លាតត្រដាង ៨ ហេតុផល ដែលជំរុញឲ្យគូស្នេហ៍ក្បត់គ្នា
- 2020-03-04 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាតត្រដាង ៨ ហេតុផល ដែលជំរុញឲ្យគូស្នេហ៍ក្បត់គ្នា
បញ្ហាដែលបានកើតឡើងចំពោះគូស្នេហ៍គ្រប់រូប មិនអាចចេះតែប៉ាន់ស្មានវាយតម្លៃបានឡើយ។ រឿងរ៉ាវទាំងអស់សុទ្ធតែមានហេតុផលនៅពីក្រោយ គ្រាន់តែពេលខ្លះ អ្នកមិនបានចាប់អារម្មណ៍ប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាអំណះអំណាង ៨ យ៉ាង បង្ហាញដោយអ្នកជំនាញផ្នែកចិត្តសាស្រ្ត អំពីហេតុផលធំៗ ដែលនាំឲ្យគូស្នេហ៍ក្បត់គ្នា។
**១. ខ្វះភាពស្និទ្ធស្នាល**
នៅពេលដែលគូស្នេហ៍ខ្វះការសន្ទនាស៊ីជម្រៅ និងខ្វះការគាំទ្រលើកទឹកចិត្តពីដៃគូ ជាហេតុបណ្តាលឲ្យពួកគេក្បត់គ្នា។ អ្នកប្រឹក្សាផ្នែកអាពាហ៍ពិពាហ៍ លោក Gary Neumanបានសរសេរបញ្ជាក់នៅក្នុងសៀវភៅ The Truth about Cheating ថា "នៅពេលគ្មានភាពស្និទស្នាល និងការយល់ចិត្ត មនុស្សប្រុសដល់ទៅ ៤៧ % ដែលបានក្បត់ដៃគូ។ ក្នុងស្ថានភាពមួយនេះ ពិបាកនឹងរកដំណោះស្រាយបន្តិចហើយ ព្រោះដោយសារតែមនុស្សប្រុសមិនសូវចូលចិត្តបង្ហាញអារម្មណ៍ពិត ដូច្នេះបើនារីជាដៃគូ នៅតែព្រងើយឬមិនបានយកចិត្តទុកដាក់ជាមួយ ស្ថានការណ៍នឹងប្រែកាន់តែយ៉ាប់យ៉ឺន។
២. ឥទ្ធិពលពីបទពិសោធចាស់ និងសង្គមរស់នៅ
ប្រសិនបើមនុស្សម្នាក់មានប្រវត្តិធ្លាប់ក្បត់ដៃគូចាស់ពីមុនមក នោះភាគរយជាមួយនឹងដៃគូថ្មី ក៏ទៅណាមិនឆ្ងាយពីគ្នាប៉ុន្មានដែរ។ តាមរយៈការធ្វើពិសោធ បានបង្ហាញទៀតថា មនុស្សប្រុស ៧៥% ដែលធ្លាប់ក្បត់ដៃគូ សូម្បីតែមិត្តភ័ក្តិដែលរាប់អានគ្នា ក៏ទទួលរងឥទ្ធិពលអាក្រក់ ចេះក្បត់ដៃគូរបស់ខ្លួនឯងផងដែរ។
៣. ទំនាក់ទំនងមានតែភាពគួរឲ្យធុញ
កង្វះនៃចំណីអារម្មណ៍ថ្មីប្លែក ភាពរំជើបរំជួល ជាហេតុផលមួយដែលធ្វើឲ្យ ៧០% នៃបុរស និង ៤៩% នៃនារី សម្រេចចិត្តផិតក្បត់។ ទោះសំបកខាងក្រៅមើលទៅគ្មានរឿងអ្វីធំដុំក៏ដោយ តែភាពធុញទ្រាន់និងការអស់ចិត្ត បានកើតឡើងចំពោះពួកគេរួចបាត់ទៅហើយ។
៤. ឈានចូលដល់វ័យប្រឈមខ្ពស់នឹងការផិតក្បត់
មនុស្សម្នាក់ៗ មិនអាចនៅល្អជារៀងរហូតបានទេ គឺតែងឈានចូលដល់វ័យមួយ ដែលអារម្មណ៍ហាក់ប្រែប្រួលខុសពីធម្មតា។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា បញ្ហានេះភាគច្រើនកើតមាននៅអាយុ ២៩ ៣៩ ឬ ៤៩ និយាយរួមគឺមុនពេលចូលដល់ទសវត្សថ្មីនៃអាយុកាល។ យ៉ាងណាមិញ វាគ្រាន់តែជាអំណះអំណាងមួយដែលមានភាគរយច្រើនអានឹងកើតឡើង ប៉ុន្តែមិនអាចបញ្ជាក់ទាំងស្រុងថា មនុស្សប្រុសទាំងអស់សុទ្ធតែក្បត់ នៅពេលចូលដល់វ័យនេះនោះទេ។
៥. ចំណាយលើបណ្តាញសង្គមជ្រុលពេក
សម្រាប់គូស្នេហ៍ដែលចំណាយពេលនៅលើបណ្តាញសង្គមច្រើនខ្លាំងពេក ឱកាសនៃការក្បត់គ្នា នឹងកាន់តែកើនឡើង។ ដោយសារតែការងប់ងុលលើបណ្តាញសង្គមលើសកម្រិត បានជំរុញឲ្យអ្នកឃ្លាតឆ្ងាយ លែងខ្វល់ខ្វាយពីមនុស្សដែលកំពុងនៅជិតបង្កើយ។ យូរៗទៅគូស្នេហ៍នឹងអស់ចិត្តពីគ្នាដោយមិនដឹងខ្លួន។
៦. ការងារនិងការចេញទៅធ្វើជំនួញនៅទីឆ្ងាយ
១/៣ នៃមនុស្សប្រុសដែលក្បត់ប្រពន្ធ គឺក្នុងអំឡុងពេលចេញដំណើរទៅធ្វើជំនួញ។ ចំណែកឯឱកាសនៃការផិតក្បត់នៅកន្លែងធ្វើការ អាចកើតឡើងបន្ទាប់ពីបាន ៦-៧ ឆ្នាំក្រោយរៀបការរួច។
៧. កង្វះនៃអុកស៊ីតូស៊ីន (oxytocin)
អុកស៊ីតូស៊ីន ជាអ័រម៉ូនម្យ៉ាងដែលកើតឡើងនៅពេលគូស្នេហ៍ឱបនិងថើបគ្នា ហើយវាក៏មានតួនាទីសំខាន់ ក្នុងការថែរក្សាទំនាក់ទំនងផងដែរ។ ប្រសិនបើអ្នកខ្វះនូវអ័រម៉ូនមួយនេះ ការផិតក្បត់នឹងអាចកើតមានគ្រប់ពេលវេលា។
៨. មិនអាចហាមចិត្តបាន
មានមនុស្សមួយចំនួន មានដុងខាងក្បត់តែម្តង។ បើស្មោះត្រង់ហាក់ដូចជានៅមិនស្រណុកក្នុងខ្លួន។ មិនថាអាយុប៉ុនណា មានចំណេះដឹងខ្ពស់យ៉ាងណា ឬក្នុងហេតុផលបែបណានោះទេ គឺពួកគេមិនអាចហាមចិត្តខ្លួនឯង មិនឲ្យក្បត់ដៃគូបានឡើយ។
យ៉ាងណាក៏ដោយ ភាពផិតក្បត់បានធ្វើឲ្យចំណងស្នេហ៍របស់មនុស្សចំនួនបែកបាក់ប្រេះឆា រីឯគូស្នេហ៍មួយចំនួនទៀតវិញ គឺកាន់តែមានភាពរឹងមាំទ្វេដង៕
ចុះអ្នកវិញធ្លាប់ត្រូវបានដៃគូក្បត់ចិត្តដែរទេ? បើមានមែន តើរកដំណោះស្រាយបែបណា ហើយមានការអធ្យាស្រ័យដល់ដៃគូឬទេ?
ចុចអានបន្ត៖ ស្រីៗត្រូវចាំ! ស៊ូចំណាយពេលយូររង់ចាំជួបបុរសដែលខ្លួនពេញចិត្ត ប្រសើរជាងប្រញាប់ប្រញាល់ជ្រើសរើសខុសអស់មួយជីវិត