Street Food ថោកៗ ដែលអ្នកមិនគួររំលងពេលទៅលេងនៅក្រុងហូជីមិញ
- 2019-05-08 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Street Food ថោកៗ ដែលអ្នកមិនគួររំលងពេលទៅលេងនៅក្រុងហូជីមិញ
ទោះបីជាប្រភេទអាហារខ្លះមានតម្លៃមិនដល់១ដុល្លារក៏ដោយ តែរសជាតិគឺឆ្ងាញ់មិនអាចបំភ្លេចបាន បើមិនបានភ្លក់ប្រាកដជាស្ដាយក្រោយពេលទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
មានចម្ងាយប្រមាណ៦ម៉ោងធ្វើដំណើរដោយរថយន្តចេញពីទីក្រុងភ្នំពេញ ទីក្រុងហូជីមិញ គឺជាទីក្រុងដែលធំជាងគេរបស់វៀតណាម គឺធំជាងរដ្ឋធានីហាណូយទៅទៀត។
ក្រៅពីទីតាំងទេសចរណ៍ល្បីឈ្មោះជាច្រើនដូចជាផ្សារ Ben Thanh អគារ Landmark ៨១ជាន់ និងសាលាក្រុងរចនាបថបារាំងនោះ ទីក្រុងដែលមានប្រជាជន៩លាននាក់នេះក៏ទាក់ទាញភ្ញៀវទេសចរណ៍ដោយសារអាហារតាមផ្លូវថោកៗរបស់ខ្លួនផងដែរ។ តាមនោះដែរ ទោះមុខម្ហូបខ្លះមានតម្លៃមិនដល់១ដុល្លារក៏ដោយ តែរសជាតិមិនអាចបំភ្លេចបាន ខាងក្រោមនេះគឺជាអាហារតាមផ្លូវ៨មុខដែលអ្នកមិនគួររំលេងពេលទៅដល់ទីក្រុងហូជីមិញ។
១. ខ្យងគ្រប់ប្រភេទ
បើនិយាយពីខ្យងគឺគ្មានកន្លែងណាឆ្ងាញ់ និងធូរថ្លៃដូចនៅទីក្រុងខាងលើឡើយ។ ដោយចាប់ផ្ដើមពីតម្លៃ១ដុល្លារ ដល់៥ដុល្លារអ្នកអាចទទួលទានមដូចជាខ្យងឆាអំពិលជូរផ្អែម ខ្យងក្រឡុងពងទាប្រៃ និងខ្យងឆាត្រកួនជាដើម។
២. ផាកឡូវ
ចាប់ផ្ដើមលក់ដោយជនជាតិចិន សម្រាប់ជនជាតិចិននៅទីក្រុងសាយហ្គន តែយូរៗទៅ ម្ហូបប្រភេទនេះគឺមិនអាចខ្វះបានសម្រាប់ជនជាតិវៀតណាម។ ផាកឡូវនៅទីនេះត្រូវបានធ្វើដោយមានទឹករាងខាប់ និងជ្រលក់ញ៉ាំនឹងនំប៉័ង។ តម្លៃលក់ចាប់ផ្ដើមពី ០.៥ ទៅ ២ដុល្លារក្នុងមួយចាន។
៣. បាយស្រូប
បាយស្រូបគឺជាអាហារដែលមិនអាចខ្វះបានសម្រាប់អ្នកធ្វើការនៅទីក្រុងហូជីមិញ ដោយគ្រាន់តែបាយមួយចាន នឹងជួយឲ្យពួកគេឆ្អែតដល់ថ្ងៃ។ បាយស្រូបនៅទីនេះរួមមានឆ្អឹងជំនីជ្រូក ស្បែកជ្រូក ប្រហិតពងទា ញ៉ាំជាមួយទឹកត្រីជ្រក់។ តម្លៃចាប់ពី១ដុល្លារឡើង។
៤. តែគុជ
ខណៈនៅបណ្ដាប្រទេសដទៃ តែគុជត្រូវបានលក់នៅហាងធំៗ និងមានតម្លៃរាងតឹងបន្តិចនោះ តែគុជនៅហូជីមិញ ត្រូវបានលក់នៅគ្រប់បណ្ដាផ្លូវតូចធំទាំងអស់ និងមានរសជាតិមិនចាញ់ហាងធំឡើយ ដោយមានតម្លៃមិនដល់ពាក់កណ្ដាលហាងផង។ គុជនៅទីនេះភាគច្រើនត្រូវបានធ្វើឡើងដោយអ្នកលក់ផ្ទល់។ តម្លៃតែគុជ១កែវចាប់ផ្ដើមពី ០.៥ដុល្លារ។
៥. បាញ់ត្រាងក្រឡុក
យើងសង្កេតឃើញថា បច្ចុប្បន្ននៅប្រទេសយើងក៏មានមុខម្ហូបដូចគ្នា តែបើចង់ភ្លក់រសជាតិដើមអ្នកត្រូវទៅដល់ទីក្រុងហូជីមិញផ្ទាល់។ បាញ់ត្រាងក្រឡុកនៅទីនេះរួមមានបាញ់ត្រាង ងៀតគោ សាច់ផាត់ ស្វាយសាប់ ពងក្រួច ខ្ទឹមបំពង ជី និងទឹកជ្រលក់។ អ្នកអាចឲ្យអ្នកលក់ក្រឡុកឲ្យក៏បាន ឬក្រឡុកខ្លួនឯងក៏បានបើមិនទាន់ទទួលទានភ្លាមៗ។ ទោះមានគ្រឿងផ្សំច្រើនក៏ដោយ តែមុខម្ហូបនេះមានតម្លៃតែចាប់ពី១ដុល្លារប៉ុណ្ណោះ។
៦. នំ Flan
ត្រូវបានបន្សល់ទុកដោយជនជាតិបារាំង នៅពេលនេះ នំ Flan គឺជានំដែលប្រជាជនវៀតណាម ក៏ដូចជាភ្ញៀវទេសចរណ៍ពេញចិត្តជាខ្លាំង។ នំនេះគឺញ៉ាំត្រជាក់ដោយអាចស្រោចសូកូឡា ឬកាហ្វេ ដោយដាក់ទឹកកកម៉ដ្ឋថែមពីលើ។ តម្លៃចាប់ពី ០.៧៥ដុល្លារឡើងទៅ។
៧. សាច់ចង្កាក់អាំង
សាច់គ្រប់ប្រភេទពីសាច់គោ សាច់ជ្រូក គ្រឿងសមុទ្រ ត្រូវបានដោយចង្កាក់ និងផ្សំគ្រឿងយ៉ាងមុត និងអាំងនៅកន្លែងភ្លាមៗ ក្ដៅៗហុយៗ។ តម្លៃមួយចង្កាក់ចាប់ពី ០.២៥ដុល្លារឡើង។