ប្រវត្តិពិតអតីតក្មេងស្រីរើសសំរាម រ៉ុន សុភី តស៊ូបានអាហារូបករណ៍សិក្សាក្រៅប្រទេស ដឹងហើយរំជួលចិត្ត

  • 2019-06-10 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ធ្លាប់​ជា​អតីត​ក្មេង​ស្រី​រើស​សំ​រាម​នៅ​តំបន់​ស្ទឹង​មាន​ជ័យ គ្មាន​ផ្ទះ​សម្បែង​ច្បាស់​លាស់ ​ហើយ​អាយុ​១១​ឆ្នាំ ទើប​​បាន​ចូល​រៀន ពេល​នេះ​កញ្ញា រ៉ុន សុ​ភី បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​កោត​សរសើរ​ដោយ​ទទួល​បាន​អាហារូបករណ៍​សិក្សា​ពេញ​ពី​សាកល​វិទ្យាល័យ​មែល​ប៊ន (Melbourne)ប្រទេស​អូស្ត្រាលី។

​​​​បើ​​ត្រលប់​ទៅ​កាល​ពី​កុមារភាព ​​ដោយសារ​តែ​គ្រួ​សារ​សុ​ភី​ជំពាក់​បំណុល​គេ​ច្រើន​ពេក ហើយ​គ្មាន​លទ្ធ​ភាព​សង ពួក​គេ​ក៏​​​​ចាក​ចេញ​ពី​ភូមិ​ស្រុក​ទាំង​គ្រួសារ នៅ​កណ្ដាល​យប់​តែ​ម្ដង។ ​​ជិះ​កង់​កញ្ចាស់​ផង ​​ដើរ​ផង​ក្នុង​ចម្ងាយ​រាប់​គីឡូម៉ែត្រ ​ទី​បំផុត​គ្រួសារ​របស់​សុ​ភី​រសាត់​មក​ដល់​គំនរ​សំ​រាម​ស្ទឹង​មាន​ជ័យ ទាំង​គ្មាន​ជំ​រក​ពិត​ប្រាកដ។ ​បង​ប្អូន​ទាំង​៧​នាក់ រួម​នឹង​ឪពុក​ម្ដាយ​ចាស់​​​ៗ​ទៅ​ហើយ​រស់​ក្រោម​​ដំបូល​តង់ ហ៊ុំ​ព័ទ្ធ​ដោយ​គំនរ​សំរាម​ក្លិន​ស្អុយ​ជូរ​ផ្អូម។ កាល​នោះ​ សុ​ភី​និង​បងស្រី​នាង រួម​ទាំង​ឪពុក​ផ្លាស់​គ្នា​ដើរ​រើស​សំ​រាម ​ហើយ​ពេល​ខ្លះ​ឃើញ​ផ្លែ​ឈើ​​រលួយ​ៗ​នៅ​​លើ​ឡាន​ដែល​ដឹក​ពី​ផ្សារ​ដើម​គរ ម្នាក់​ៗ​​ស្ទុះ​ទៅ​រើស​យក​ផ្លែ​ឈើ​ណា​ល្អ​ៗ ទុក​ហូប​។ ថ្ងៃ​ខ្លះ​ក៏​គ្មាន​បាយ​ហូប ​គេង​យំ​ម្នាក់​​ឯង​ក៏​មាន ហើយ​​​​ពេល​ភ្លៀង​ម្ដង​ៗ គ្រប់​គ្នា​រងា​ញ័រ​ញាក់ ជួន​កាល​ត្រូវ​គេ​ដេញ​ពី​កន្លែង​មួយ​​ទៅ​កន្លែង​មួយ ​ដោយសារ​គ្រួសារ​នាង​គ្មាន​ទី​ជម្រក​ពិត​ប្រាកដ​​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​នាង​មាន​បន្ទុក​កាន់​តែ​ច្រើន​។ ពេល​ខ្លះ​ ​សុ​ភី​រើស​សំរាម​​បណ្ដើរ​ប៊ិះ​ត្រូវ​ឡាន​ចាក់​សំរាម​កិន​ក៏​មាន។ ​បើ​និយាយ​ពី​ខោ​អាវ​វិញ រយ៉េរយ៉ៃ​​ក្លិន​ផ្អូម​ជាប់​ខ្លួន ហើយ​មួយ​កំប្លេ​នាង​​ពាក់​​ច្រើន​ថ្ងៃ​ណាស់។​

ថ្វី​ត្បិត​រស់​ក្នុង​ជីវភាព​ក្រ​កម្សត់ តែ​សុភី ​ចង់​រៀន​ណាស់។ ពេល​ទៅ​រើស​អេត​ចាយ​ឃើញ​គ្រូ​បង្រៀន​សិស្ស នាង​លួច​មើល​គេ​​​តាម​បង្អួច​រហូត​ភ្លឹក ​ហើយ​គ្រូ​អាណិត​ឲ្យ​នាង​រៀន​ជាមួយ​។ ​ថ្ងៃ​មួយ ​នាង​និង​មិត្ត​ភក្កិ​បាន​ឃើញ​លោក Scott ​ប្រ​ធាន​អង្គការ CCF ​​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ ហើយ​សួរ​នាង​ថា​ចង់​រៀន​ទេ? នាង​ឆ្លើយ​វិញ​​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា​ចង់ ទោះ​ពេល​នោះ​មិត្ត​របស់​សុ​ភី​ប្រាប់​ថា​ប្រយ័ត្ន​ចាញ់​បោក​​គេ ព្រោះ​បារាំង​ច្រមុះ​ស្រួច​​មិន​អាច​ទុក​ចិត្ត​បាន​ទេ ដោយសារ​មិន​ដែល​ស្គាល់​ពីមុន​​។ ​ដោយសារ​ចង់​ចេះ​ ចង់​រៀន​​ សុភី​អត់​ខ្វល់​ឡើយ សំខាន់​ពេល​នោះ​នាង​ប្រាប់​មិត្ត​ភក្កិ​ថា​ចង់​រៀន ហើយ​ពេល​បាន​នាម​ប័ណ្ណ​ពី​លោក Scott ​ហើយ​នាង​ប្រញាប់​ប្រាប់​អ្នក​ផ្ទះ រួច​ក៏​សម្រេច​ចិត្ត​ថា​រៀន​នៅ​អង្គ​ការ​ CC​ F ​តែ​ម្តង ​។ ក្នុង​មុខ​វិជ្ជា​ទាំង​អស់ ភាសា​អង់​​គ្លេស ​គឺ​សុភី​ពូ​កែ​ជាង​គេ មិន​នាង​ថែម​ទាំង​​ជួយ​បង្រៀន​បង​ប្អូន​ក្នុង​ភូមិ​ជាមួយ​គ្នា​ថែម​ទៀត យ៉ាង​សប្បាយ​​រីក​រាយ។ សូម្បី​ក្តា​ខៀន​​ព្យួរ​នៅ​ផ្ទះ​រហែក ប៊ិះ​ជ្រុះ​មក​ដី​ក៏​ដោយ ក៏​នាង​ប្រឹង​សរសេរ ដោយ​សារ​ស្រលាញ់​ការ​​សិក្សា​​ពេក។​

​ឆ្លង​កាត់​ច្រើន​ឆ្នាំ ​ឪពុក​សុ​ភី​ក៏​រើ​មក​​ជួល​ផ្ទះ​គេ​ក្នុង​តំបន់​ព្រៃ​ស​វិញ ​ព្រោះ​កូន​ៗ​ធំ​ៗ​​អស់​ទៅ​ហើយ ។ ​ចំណែក​ម្ដាយ​​របស់​នាង​មាន​ជំ​ងឺ​សន្លាក់​មិន​អាច​ឈរ​​បាន​យូរ ហើយ​​ប្អូន​ៗ​នាង​នៅ​តូច និង​​ប្អូន​ម្នាក់​ទៀត​មិន​សូវ​ស្ដាប់​បង្គាប់​​​ទេ ​វក់​នឹង​លេង​ហ្គេម​ពេក។ ​​គ្រួសារ​របស់​នាង​ឈប់​រើស​សំរាម​ទៀត​ហើយ ​ដោយ​ឪពុក​បាន​​បង់​រំ​លោះ​ ទិញ​រឺ​ម៉ក់​ឥ​ណ្ឌា ហើយ​គ្រួសារ​​ទាំង​មូល​ពឹង​ផ្អែក​ចំណូល​ទាំង​ស្រុង​ពី​ឪពុក​នាង​ម្នាក់​គត់។ ​សុ​ភី​​​​ជា​ក្មេង​ស្រី​​ដំបូង​សម្រាប់​អង្គការ CCF ​ដែល​ទទួល​អាហារ​រូប​ករ​សិក្សា​នៅ​ក្រៅ​​ប្រទេស​ផង​ដែរ។ ​

បច្ចុប្បន្ន ​សុ​ភី​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន និង​ចាប់​ផ្តើម​ថ្នាក់​បរិញ្ញា​​បត្រ​​បន្ត​ទៀត​។ ​កន្លង​មក សុ​ភី ​ធ្លាប់​ទៅ​ប្រទេស​អាមេរិក ​តាម​រយៈ​កម្ម​វិធី​ផ្លាស់​ប្ដូរ​ការ​​សិក្សា​រយៈ​ពេល​ខ្លី​ផង​ដែរ ដែល​នេះ​​កើត​ចេញ​ពី​ការ​ខំ​ប្រឹង​​ប្រែង​របស់​នាង​ ទោះ​​ជា​ក្មេង​ស្រី​ក្រី​ក្រ​ក៏​ដោយ។ ​ថ្ងៃ​អនាគត ​​​កញ្ញា រ៉ុន សុភី ចង់​ក្លាយ​ជា​ជំ​នួញ​ម្នាក់​​ដ៏​ជោគជ័យ​៕​

ចុចអាន៖ ​​ ឃើញសប្បាយមែន តែដឹងប្រវត្តិបុរសល្បី Live FB រហស្សនាម "តារាប៉ោតធុង" កម្សត់ខ្លាំងទប់ទឹកភ្នែកលែងជាប់

​​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម