តារា​ប្រុស​ស្រី​កូរ៉េ​៤​នាក់​ដែល​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​ដល់​ផ្ទុះ​អំពើ​ហិង្សា

  • 2018-09-23 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបី​ជា​ពិភព​សិល្បៈ​កូរ៉េ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មាន​រឿង​អាស្រូវ​តិច​ជាង សិល្បៈ​ចិន និង​អាមេរិក​ក៏​ដោយ ក៏​នៅ​មាន​ករណី​តារា​ឈ្លោះ​គ្នា​នឹង​សង្សារ​រហូត​ដល់​វាយ​គ្នា​មិន​តិ​ច​ដែរ។ កាល​ពី​ថ្មី​ៗ​នេះ ករណី​គូ​ស្នេហ៍​ប្រតាយប្រតប់​គ្នា​រហូត​ដល់​មាន​របួស​រៀង​ខ្លួន​របស់​តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ Goo Hara បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​គាំទ្រ​ជា​ច្រើន ព្រោះ​ករណី​នេះ​ធ្ងន់ធ្ងរ​ខ្លាំង​ពេក។ យ៉ាងណាក្ដី នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល តារា​កូរ៉េ​ឈ្លោះ​គ្នា​នឹង​សង្សារ​រហូត​ដល់​បែក​ឈាម​ដូច​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​ករណី​តារា​ប្រុស​ស្រី​កូរ៉េ​ឈ្លោះ​គ្នា នឹង​គូ​ស្នេហ៍​ហើយ​ឡើង​បណ្ដាញ​ព័ត៌មាន​ហែក​កេរ្តិ៍​គ្នា​ទៅ​វិញ​ទៅ​មក។

១. Goo Hara

យប់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា បណ្ដាញ​ព័ត៌មាន​កូរ៉េ​រាយការណ៍​ថា តារា​ចម្រៀង និង​សម្ដែង Goo Hara កំពុង​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ដើម្បី​ស៊ើបសួរ​ករណី វាយ​គ្នា​ជាមួយ​មិត្តប្រុស លោក Choi Jong Bum។ រូប​ភាព​ខាង​ប្រុស​បញ្ចេញ​បាន​ឲ្យ​ឃើញ​ថា លោក​ត្រូវ​សង្សារ​ខ្វាច​រយះ​មុខ​ជ្រៅ​ខ្លាំង។ រីឯ​រូបភាព​ខាង​ស្រី​បញ្ចេញ​វិញ​ ក៏​ធ្ងន់ធ្ងរ​មិន​ធម្មតា​ដែរ អតីត​សមាជិក​ក្រុម​ចម្រៀង KARA បាន​ទម្លាយ​ថា នាង​ត្រូវ​គេ​វាយ​រហូត​ដល់​ចេញ​ឈាម​នៅ​ស្បូន។

២. Hyo Yeon (Girls’ Generation)

ឆ្នាំ​២០១៤ សមាជិក​ក្រុម​ចម្រៀង Girls’ Generation ជាប់​រឿង​អាស្រូវ​វាយ​មិត្ត​ប្រុស​ដែល​ជា​អ្នក​សរសេរ​ប្រលោមលោក Kim Jun Hyung មាន​វ័យ​ច្រើន​ជាង​នាង​១០​ឆ្នាំ។ តាម​នោះ​ដែរ ថ្ងៃ​ទី​៣០ ខែ​មីនា ម្ចាស់​បទ “I Got A Boy” បាន​គំរាម​មិត្ត​ប្រុស​ថា​ខ្លួន​នឹង​លោត​សម្លាប់​ខ្លួន​ពី​លើ​ផ្ទះ ពេល​មិត្ត​ប្រុស​នាង​ចូល​ឃាត់​ នាង​ក៏​ជ្រុល​ដៃ​ដាល់​មិត្ត​ប្រុស​មួយ​ដៃ បណ្ដាល​ឲ្យ​លោក​ខឹង​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ថា​នាង​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ Yongsan ទីក្រុង​សេអ៊ូល។ ដោយ​មិន​ដឹង​ហេតុផល​ដោះស្រាយ​ជាមួយ​គ្នា​បែប​ណា តែ​មួយ​ថ្ងៃ​ក្រោយ​មក អ្នក​សរសេរ​ប្រលោមលោក​រូប​នេះ​បាន​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​វិញ។

៣. Kim Hyun Joong

នៅ​ក្នុង​ឆ្នាំ​២០១៤ ដូច​គ្នា តួ​រឿង F4 កូរ៉េ​បាន​ធ្វើ​ឲ្យ​ពិភពសិល្បៈ​កូរ៉េ​រំជើបរំជួល​ពេល​ព័ត៌មាន​លោក​វាយ​ធ្វើ​បាប​មិត្ត​ស្រី​ត្រូវ​បាន​ទម្លាយ។ តាម​ការ​ឲ្យ​ដឹង​របស់​ជន​រង​គ្រោះ ប្រុស​ស្អាត​នេះ​បាន​វាយ​នាង​ដល់​បាក់​ឆ្អឹង។ រីឯ​ខាង​ប្រុស​វិញ​បាន​ទទួល​ថា​មាន​វាយ​ពិត​មែន តែ​ត្រឹម​តែ​មួយ​ដង​តែ​ប៉ុណ្ណោះ មិន​បាន​វាយ​២​ខែ​ដូច​ខាង​ស្រី​និយាយ​ឡើយ។

៤. Iron

បណ្ដាញ​ព័ត៌មាន Yonhap News របស់​កូរ៉េ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​រ៉េប​រូប​នេះ​បាន​ប្រើ​ហិង្សា​លើ​សង្សារ​ជា​ច្រើន​ដង ដោយ​ក្នុង​នោះ​មាន​ម្ដង​គឺ​នៅ​ពេល​អ្នក​ទាំង​២​រួម​ភេទ ដោយ​សារ​តែ​ខាង​ស្រី​បដិសេធ​មិន​ព្រម។ តាម​ការ​រៀបរាប់​របស់​ជនរងគ្រោះ នាង​ត្រូវ​លោក​ដាល់​ចំកណ្ដាល​មុខ​ពេល​បដិសេធ​រួម​ភេទ។ ក្រោយ​ពេល​នាង​សុំ​បែក​គ្នា លោក​រឹ​តតែ​វាយ​ធ្វើ​បាប​នាង​លើស​ដើម។ ដើម្បី​ហាម​ឃាត់​សង្សារ​កុំ​ឲ្យ​បែក លោក​បាន​យក​កាំបិត​ចាក់​ចូល​ជើង​ខ្លួន​ឯង តែ​លោក​បាន​បដិសេធ​ពី​ទង្វើ​ហិង្សា​របស់​ខ្លួន៕

ចុចអានបន្ត៖

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel