ចង់បានអាហារូបករណ៍បន្ថែមទៅរៀននៅអាមេរិក គួរដឹងដំណាក់កាលសំខាន់ៗសម្រាប់ត្រៀមខ្លួន
- 2018-08-15 00:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានអាហារូបករណ៍បន្ថែមទៅរៀននៅអាមេរិក គួរដឹងដំណាក់កាលសំខាន់ៗសម្រាប់ត្រៀមខ្លួន
យុវតីខ្មែរ សុខ សេតា វ័យ២៦ឆ្នាំ ជានិស្សិតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក ជំនួញអន្តរជាតិ នៅសកលវិទ្យាល័យ Hult ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិកបានចែករំលែកបទពិសោធន៍ខ្លះៗមកកាន់វិបសាយ កញ្ញា ទាក់ទងទៅនឹងការទទួលបានអាហារូបករណ៍បន្ថែម ពីថ្នាក់អនុបណ្ឌិតផ្នែកទីផ្សារ ឥតបង់ថ្លៃ១០០% និងការរៀបចំឯកសារពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត តាមដំណាក់កាលនីមួយៗ។
**ដំណាក់កាលទី១៖ ដឹងពីគោលដៅដែលខ្លួនចង់ទៅឲ្យបានច្បាស់លាស់**
នេះគឺជាជំហានដំបូងគេបង្អស់ ដែលអ្នកត្រូវតែត្រៀមខ្លួនរួចរាល់ ព្រមទាំងសម្រេចចិត្តឲ្យបានច្បាស់លាស់ថាប្រទេសណាដែលខ្លួនចង់ទៅ ហើយធ្វើការស្រាវជ្រាវពីព័ត៌មានតាមវិបសាយ របស់សកលវិទ្យាល័យនៅក្នុងប្រទេសនោះ ដើម្បីដឹងថាគេទាមទារតម្រូវឲ្យអ្នកមានអ្វីខ្លះ។
ជាក់ស្តែងនៅសកលវិទ្យាល័យ Hult ដែល សេតា កំពុងតែសិក្សានេះដែរ គឺតម្រូវឲ្យធ្វើតេស្តប្រឡង (ទាក់ទងចំណេះដឹងក្នុងជំនាញដែលត្រូវរៀន) និងមាន GPA ចាប់ពី ៣,០០ ឬមានពិន្ទុ IELTS ចាប់ពី ៦,៥ ឡើងទៅ។
ដំណាក់កាលទី២៖ ធ្វើតេស្តប្រឡងតាមវិបសាយសាលា
បន្ទាប់ពីបានព័ត៌មានជាក់លាក់ និងសម្រេចចិត្តរួចរាល់អស់ហើយ អ្នកត្រូវធ្វើតេស្តប្រឡងតាមវិបសាយដែលសាលាផ្ញើឲ្យ។ នៅដំណាក់កាលទី២នេះ អ្នកត្រូវឆ្លើយឲ្យបានគ្រប់សំណួរ និងពិនិត្យមើលឲ្យបានត្រឹមត្រូវ មុនផ្ញើទៅឲ្យខាងសាលាវិញ។
ដំណាក់កាលទី៣៖ Statement of Purpose
Statement of Purpose គឺជាសំណុំឯកសារដ៏សំខាន់ ដែលអ្នកត្រូវសរសេររៀបរាប់ពីគោលបំណង និងព័ត៌មានពីការសិក្សារបស់អ្នក ដោយផ្អែកទៅលើចំណុច៤ធំៗដែលសាលាដាក់ឲ្យ មានដូចជា៖
១. និយាយរៀបរាប់ពីជីវប្រវត្តិនៃការសិក្សាកន្លងមករបស់អ្នក។
២. ពន្យល់ពីហេតុផលដែលអ្នកចង់ទៅសិក្សានៅក្រៅប្រទេស។
៣. ប្រាប់ពីមុខវិទ្យា ដែលអ្នកចង់រៀនពេលទៅដល់អាមេរិក។
៤. ប្រាប់ពីមុខជំនាញដែលអ្នកមានសព្វថ្ងៃ និងគោលដៅដែលអ្នកចង់ធ្វើបន្ទាប់ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅអាមេរិក។
និស្សិតអាហារូបករណ៍រូបនេះបានបន្តទៀតថា "គ្រប់ចំណុចទាំងអស់ត្រូវឆ្លើយឲ្យបានក្បោះក្បាយ ច្បាស់លាស់ ហើយត្រូវប្រាកដថា ខ្លូនអ្នកពិតជាមានការតាំងចិត្តខ្ពស់ និងមានបំណងចង់ទៅរៀននៅទីនោះពិតមែន ប៉ុន្តែមិនត្រូវសរសេរច្រំដែលពេកទេ" ។
ដំណាក់កាលទី៤៖ លិខិតយោងពីលោកគ្រូឬអ្នកគ្រូសាស្ត្រាចារ្យ ( Reference Letter )
នារីមកពីខេត្តសៀមរាបខាងលើបានបញ្ជាក់ត្រង់ចំណុចនេះថា "អ្នកត្រូវធ្វើការស្នើសុំ លិខិតយោង ( Reference Letter ) ពីលោកគ្រូឬអ្នកគ្រូសាស្ត្រាចារ្យដែលធ្លាប់បង្រៀនអ្នក យ៉ាងហោចណាស់ឲ្យបាន២ទៅ៣នាក់ ដើម្បីដាក់ភ្ជាប់ជាមួយឯកសារផ្សេងទៀត។"
ដំណាក់កាលទី៥៖ រៀបចំឯកសារដែលចាំបាច់
ឯកសារចាំបាច់ មានដូចជា ពិន្ទុ IELTS ឬពិន្ទុ TOEFL និងលិខិតបញ្ជាក់បទពិសោធន៍ការងារដែលអ្នកមាននៅប្រទេសខ្មែរ ព្រមទាំងឯកសារពាក់ព័ន្ធដែលបានរៀបរាប់តាមដំណាក់កាលខាងលើ ត្រូវផ្ញើទៅឲ្យខាងសាលាទាំងអស់តាមរយៈអ៊ីមែល។
ដំណាក់កាលទី៦៖ ការទទួលលទ្ធផល
ត្រឹមតែ១ទៅ២ថ្ងៃប៉ុណ្ណោះ សាលានឹងផ្ញើលទ្ធផលមកវិញដូចបំណង។ ពេលដឹងថាជាប់ហើយ សាលាទាមទារឲ្យអ្នកកក់លុយ ២០% ស្មើនឹង ២៥០០ដុល្លារ ដើម្បីធានាថា អ្នកនឹងទៅរៀននៅទីនោះពិតប្រាកដមែន។ គួរបញ្ជាក់ដែរថា ដំបូងនាងគ្រាន់តែដាក់ពាក្យប្រឡងមករៀនបង់ថ្លៃធម្មតាទេ ប៉ុន្តែដោយសារតែមានបទពិសោធន៍ការងារផ្នែកធនាគារដ៏ទៅ៣ឆ្នាំ ទើបធ្វើឲ្យខាងសាលានៅអាមេរិកបើកឧកាសផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ១០០% ស្មើនឹងសាច់ប្រាក់ ៤៥០០០ដុល្លារ ដើម្បីបន្តថ្នាក់អនុបណ្ឌិតផ្នែកទីផ្សារ បន្ទាប់ពីនាងបញ្ចប់ជំនាញផ្នែកជំនួញអន្តរជាតិ។
ដំណាក់កាលទី៧៖ ផ្នែកសម្ភាសន៍ផ្ទាល់មាត់នៅទូតអាមេរិក
ក្នុងរយៈពេល៣ខែ មុនឈានចូលដល់ការសម្ភាសន៍ និស្សិតស្រីដ៏មានសមត្ថភាពរូបនេះបានបន្តថា "ទោះបីជាសិស្សបង់ថ្លៃពេញ ឬជាសិស្សអាហារូបករណ៍ក៏ដោយ អ្នកត្រូវដាក់លុយតម្កល់នៅក្នុងគណនេយ្យធនាគារ ឲ្យលើសចំនួននៃថ្លៃសាលាដែលត្រូវបង់” ។
មុនត្រៀមចូលទៅសម្ភាសន៍ អ្នកត្រូវប្រមូលឯកសារពាក់ព័ន្ធទាំងអស់ មានដូចជារូបថត សៀវភៅធនាគារដែលអ្នកបានតម្កល់លុយ លិខិតបញ្ជាក់របរការងាររបស់ឪពុកម្តាយ...។ អ្វីដែលសំខាន់គឺ ត្រូវដឹងពីព័ត៌មានលម្អិតទាំងអស់របស់សាសា និងគោលបំណងច្បាស់លាស់របស់អ្នក ជៀសវាងភាពរអាក់រអួល និងឆ្លើយសំណួរខុសក្នុងអំឡុងពេលសម្ភាសន៍។
ការសម្ភាសន៍ គឺនិយាយជាភាសាអង់គ្លេស ចំណាយពេលប្រមាណតែ៥នាទីប៉ុណ្ណោះ ប៉ុន្តែអ្នកខ្លះដល់ទៅ៣០នាទីក៏មាន បន្ទាប់មកទៀតទូតអាមេរិកនឹងប្រាប់លទ្ធផលភា្លមៗ ក្រោយធ្វើការសម្ភាសន៍រួច។
ដំណាក់កាលទី៨៖ រៀបចំសម្ភារដើម្បីចេញដំណើរ
ក្រោយពីបានដឹងលទ្ធផល និងអាចមានសិទ្ធិទៅរៀននៅអាមេរិកពេញលេញហើយ កញ្ញា សុខ សេតា រំភើបជាខ្លាំង មិនបង្អង់ក៏បានរៀបចំវ៉ាលី២ផ្សេងគ្នា មួយសម្រាប់ដាក់សម្លៀកបំពាក់ និងមួយទៀតសម្រាប់ដាក់ម្ហូបអាហារខ្មែរក្រៀមក្រោះ ដូចជាត្រីងៀតប្រឡាក់ជាដើម ដោយធ្វើការវេចខ្ចប់ឲ្យបានត្រឹមត្រូវ បន្លែនិងផ្លែឈើគឺត្រូវហាមដាច់ខាត។
ចំណែកឯទម្ងន់កំណត់របស់វ៉ាលីមិនឲ្យលើសពី៤០គីឡូក្រាមនោះទេ។ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ នាងបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើដំណើរចាកចេញពីទឹកដីកំណើត ដើម្បីទៅក្រេបយកចំណេះដឹង ទទួលយកបរិយាកាស និងបទពិសោធន៍ថ្មីសម្រាប់ជីវិត៕
ដើម្បីដឹងឲ្យកាន់តែច្បាស់ពីទិដ្ឋភាព ការប្រឈមផ្សេងៗ និងរសជាតិជីវិតនៅក្នុងអំឡុងពេលសិក្សានៅទីនោះ សូមចាំតាមដាននៅអត្ថបទក្រោយៗទៀត។
ចុចអានបន្ត៖