ទម្លាប់​ទាំង ៧ ​ដែល​នារី​គួរ​​ឈប់​ធ្វើ​បន្ត​ទៀត​​ បើ​ចង់​បាន​ជើង​​តូច​ស្អាត​ និង ម៉ដ្ឋ​រលោង

  • 2020-02-24 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​គ្រប់​រួប​សុទ្ធ​តែ​ប្រាថ្នា​ចង់​ឱ្យ​ស្បែក​ជើង​របស់​ខ្លួន​មើល​ទៅ​ម៉ដ្ឋ​រលោង​ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្លៀក​ពាក់​ និង ធ្វើ​ឱ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​ខ្លាំង​លើ​ខ្លួន​ឯង។ បើ​កាល​ណា​សាច់​ជើង​របស់​ពួក​គេ​មាន​សភាព​ស្រអាប់ ស្ងួត ឬ ប្រេះ​ស្បែក​ជាដើម វា​នឹង​ធ្វើ​ឱ្យ​នារី​បាត់​បង់​ជំនឿ​ចិត្ត​អស់​មួយ​ភាគ​ដែរ។ ដូច្នេះ​ហើយ ក្នុង​នាម​ជា​មនុស្ស​ស្រី​ អ្នក​គួរ​ដឹង​ពី​ទម្លាប់​ណា​ដែល​មិន​គួរ​ធ្វើ ​​ដើម្បី​​ចៀស​វាង​ពី​បញ្ហា​ទាំង​ឡាយ​ដែល​ធ្វើ​ឱ្យ​ជើង​មើល​ទៅ​គ្មាន​ភាព​ស្រស់​ស្អាត៖

១. បណ្តោយ​ឱ្យ​ជើង​ត្រជាក់​ជ្រុល​

រូបតំណាង​

សម្រាប់​អ្នក​ចូល​ចិត្ត​ការ​ស្លៀកពាក់​បែប​ទាន់​សម័យ​ ឬ និយម​ស្លៀក​ខ្លី គប្បី​យល់​ដឹង​ពី​ចំណុច​នេះ​ឱ្យ​បាន​ច្បាស់។ ការ​បណ្តោយ​ឱ្យ​ជើង​អ្នក​ទទួល​រង​ភាព​ត្រជាក់​ខ្លាំង​ក្នុង​រយៈ​ពេល​យូរ នឹង​ធ្វើ​ឱ្យ​ខ្លាញ់​នៅ​ជើង​​របស់​អ្នក​មាន​សភាព​​កក​កុញ និង ងាយ​ធ្វើ​ឱ្យ​ជើង​អ្នក​រីក​ធំ មិន​សូវ​ស្រឡូន​ស្អាត​នោះ​ឡើយ។ ដូចនេះ យក​ល្អ​អ្នក​មិន​គួរ​ស្លៀក​ខ្លី​នៅ​ទី​ត្រជាក់ ឬ គួរ​មាន​អាវ​ក្រៅ​ជាប់​ខ្លួន​ទុក​ដណ្តប់​រាល់​ពេល​ជើង​អ្នក​​ត្រជាក់។

២. អង្គុយ​យូរ​ពេក មិន​កម្រើក

រូបតំណាង​

វា​ជា​បញ្ហា​មួយ​ដែរ​របស់​នារីៗ ដែល​ភាគ​ច្រើន​ពួក​គេ​អង្គុយ​ជាប់​មួយ​កន្លែង​ក្នុង​រយៈ​ពេល​យូរ​ ហើយ គ្មាន​ចលនា​អ្វី​សោះ​នៅ​ជើង។ ការ​អង្គុយ​គ្មាន​ចលនា​បែប​នេះ​នឹង​ធ្វើ​ឱ្យ​គ្មាន​ចរន្ត​ឈាម​រត់​កាត់ និង​ អាច​បណ្តាល​ឱ្យ​មាន​ការ​​ស្ពឹក រោយ និង ងាយ​កកើត​​ជាតិ​ខ្លាញ់​នៅ​បរិវេណ​នោះ​ផង​ដែរ។

៣. ទម្លាប់អង្គុយ​គង​ជើង​

រូបតំណាង​

នារី​ភាគ​ច្រើន​ចូល​ចិត្ត​អង្គុយ​បែប​គង​ទាក់​ខ្លា តែ​ពួក​គេ​ប្រហែល​មិន​ទាន់​បាន​ដឹង​ទេ​ថា​ការ​អង្គុយ​បែប​នេះ​ក្នុង​រយៈ​ពេល​យូរ​​នឹង​ធ្វើ​ឱ្យ​ឈាម​រត់​មិន​បាន​ស្រួល​ល្អ។ លើស​ពី​នេះ​ទៀត ​ការ​រង​ទម្ងន់​នៃ​ជើង​ម្ខាង​ទៀត​ក៏​អាច​បង្ក​ជា​ស្នាម​ក្រហម​នៅ​លើ​ជើង​ខាង​ក្រោម​ដែល​​វា​ក៏​អាច​បង្ក​ជា​បញ្ហា​ប៉ោង​សរសៃ​ឈាម​ដែល​ពិបាក​នឹង​ព្យាបាល។

៤. ញុំា​អាហារ​ដែល​សម្បូរ​ជាតិ​សូដ្យូម

រូបតំណាង​

របប​អាហារ​ក៏​អាច​ប៉ះ​ពាល់​ដល់​សភាព​ជើង​របស់​អ្នក​ដែរ។ ជាក់​ស្តែង​ការ​ញុំា​អាហារ​ដែល​មាន​ជាតិ​ហិល​ ឬ អាហារ​កំប៉ុង​ដូច​ជា​ មី​កំប៉ុង សាលាដ និង ប្រភេទ​នំ​កញ្ចប់​នានា ធ្វើ​ឱ្យ​រាង​កាយ​ស្រូប​យក​ជាតិ​ទឹក​ខ្លាំង​រហូត​អាច​បណ្តាល​ឱ្យ​មាន​សភាព​ហើម និង​ ធ្វើ​ឱ្យ​ជើង​ធំ។

​​​​​៥. ឧស្សាហ៍​អេះ​ជើង​ខ្លាំង​ៗ

រូបតំណាង​

ពេល​សត្វ​ល្អិត​ខាំ​ម្តងៗ​ អ្នក​ខ្លះ​មិន​បាន​រក​ថ្នាំ​លាប​ទេ​គឺ​ភ្លាម​ៗ​នោះ​គេ​អេះ​ជើង​រហូត​ដល់​ដាច់​សាច់​ឈាម​ទៀត​ក៏​មាន។ មិន​ថា​តែ​ផ្នែក​ជើង​នោះ​ទេ ការ​អេះ​ស្បែក​ក្នុង​កម្លាំង​ខ្លាំង​​គឺ​មិន​ល្អ​សម្រាប់​ស្បែក​របស់​អ្នក​ពេញ​មួយ​រាង​កាយ ព្រោះ​វា​បាន​ត្រឹម​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ធូរ​ស្រាល​ពី​ការ​រមាស់​ពិត​មែន​ តែ​វា​អាច​បង្ក​ជា​បញ្ហា​ស្បែក​ផ្សេង​ទៀត​រួម​មាន​ ការ​រលាក​ស្បែក របក​ស្បែក​ ​និង បង្ក​ជា​ស្លាក​ស្នាម​នៅ​ជើង​​ទៀត​ផង។

៦. មិន​ដែល​ខ្វល់​ខ្វាយ​ពី​ជើង​របស់​ខ្លួន​

រូបតំណាង​

អ្នក​ដែល​សង្កេត​ឃើញ​ទេ​ថា​មាន​នារី​មួយ​ចំនួន​មាន​ស្បែក​ជើង​ស​ស្អាត ម៉ដ្ឋ​រលោង​ គ្មាន​រោម​ ឬ ស្នាម​កន្ទួល​អ្វី​ទាល់​តែ​សោះ? ពួក​គេ​មិន​មែន​សុទ្ធ​តែ​កើត​មក​មាន​ជើង​ស្អាត​បែប​នោះ​ទេ គឺ​ពួក​គេ​ចេះ​ស្រឡាញ់ ​និង​ ថែ​រក្សា​វា​ដូច​ស្បែក​មុខ​ដែរ។ សម្រាប់​អ្នក​ជើង​មាន​រោម​ច្រើន​ និង​ ខ្មៅ​ស្រអាប់​ជា​ដើម គឺ​អ្នក​អាច​ធ្វើ​ការ​ជម្រុះ​រោម​ជើង ឬ កោរ​ចេញ​ ហើយ បន្ថែម​ជា​មួយ​ការ​ខាត់​ស្បែក​តាម​វិធី​ធម្មជាតិ​នោះ​នឹង​ទទួល​បាន​នូវ​លទ្ធផល​គាប់​ចិត្ត​ជា​មិន​ខាន។

៧. មិន​ដែល​លាប​ឡេ

រូបតំណាង​

អ្នក​ណា​ខ្លះ​មាន​ភាព​ខ្ជិល​ច្រអូស​ខ្លាំង​រឿង​ថែ​ស្បែក? ប្រាកដ​ណាស់​គឺ​មាន​ចំនួន​ច្រើន។ យ៉ាង​ណា​មិញ​ មិន​ថា​អ្នក​មាន​ការ​រវល់​យ៉ាង​ណា​ក្តី​ គប្បី​ចំណាយ​ពេល​វេលា​បន្តិច​បន្តួច​ក្នុង​ការ​ថែរក្សា​ស្បែក​​ឱ្យ​មាន​សំណើម​ និង មើល​ទៅ​មាន​សភាព​ភ្លឺ​ថ្លា​ល្អ​តាម​រយៈ​ការ​លាប​ឡេ​ផ្តល់​សំណើម​ជា​ប្រចាំ​ដល់​ជើង និង រាងកាយ​ទាំង​មូល។ បើ​អ្នក​អាច​​អនុវត្ត​វា​មួយ​រយៈ អ្នក​ប្រាកដ​ជា​ទម្លាប់​ក្នុង​ការ​ថែរក្សា​វា​ជាប់​ រួច​អ្នក​នឹង​កាន់​តែ​មាន​ភាព​ជឿ​ជាក់​រាល់​ពេល​ស្លៀក​ពាក់​វាល​សាច់ ឬ ស្លៀក​ខ្លី​ជា​ដើម៕​​​

អានបន្ត​៖ តិចនិក​ ៤ យ៉ាង​ជួយ​ថែរក្សា​ស្បែក​​មុខ​ឱ្យ​នៅ​ក្មេង​បាន​យូរ មិន​ងាយ​ស្គាល់​ស្នាម​ជ្រីវ​ជ្រួញ​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Siyou Tang