អាហារ ៤ ប្រភេទ នារីមិនគួរបរិភោគ ដើម្បីចៀសវាងបញ្ហាមុខមុន

  • 2020-03-10 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ស្បែក​មុខ​គឺ​ជា​រឿង​គួរ​ឱ្យ​រំខាន​ខ្លាំង​ណាស់ ជាពិសេស​បញ្ហា​មុខ​មុន​ដែល​ឧស្សាហ៍​កើត​មាន​ឡើង​​។ បញ្ហា​មុខ​មុន​នេះ​អាច​​ធ្វើ​ឱ្យ​បុគ្គល​គ្រប់​រូប​បាត់​បង់​នូវ​ទំនុក​ចិត្ត​របស់​ខ្លួន​ ជាពិសេស​​សម្រាប់​នារី។ ពេល​ខ្លះ​បញ្ហា​នេះ​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​នូវ​ផលិតផល​ដែល​មិន​ត្រូវ​នឹង​ស្បែក​មុខ ឬ ​​វា​អាច​​បណ្តាល​មក​ពី​​អាហារ​ដែល​អ្នក​បរិភោគ។ ដូចនេះ របប​អាហារ​មាន​សារៈ​សំខាន់​ណាស់ មិន​ថា​សម្រាប់​សុខភាព​រាង​កាយ ឬ ស្បែក។ ដើម្បី​ជៀស​វាង​នូវ​បញ្ហា​មុខ​មុន​ អ្នក​គួរ​រំលង​ប្រភេទ​អាហារ​ទាំង​ ៤ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ៖

១. បង្អែម​

រូបតំណាង

ពិត​ណាស់ នរណា​ក៏​ចូល​ចិត្ត​បង្អែម​ដែរ​ព្រោះ​ថា​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ជាប់​មាត់​នោះ​វា​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​រីក​រាយ​ក្រោយ​ពេល​ញុំា​ដែរ។ យ៉ាង​ណា​មិញ​ របស់​ដែល​មាន​រសជាតិ​ឆ្ងាញ់​នេះ​ក៏​មាន​គុណ​វិបត្តិ​របស់​វា​ដែរ។ ពេល​ជាតិ​ស្ករ​នៅ​ក្នុង​បង្អែម​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន វា​នឹង​បម្លែង​ខ្លួន​ទៅ​ជា​អាស៊ីត​រហូត​ដល់​មាន​ការ​ពក​ឡើង​នៃ​ផ្នែក​មួយ​ចំនួន​នៃ​ស្រទាប់​ស្បែក​ដែល​ហៅ​ថា​មុន​។ ដូច្នេះ បើ​អ្នក​មិន​ចង់​ជួប​ប្រទះ​នូវ​បញ្ហា​ស្បែក​មុខ​នេះ គួរ​រំលង​បង្អែម​ចោល​ខ្លះ​ទៅ។

២. ប្រភេទ​អាហារ​ចៀន​ ឬ បំពង

រូបតំណាង

ក្រៅ​ពី​បង្អែម អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ដែរ​នោះ​គឺ ប្រភេទ​អាហារ​បំពង។ ពិត​ថា​ប្រភេទ​អាហារ​ទាំង​នេះ​សុទ្ធ​តែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ក៏​ប៉ុន្តែ​មិន​ត្រឹម​តែ​មិន​ល្អ​សម្រាប់​សុខភាព​រាង​កាយ វា​ក៏​អាច​បង្ក​ជា​បញ្ហា​ស្បែក​មុខ​បាន​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។ ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​ហើយ ប្រភេទ​អាហារ​បំពង​នេះ​គឺ​​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ ឬ ប្រេង ដែល​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ធ្វើ​ឱ្យ​មាន​ការ​កកើត​នៃ​មុន​នៅ​លើ​ស្បែក​ ព្រម​ទាំង​ធ្វើ​ឱ្យ​អ្នក​ធាត់​ដោយ​មិន​ដឹង​ខ្លួន។

៣. ទឹក​ដោះ​គោ

រូបតំណាង

សម្រាប់​អ្នក​ចូល​ចិត្ត​ទទួល​ទាន​នូវ​ទឹក​ដោះ​គោ​ជា​ប្រចាំ​ គួរ​ណា​តែ​យល់​ដឹង​ពី​កម្រិត និង បរិមាណ​ដែល​អ្នក​គួរ​ផឹក ឬ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ស្បែក​មុខ​ស្រាប់ គួរ​តែ​ឈប់​ផឹក​វា​មួយ​រយៈ​សិន។ ទឹក​ដោះ​គោ​​មាន​ផ្ទុក​អរម៉ូន​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​លឿន​ជាង​មុន ហើយ​អាច​បង្កើត​ជា​ជាតិ​ខ្លាញ់​នៅ​លើ​ស្រទាប់​ស្បែក​ដែល​បង្ក​ជា​មុន​ផង​ដែរ។ ដូច្នេះ យក​ល្អ​អ្នក​គួរ​ទទួល​ទាន​ទឹក​ដោះ​គោ​ក្នុង​កម្រិត​សមស្រប​ ឬ ដូរ​ទៅ​ទទួលទាន​ទឹក​សណ្ដែក​វិញ​ក៏​ជា​ការ​ល្អ។

៤. ប្រភេទ​គ្រឿង​ស្រវឹង

រូបតំណាង

សម្រាប់​យុវវ័យ​ដែល​ចូល​ចិត្ត​ជប់​លៀង​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​កម្រិត​គ្រឿង​ស្រវឹង​ដែល​អ្នក​ទទួល​ទាន ព្រោះ​ជាតិ​សុរា​ធ្វើ​ឱ្យ​រាង​កាយ​របស់​ខ្វះ​​ជាតិ​ទឹក​រហូត​ដល់​ស្បែក​មុខ​ឡើង​ខ្លាញ់​ និង អាច​បង្ក​ជា​មុខ​មុន​ផង​ដែរ។ ដូច្នេះ បើ​អ្នក​មិន​ចង់​ឱ្យ​មាន​បញ្ហា​ស្បែក​មុខ​កើត​ឡើង​ទេ គួរ​តែ​កាត់​បន្ថយ ឬ ផ្តាច់​ចោល​ការ​ផឹក​គ្រឿង​ស្រវឹង​មួយ​រយៈ៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ ស្បែកមុខស្អាតយ៉ាងណា នឹងប្រែទៅជាឆាប់ជ្រួញមុនវ័យ បើមានកំហុសលាងមុខ ៥ យ៉ាងនេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ Siyou Tang