ចង់បានអាហារូបករណ៍ពីសាកលវិទ្យាល័យថ្លៃៗនៅកម្ពុជា ត្រូវដឹងពីលក្ខខណ្ឌសំខាន់ៗ
- 2018-08-22 06:59:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានអាហារូបករណ៍ពីសាកលវិទ្យាល័យថ្លៃៗនៅកម្ពុជា ត្រូវដឹងពីលក្ខខណ្ឌសំខាន់ៗ
សម្រាប់សិស្សានុសិស្ស ដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាមានភាពភ័យអរក្នុងការទន្ទឹងរង់ចាំមើលនូវលទ្ធផល។ ក្នុងអំឡុងពេលនែការរង់ចាំនេះដែរ ដើម្បីកុំឲ្យខកខានឱកាសដ៏ល្អសម្រាប់ការសិក្សាដោយឥតបង់ថ្លៃ នៅសកលវិទ្យាល័យល្បីៗមួយចំនួននៅក្នុងប្រទេសកម្ពុជា អ្នកត្រូវដឹងពីលក្ខខណ្ឌសំខាន់ៗដើម្បីត្រៀមខ្លួន។
១. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
AUPP គឺជាសកលវិទ្យាល័យស្តង់ដារអន្តរជាតិ និងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចង់ចំណាយថវិការច្រើន ដើម្បីទៅសិក្សានៅក្រៅប្រទេស ។
លក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍៖
សម្រាប់សិស្សានុសិស្សដែលប្រឡងបាន និទ្ទេស A មានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិ ជាទឹកប្រាក់ចំនួន ៤៥០០ដុល្លារ និង៤០០០ដុល្លារ ចំពោះអ្នកដែលប្រឡងបាន និទ្ទេស B សម្រាប់ចំណាយលើការបង់ថ្លៃសរុប និងអាចជ្រើសរើសមុខជំនាញណាមួយដែលខ្លួនពេញចិត្ត។
លោក បាន កប ប្រធានគ្រប់គ្រងផ្នែកទីផ្សារ នៃសកលវិទ្យាល័យ AUPP បានប្រាប់ កញ្ញា ថា "សាលានឹងផ្ដល់ជូនអាហារូបករណ៍១០០% ស្មើនឹងទឹកប្រាក់ ៩០០០ដុល្លារក្នុងមួយឆ្នាំសម្រាប់សិស្សឆ្នើមនិទ្ទេសA ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ មានជីវភាពមិនធូរធារ ដោយពិនិត្យមើលទៅលើជីវភាពគ្រួសារជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រមទាំងភ្ជាប់ជាមួយលិខិតបញ្ជាក់ពីឃុំ-សង្កាត់។"
ចំណែកឯមុខជំនាញដែលសិស្សអាចជ្រើសរើស មានតែមួយគត់ គឺផ្នែកកិច្ចការសកលលោក (Global Affair) ។
២. សាកលវិទ្យាល័យហ្សាម៉ាន់
សកលវិទ្យាល័យហ្សាម៉ាន់ ដែលមានគុណភាពនិងឈ្មោះល្បីជាយូរមកហើយដែរ មានអាហារូបករណ៍៣ប្រភេទផ្សេងគ្នាដូចជា ការផ្តល់ជូនដល់សិស្សពូកែទូទាំងប្រទេស អាហារូបករណ៍ទៅតាមនិទ្ទេស និងការប្រឡងនៅសាលាផ្ទាល់តែម្តង។
លក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍ ដោយការប្រឡង៖
សិស្សានុសិស្សអាចប្រឡងទៅតាមមុខជំនាញដែលខ្លួនបានជ្រើសរើស ដោយធ្វើការចុះឈ្មោះ និងទិញពាក្យប្រឡង មានតម្លៃ៥ដុល្លារ នៅសាកលវិទ្យាល័យហ្សាម៉ាន់ ឲ្យបាន មុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ។
សម្រាប់មុខជំនាញវិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មស្ថាបត្យកម្ម វិញ្ញាសាដែលត្រូវប្រឡងរួមមានរូបវិទ្យា គណិតវិទ្យា និងតក្កវិទ្យា។ ចំណែកជំនាញក្រៅពីនេះ វិញ្ញាសាមានគណិតវិទ្យា និងតក្កវិទ្យា ប៉ុន្តែសម្រាប់មុខជំនាញទំនាក់ទំនងអន្តរជាតិវិញ តម្រូវឲ្យប្រឡងផ្នែកចំណេះដឹងទូទៅតែប៉ុណ្ណោះ។
អ្នកសម្របសម្រួល ផ្នែកការិយាល័យសាធារណៈ ពុទ្ធិកា រដ្ឋា បានបញ្ជាក់ថា "ការផ្តល់អាហារូបករណ៍តាមរយៈ ការប្រឡងមាន៣កម្រិត ១០០%, ៧៥%, ៥០% និង២៥% អាស្រ័យទៅលើពិន្ទុដែលទទួលបាន។"
៣. CamEd Business School
CamEd Business School គឺជាសាលាមួយដែលល្បីផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ សាលានឹងបើកឲ្យមានការចុះឈ្មោះប្រឡងអាហារូបករណ៍ដោយឥតគិតថ្លៃរហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ។
លក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍ ដោយការប្រឡង៖
ការប្រឡងមានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងគណិតវិទ្យា ហើយដំណាក់កាលបន្ទាប់គឺកាសម្ភាសន៍ផ្ទាល់មាត់ ជាភាសាអង់គ្លេស ដែលមានរយៈពេលសរុប២ម៉ោង។ អាហារូបករណ៍ មានការផ្តល់ឲ្យចាប់ពី ៥០០-១០០ដុល្លារ។
៤. សកលវិទ្យាល័យកម្ពុជា (UC)
ដើម្បីលើកស្ទួយវិស័យអប់រំចូលរួមជំរុញការបណ្តុះបណ្តាលធនធានមនុស្ស និងសម្រួលជីវភាពប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជាសកលវិទ្យាល័យកម្ពុជា (UC) ផ្តល់អាហារូបករណ៍ ដល់ទៅ៣០៥០ មានដូចជា អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រគ្រប់ឆ្នាំសិក្សា ទៅលើសាលាសិល្បៈច្នៃប្រឌិត មហាវិទ្យាល័យព័ត៌មាន និង គមនាគមន៍។
ចំណែកអាហារូបករណ៍ ១០០% ផ្សេងទៀត គឺសម្រាប់ថ្នាក់បរិញ្ញាបត្រសិស្សប្រឡងបាក់ឌុបឆ្នាំ២០១៨ រួមមាន សាលាពាណិជ្ជកម្មតូនីហ្វឺណាន់ដេស មហាវិទ្យាល័យសិល្បៈ និងមនុស្សសាស្រ្ត មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យច្បាប់ សាលាភាសាបរទេស មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមហាវិទ្យាល័យសង្គម។ ការទទួលពាក្យប្រឡង ចាប់ពី ថ្ងៃនេះរហូតដល់ ថ្ងៃទី២ ខែតុលាឆ្នាំ២០១៨ ។
លក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍ ដោយការប្រឡង៖
ការប្រឡងចែកជាពីរប្រភេទគឺ I-track និង K-track។ K- track គឺជាការប្រឡង ដែលមានវិញ្ញាសាជាភាសាខ្មែរ ភាគច្រើនសម្រាប់សិស្សដែលចង់ប្រឡងចូលរៀនផ្នែកច្បាប់ សិល្បៈច្នៃប្រឌិត មហាវិទ្យាល័យព័ត៌មាន និង គមនាគមន៍ ជាដើម។ បើនិយាយពី I-track វិញ គឺជាការប្រឡង ដែលមានវិញ្ញាសាជាភាសាអង់គ្លេស ដែលទាក់ទងទងនឹងចំណេះដឹងទូទៅផ្សេងៗ៕
ចុចអានបន្ត៖