ស្រីៗ​ពាក់​ខោ​អាវ​ជជុះ​ធ្លាក់​កាលីប​មែន?

  • 2019-07-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ខ្លះឲ្យ​តម្លៃ​ទៅ​លើ​សម្លៀក​បំពាក់ ដោយសារ​គេ​គិត​ថា​កាលណា​ស្លៀក​ពាក់ថ្លៃ​គឺ​អ្នក​ជា​មនុស្ស​ឡូយ មាន​មុខ​មាត់​ក្នុង​សង្គម​។ ចុះប្រិយមិត្តកញ្ញាយល់យ៉ាងណាចំពោះអ្នកស្លៀកពាក់ខោអាវធម្មតា គ្មានម៉ាកយ៉ីយោដែលគេហៅ ថាប្រេនៗ ឬក៏ខោអាវជជុះនោះ?

បើសិនជាមានមតិ សូមផ្តល់យោបល់នៅខាងក្រោមអត្ថបទនេះ។ ប៉ុន្តែខាងក្រោមនេះជាមតិរបស់ស្រីៗ៣នាក់ ទាក់ទងនឹងការស្លៀកពាក់ខោអាវជជុះ ដែលក្រុមការងារបានសួរ:

កញ្ញា សុជាតា អាយុ​២៣ ឆាំ្ន ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ប្រាប់​ថា​ ធ្លាប់​ទិញ​ខោ​អាវ​ជជុះ​ញឹក​ដែរ​ ។ «បើ​គិត​ទៅ​មួយ​ខែ​ប្រហែល​ជា២​ទៅ៣​ដង​ដែរ ដោយសារ​ខោ​អាវ​ជជុះ​ខ្លះ​ស្អាត ហើយ​ធូរ​ថ្លៃ ខ្ញុំ​មិន​ជឿ​ថា ម៉ា​គ្រាន់​តែ​ពាក់​ខោអាវ​ជជុះ ធ្លាក់​កាលីប​ហេ អ្នកខ្លះ​គេ​ក៏​មាន​លុយ​ដែរ គ្រាន់​តែ​គេ​ចង់​ប្តូរ​ចំណង់​ម្តង​ម្កាល»។

បច្ចុប្បន្ន​ជំនួញ​ខោ​អាវ​ជជុះ​នៅ​ស្រុក​ខ្មែរ មិន​មែន​មាន​តែ​តូបៗ​តាម​ផ្សារ​នានា​ប៉ុណ្ណោះ​ទេ ក៏​មាន​ជា​ហាង​ទំនិញ​ជប៉ុន​ដែល​លក់​ខោ​អាវ​ជជុះ​ក្បាល​គីប​ផង​ដែរ។ កញ្ញា នីតា ឲ្យ​ដឹង​ថា «ខ្ញុំ​ឧស្សាហ៍​ទៅ​ទិញ​ខោ​អាវ​ជជុះ​នៅ​តាម​ផ្សារ និង​ហាង​ទំនិញ​ជប៉ុន​ ទៅ​ទិញ​ដោយសារ​វា​ធូរថ្លៃ​ ហើយ​ភាគច្រើន​ខោ​អាវ​ប្រេន​ទៀត ចឹង​ខ្ញុំ​​គិត​ថា​វា​ចំណេញ​ផង»។និស្សិត​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​រូប​នេះ​បន្ត​ថា ​មនុស្ស​មិន​គួរ​វាយ​តម្លៃ​តែ​លើ​ខោ​អាវ​ទេ សំខាន់​លើ​អត្តចរិត​។

«ខ្ញុំពាក់ញឹកសឹងអី មាន​អី​អន់​ទៅ បើ​គ្រាន់​តែ​ពាក់​ខោ​អាវ​ជជុះ​នោះ ជា​សិទ្ធិ​របស់​យើង​តើ ពេល​ខ្លះ​គេ​មិន​ដឹង​ថា​យើង​ពាក់​ខោ​អាវ​ជជុះ​ផង អាស្រ័យ​លើ​យើង​ចេះ​រៀបចំ​ខ្លួន បោក​អ៊ុត​ឲ្យ​ស្អាត​ទៅ មាន​នរណា​ដឹង»។ នេះ​ជា​ការ​លើក​ឡើង​របស់អ្នក​នាង ណារិន ជាមន្រ្តីរាជការ៕

ចុចអាន៖ ​​ អាយុច្រើនប៉ុនណាគ្មានបញ្ហា! អ្នកនៅតែក្មេងនិងសុខភាពល្អបើមានទម្លាប់ទាំងនេះ

អត្ថបទ៖ ដេត ធន្នី