បែងចែកមិនដាច់ថាស្បែកមុខខ្លួនឯងស្ងួតឬខ្លាញ់ មកដឹងវិធីស្គាល់ប្រភេទស្បែកមុខ
- 2019-10-03 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែងចែកមិនដាច់ថាស្បែកមុខខ្លួនឯងស្ងួតឬខ្លាញ់ មកដឹងវិធីស្គាល់ប្រភេទស្បែកមុខ
សុខភាពស្បែកល្អ កើតចេញពីការយកចិត្តទុកដាក់ចិញ្ចឹមស្បែកត្រឹមត្រូវ។ ជួនកាលវាក៏អាស្រ័យលើការដឹងច្បាស់ពីប្រភេទស្បែកមុខដែរ ដើម្បីចៀសវាងអនុវត្តខុសពេលទិញផលិតផលម្តងៗ។ អ្នកអាចដឹងថា ស្បែកអ្នកស្ថិតក្នុងប្រភេទអ្វី ដោយគ្រាន់តែសង្កេតពេលភ្ញាក់ពីគេងលើចំណុចច្រមុះ ថ្ងាស និងថ្ពាល់។
វិធីនេះ គឺត្រូវធ្វើនៅពេលព្រឹកបន្ទាប់ពីអ្នកភ្ញាក់ពីគេង។ តំបន់ដែលត្រួតពិនិត្យលើមុខ (ដូចរូប) ៖ “T-Part (ពណ៌ខៀវ)” ”ថ្ពាល់ (ពណ៌ទឹកក្រូច)" ដូចខាងក្រោម៖
១. អត់មានខ្លាញ់លើផ្ទៃមុខ ទាំងលើ T-Part និងថ្ពាល់ ហើយសភាពស្បែកតឹង និងស្ងួតតិចតួច។
២. មុខអត់របក អត់មានខ្លាញ់ហើយអត់ស្ងួតទៀត។ សភាពស្បែកទន់រលោងទាំងលើ T-Part និង ថ្ពាល់។ មានអារម្មណ៍ថាស្បែកមុខដូចកូនក្មេង ពេលស្ទាបម្ដងៗ។
៣. តំបន់ T-Part មានខ្លាញ់ច្រើន ហើយថ្ពាល់និងផ្នែកផ្សេងៗលើផ្ទៃមុខ រៀងស្ងួតបន្តិច។
៤. ស្បែកមុខផ្នែក T -Part និង ថ្ពាល់ មានសភាពស្ងួតស្រាលៗ ហើយគ្មានខ្លាញ់លើផ្ទៃមុខ។
៥. តំបន់ពិសេសរបស់ស្បែក T-Part និងថ្ពាល់ មើលទៅមានសភាពរលើបរលោង ហើយងាយកើតមុន។
ចម្លើយ៖
១៖ ស្បែកស្ងួត ស្បែកឆាប់ប្រតិកម្ម
ស្បែកប្រភេទនេះគួរតែផ្ដល់ជីវជាតិដល់ស្បែកមុខដោយផលិតផលផ្ដល់សំណើម ដូចជាគ្រីម ឡេ ឬផលិតផលដែលមិនផ្ទុកជាតិទឹកអប់ អាល់កុលជាដើម ដើម្បីកាត់បន្ថយកត្តាធ្វើឲ្យស្បែកមុខកាន់តែយ៉ាប់លើសដើម។
២៖ ស្បែកមុខធម្មតា
អបអរសាទរផងប្រសិនស្បែកមុខអ្នកស្ថិតក្នុងលេខរៀងនេះ។ មានន័យថា អ្នកមានលក្ខខណ្ឌស្បែកមុខល្អ កម្រមានបញ្ហាលើស្បែកមុខខ្លាំងណាស់។ អ្នកគ្រាន់តែប្រើផលិតផលលក្ខណៈទូទៅដែលជួយចិញ្ចឹមស្បែកមុខក៏បានទៅហើយ។ ជាធម្មតា ប្រភេទស្បែកមុខបែបនេះ មិនសូវឡើងមុន តែបើមិនអើពើគេងឲ្យគ្រប់គ្រាន់ឬញ៉ាំអាហារបំពងចៀនច្រើន ក៏អាចបំផ្លាញស្បែកមុខបានដែរ។ ពេលនោះស្បែកមុខអ្នកនឹងប្រែជាស្ងួតលាយខ្លាញ់ចូលគ្នា។
៣៖ ស្បែកលាយខ្លាញ់និងស្ងួត
ស្បែកអ្នកមានខ្លាញ់ផងស្ងួតផងលាយគ្នា។ ប្រភេទនេះគឺស្បែកបែបធម្មតាផង ស្ងួតនិងខ្លាញ់ផង។ ដូចនេះអ្នកគួរផ្ដោតលើផលិតផលណាដែលមិនផ្ទុកជាតិប្រេង រួមទាំងត្រូវយកចិត្តទុកដាក់បន្ថែមផ្ដល់សំណើមស្បែកមុខ។ ម្យ៉ាងទៀត កុំលាងមុខញឹកញាប់ពេក និងត្រូវត្រួតពិនិត្យជាតិខ្លាញ់លើតំបន់ T-Part ។
៤៖ ស្បែកស្ងួត
ជាប្រភេទខ្វះជាតិសំណើម ដូច្នេះគួរផឹកទឹកឲ្យបានច្រើនដើម្បីឲ្យតំបន់ T-Part កាត់បន្ថយសំងួត។ អ្នកគួររើសផលិតផលណាដែលមានជាតិប្រេង។ ម្យ៉ាងទៀត បើស្បែកនៅតំបន់ T-Part មិនស្ងួតខ្លាំង តែបែរជាសង្កេតឃើញមានខ្លាញ់តិចៗ អ្នកត្រូវងាកមករកផលិតផលណាដែលផ្ដល់សំណើមស្បែកមុខវិញ ចៀសវាងស្បែកងាយឡើងជ្រួញ។ កុំប្រើសាប៊ូដើម្បីលាងមុខ ព្រោះវានឹងធ្វើឲ្យស្បែកកាន់តែស្ងួត ហើយក៏មិនត្រូវប្រើហ្វូមលាងមុខដែលគ្មានផ្ទុកជាតិសំណើមដែរ។
៥៖ ស្បែកខ្លាញ់
ប្រភេទស្បែកបែបនេះងាយនឹងកើតមុនណាស់ ម្ល៉ោះហើយគួរលាងសម្អាតមុខឲ្យបានទៀងទាត់។ បើមើលទៅស្បែកដូចរលោងៗប្រិលៗ ដូចខ្លាញ់រលើបពេញមុខ អ្នកត្រូវប្រើផលិតផលមានជាតិសំណើម និងគ្មានជាតិប្រេង។ មិនគួរលាងមុខដោយប្រើសាប៊ូ ឬហ្វូមមានជាតិកាត់ខ្លាំង ព្រោះធ្វើឲ្យស្បែកកាន់តែផលិតជាតិខ្លាញ់ខ្លាំងឡើង។ បន្ថែមពីនេះ បន្ទាប់ពីលាងមុខរួច ត្រូវប្រើឡេ ឬជែលដែលផ្ដល់ជាតិទឹកដល់មុខ។
ពេលនេះអ្នកបានស្គាល់ច្បាស់ពីប្រភេទស្បែកមុខហើយ ដូចនេះកុំភ្លេចជ្រើសរើសផលិតផលណាដែលសក្ដិសមនឹងស្បែកមុខអ្នក ដើម្បីស្បែកមានសុខភាពល្អ និងមិនមានបញ្ហា៕
ចុចអាន៖ ភស្តុតាងបញ្ជាក់ថា នារីសក់រួញមើលទៅឃើញស្អាតហើយក្មេងជាងវ័យ