នៅពេលមនុស្សស្ត្រេសខ្លាំងដល់កំពូល រាងកាយនឹងចេញរោគសញ្ញា ១០នេះ
- 2018-09-27 23:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលមនុស្សស្ត្រេសខ្លាំងដល់កំពូល រាងកាយនឹងចេញរោគសញ្ញា ១០នេះ
បច្ចុប្បន្ននេះ ភាពតានតឹង ឬស្ត្រេសហាក់ក្លាយជារឿងធម្មតាមួយទៅហើយ ខណៈគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ថាខ្លួនកំពុងស្ត្រេស។ ប៉ុន្តែបើគ្រប់យ៉ាងប្រែប្រួលជាមិនប្រក្រតី អ្នកមិនគួរបណ្ដោយតទៅទៀតឡើយ គឺគួរទៅប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងសុខភាពរបស់ខ្លួន។ ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួនដែលបង្ហាញថារាងកាយអ្នកកំពុងរងបញ្ហាដោយសារតែស្ត្រេស៖
១. ផ្ដាសាយញឹកញាប់
ភាពតានតឹងច្រើននឹងអាចផលិតជាអ័រម៉ូន Cortisol ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងចុះខ្សោយ និងឆាប់ផ្ដាសាយ បើទោះបីអាកាសធាតុមិនសូវត្រជាក់ក៏ដោយ។
២. ជំងឹក្រពះ និងពោះវៀន
អ្នកវិទ្យាសាស្ត្រជាច្រើនបានបញ្ជាក់ថាភាពតានតឹងអាចជះឥទ្ធិពលអវិជ្ជមានដល់ក្រពះ និងពោះវៀនរបស់យើង។ ពេលខ្លះសូម្បីថ្នាំក្រពះធម្មតាក៏មិនអាចព្យាបាលជំងឺក្រពះដោយសារស្រ្តេសនេះបានដែរ ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីស្វែងរកវិធីព្យាបាលដែលត្រឹមត្រូវ។
៣. អារម្មណ៍មិនមូល
អ្នកដែលមានអារម្មណ៍ថាខ្លួនឯងមិនអាចផ្ដោតអារម្មណ៍មូលលើការងារ នៅពេលពួកគេស្ត្រេសយូរខ្លាំងពេក។ វានឹងធ្វើឲ្យអ្នកធ្វើការងារកាន់តែយឺត និងពិបាកប្រមូលអារម្មណ៍ជាងធម្មតា ហើយក៏ជះឥទ្ធិពលលើលទ្ធផលការងារអ្នកតាមនោះដែរ។
៤. ជ្រុះសក់
ដឹងអត់ថាស្រ្តេសក៏អាចធ្វើឲ្យអ្នកក្លាយទំពែកបានដែរ? ដូច្នេះបើអ្នកទទួលទានវីតាមីនសមរម្យហើយនៅតែមិនមានលទ្ធផលលើអាការជ្រុះសក់ នោះគួរតែទៅជួបគ្រូពេទ្យ ហើយព្យាយាមសម្រាក និងញ៉ាំអាហារដែលមានជីវជាតិល្អ។
៥. ឈឺក្បាល
មានមូលហេតុច្រើនដែលអាចបណ្ដាលឲ្យអ្នកឈឺក្បាល ដូចជាការគេងខុសឥរិយាបថ សម្ពាធឈាមទាបពេក ឬខ្ពស់ពេក ការមានផ្ទៃពោះ។ល។ ក្នុងចំណោមនោះ ស្ត្រេសក៏អាចឲ្យអ្នកឈឺក្បាលបានដែរ។
៦. បាត់ចំណង់ផ្លូវភេទ
ស្រ្តេសក៏ជាមូលហេតុមួយពីក្រោយការធ្លាក់ចុះនៃចំណង់ផ្លូវភេទរបស់អ្នកដែរ។ ដូច្នេះប្រសិនបើអ្នកមិនបានចេញទៅណាជាមួយដៃគូយូរហើយ អ្នកគួររៀបចំអីវ៉ាន់ទៅវិស្សមកាលជាមួយគ្នាមួយរយៈដើម្បីកម្ចាត់អារម្មណ៍ស្រ្តេស និងជួយឲ្យទំនាក់ទំនងអ្នករឹងមាំឡើងវិញ។
៧. គេងមិនលក់
អ្នកនឹងពិបាកគេងលក់នៅពេលមានអារម្មណ៍ស្រេ្តសខ្លាំង ហើយជំងឺគេងមិនលក់នេះគឺកើតឡើងច្រើនតែម្ដង ចំពោះអ្នកដែលរងសម្ពាធតានតឹងនេះ។ បើអ្នកសាកល្បងញ៉ាំថ្នាំងងុយគេងហើយក៏មិនមានប្រសិទ្ធភាព សូមប្រញាប់ទៅជួបគ្រូពេទ្យទៅ ព្រោះនេះមិនមែនជាសញ្ញាល្អនោះទេ។
៨. ជំងឺសរសៃឈាមបេះដូង
ស្ត្រេសអាចបង្កជាជំងឺបេះដូងជាច្រើន ដូច្នេះបើអ្នកចង់រស់នៅបានសប្បាយ និងមានសុខភាពល្អ សូមកុំបណ្ដោយឲ្យខ្លួនឯងមានអារម្មណ៍ស្រេ្តសច្រើនខ្លាំងពេក។
៩. ជំងឺស្បែក
ស្រ្តេសក៏ជាមូលហេតុនៃជំងឺសើស្បែកនានា រួមទាំង មុន ដែរ។ ការស្រាវជ្រាវបានបង្ហាញថាជំងឺស្រ្តេសកម្រិតខ្ពស់មានទំនាក់ទំនងផ្ទាល់តែម្ដងជាមួយជំងឺស្បែក។
១០. ទម្ងន់ប្រែប្រួល
បើអ្នកមានរបបអាហារត្រឹមត្រូវ និងហាត់ប្រាណទៀងទាត់ក៏ទម្ងន់នៅតែប្រែប្រួលខុសប្រក្រតី នោះអាចបណ្ដាលមកពីជំងឺស្ត្រេសហើយ។ ភាពតានតឹង ឬស្រ្តេសផលិតអ័រម៉ូន cortisol ច្រើន ដែលធ្វើឲ្យអ្នកឡើងទម្ងន់ ដោយរារាំងដល់ការដុតជាតិខ្លាញ់ក្នុងរាងកាយ។
ក្នុងករណីខ្លះ វាក៏ធ្វើឲ្យអ្នកស្រកទម្ងន់ដែរ នៅពេលអ័រម៉ូន adrenaline កើនឡើងក្នុងឈាម ដែលអ័រម៉ូននេះនឹងពន្លឿនការរំលាយអាហារ និងពន្យឺតការបញ្ចេញសារធាតុខ្លាញ់ក្នុងរាងកាយ ៕