​រវល់​ខ្លាំង​នឹង​ការងារ​ក្នុង និង​ក្រៅ​ផ្ទះ ដែល​អាច​ឲ្យ​នាង​អាច​ងាយ​ធាត់ និង​បាត់បង់​រូប​សម្ផស្ស​១​ភាគ​ធំ។

៣. គ្មាន​ទិសដៅ​រួមគ្នា

វា​ជា​ចំណុច​ធំ​មួយ ដែល​វា​អាច​បង្ហាញ​ពី​អនាគត​នៃ​ចំណង​ស្នេហ៍​របស់​អ្នក​ ថា​អាច​បន្ត ឬ​ព្រាត់ប្រាស​គ្នា។ វា​ច្រើន​តែ​លេច​ចេញ នៅ​ពេល​ដែល​អ្នក​ទាំងពីរ​ត្រូវ​សម្រេច​ចិត្ត​លើ​រឿង​អ្វី​មួយ​រួមគ្នា​ មិន​ថា​រឿ​តូច ឬ​ធំ។ អ្នក​ទាំងពីរ តែងតែ​មិន​អាច​សម្រេច​វា​បាន ព្រោះ​ម្នាក់​ចង់​ទៅ​ឆ្វេង ហើយ​ម្នាក់​ទៀត​បែរ​ជា​ទៅ​ស្ដាំ។

ឧទាហរណ៍៖ ប្រពន្ធ​ចង់​ទិញ​ផ្ទះ ប៉ុន្តែ​ប្ដី​បែរ​ជា​ចង់​ទុក​លុយ​ទិញ​ឡាន​ថ្មី ដូរ​ស៊េរី​ឲ្យ​ទាន់​សម័យ​ ខណៈ​ខ្លួន​ស្នាក់​ផ្ទះ​ជួល​គេ​នៅ​ឡើយ។ ពេលខ្លះ​ដោយសារ​ហេតុផល​ខាង​លើ​ៗ​គួបផ្សំផង អ្នក​សឹង​តែ​លែង​អាច​ជា​ដៃគូ​ជជែក​គ្នា​ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​រួមគ្នា ឬ​ការ​ធ្វើ​ផែនការ​រួម​សម្រាប់​គ្រួសារ។ បន្ទាប់​មក​ពួក​គេ​ក៏​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ ដោយ​សន្តិវិធី ឬ​ខ្លះ​ឈាន​ទៅ​ជា​មាន​ភាព​ល្អក់​កករ​ សូម្បី​តែ​ស្រមោល​គ្នា​ក៏​មិន​ចង់​ឃើញ​ក៏មាន។

ទាំងអស់​នេះ​គ្រាន់​តែ​ជា​ចំណុច​ខ្លះ ​ក្នុង​ចំណោម បទ​ពិសោធន៍​នៃ​គូស្នេហ៍​ប្រេះ​ឆា​ ដែល​បាន​ចែក​រំលែក​មក​កាន់​ក្រុម​ការងារ កញ្ញា ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត មុន​ពួកគេឈាន​ដល់​ផ្លូវ​ស្នេហ៍​បែកបាក់។ ប្រសិន​បើ​បើ​ប្រិយមិត្ត​មាន​មតិយោបល់ ឬ​បទពិសោធន៍​ផ្សេង​ទៀត សូម​ចែករំលែក​មក​កាន់​ក្រុម​ការងារ​យើង។

អត្ថបទ៖ ពៅ រក្សា