គួរឲ្យសរសើរ! និសិត្សខ្មែរមួយក្រុមរួមដៃគ្នាបង្កើតម៉ូដសម្លៀកបំពាក់ដោយគំនិតច្នៃប្រឌិតខ្ពស់
- 2019-02-26 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! និសិត្សខ្មែរមួយក្រុមរួមដៃគ្នាបង្កើតម៉ូដសម្លៀកបំពាក់ដោយគំនិតច្នៃប្រឌិតខ្ពស់
និស្សិតខ្មែរមួយក្រុមដែលកំពុងបន្តការសិក្សាផ្នែកច្នៃម៉ូដនៅសាកលវិទ្យាល័យ Limkokwing បានរួបរួមគ្នាបង្កើតក្រុមមួយឈ្មោះថា "The Mexart” ។ ក្រុម The Mexart មានសមាជិកសរុបទាំងអស់២៦នាក់ បង្កើតឡើងក្នុងគោលបំណងចង់បង្ហាញពីគំនិតថ្មីៗនៃការច្នៃម៉ូដសម្លៀកបំពាក់នៅប្រទេសកម្ពុជា។
កញ្ញា តាំង គីមលី ដែលជាសមាជិកមួយរូបនៃក្រុម The Mexart បានរៀបរាប់មកកាន់វិបសាយ "កញ្ញា" ថា "ដោយសារតែចង់លើកស្ទួយវិស័យច្នៃម៉ូដនៅក្នុងស្រុកខ្មែរឲ្យបានទូលំទូលាយ និងដាក់បង្ហាញពីស្នាដៃផ្សេងៗដែលខិតខំធ្វើកន្លងមក ក្រុមរបស់ខ្ញុំបានបង្កើតការតាំងពិព័រណ៍មួយដោយសង្ឃឹមថានឹងមានអ្នកចូលរួមច្រើនកុះករ ដើម្បីទទួលយកចំណេះដឹងបន្ថែមទាក់ទងនឹងការច្នៃម៉ូដ”។
ការតាំងពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៥ ខែមីនា ឆ្នាំ២០១៩ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៧ល្ងាច ក្នុងសាកលវិទ្យាល័យ Limkokwing ជាន់ទី៨។ វាជាព្រឹត្តិការណ៍ថ្មីប្លែកនៅកម្ពុជា ដែលអ្នកចូលរួមមិនត្រឹមតែ អាចទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ប្លែកៗប៉ុណ្ណោះទេ ថែមទាំងមានវត្តមានតារាដ៏ល្បី Niki Niki ចូលរួមជាវាគ្មិនកិត្តិយសទៀតផង។
គួរបញ្ជាក់ដែរថា និស្សិតឆ្នាំទី៣មួយក្រុមនេះ ក៏ធ្លាប់បានបង្ហាញស្នាដៃ និងបង្កើតព្រឹត្តិការណ៍ជាច្រើនមកហើយដែរ កាលពីពេលកន្លងមក៕
ចុចអានបន្ត៖ កម្មវិធី "ស្រ្តីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ឆ្នាំ២០១៩" ចាប់ផ្តើមបើកឱ្យមានការស្នើបេក្ខភាពហើយ