មិន​ចង់​មាន​វិប្បដិសារី សម្ដី​ ១០​ឃ្លា​​នេះ​មិន​គួរ​និយាយ​ទៅ​កាន់​​ឪពុក​ម្ដាយ​ឡើយ

  • 2018-07-03 00:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុក​ម្ដាយ​ព្រម​លះបង់​គ្រប់យ៉ាង​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ស្រស់​បំព្រង។ នៅ​ពេល​យើង​ធំ​ឡើង ពួក​គាត់​ក៏​កាន់​តែ​ចាស់។ នៅ​ពេល​ឪពុក​ម្ដាយ​មាន​អាយុ​ច្រើន​ នោះ​ក៏​ប្រៀប​ដូច​ជា​ពេល​ដែល​យើង​នៅ​តូច ដែល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នៃ​​គ្រប់​យ៉ាង​ក្នុង​លោក។ ពួក​គាត់​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​រអ៊ូ ពេល​ខ្លះ​មាន​រឿង​មួយ​ចំនួន​ក៏​ធ្វើ​មិន​បាន​ត្រឹមត្រូវ មិន​ទាន់​សម័យ​កាល ត្រូវ​ពឹងព​រក​ជំនួយ​ពី​កូន​ៗ​ញឹកញាប់។ ដូច្នេះ មិន​ថា​យ៉ាង​ណា យើង​ក៏​មិន​គួរ​និយាយ​ពាក្យ​​ខាង​ក្រោម​នេះ​ជាមួយ​ឪពុក​ម្ដាយ​របស់​ខ្លួន​នោះ​ដែរ ព្រោះ​វា​​ជា​​ពាក្យ​វាយ​ប្រហារ​ផ្លូវ​ចិត្ត​គាត់​ខ្លាំង ហើយ​នឹង​ធ្វើ​ឲ្យ​យើង​សោកស្ដាយ​ខ្លាំង​នៅ​ពេល​ក្រោយ៖

១. និយាយ​ច្រើន​មែន (ព្រោះ​ពួក​គាត់​តែង​បារម្ភ​ពី​អ្នក ទើប​និយាយ​ជាមួយ​អ្នក​មិន​ឈប់)

២. មាន​រឿង​អី​ បើ​អត់​មាន​​ខ្ញុំ​ដាក់​ទូរសព្ទ​ចុះ​ហើយ​ណា៎ (និយាយ​ជាមួយ​ពួក​គាត់​បន្តិច​ទៅ មិន​បាច់​ត្រូវ​មាន​រឿង​សំខាន់​ទើប​ទូរសព្ទ​រក​គ្នា​នោះ​ទេ)

៣. ពុកឯង​/ម៉ែ​ឯង​មិន​ដឹង​រឿង​ មិន​បាច់​មក​សួរ​ទេ (ពួក​គាត់​គ្រាន់​តែ​ចង់​ដឹង​ថា​អ្នក​​កំពុង​ជួប​បញ្ហា​អ្វី​ប៉ុណ្ណោះ)

៤. ប្រាប់​ច្រើន​ដង​ហើយ តែ​ម៉េច​ក៏​នៅ​តែ​ធ្វើ​មិន​បាន? (មនុស្ស​ចាស់​មិន​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​ដូច​ក្មេង​នោះ​ទេ)

៥. គំនិត​ពុកឯង​/ម៉ែ​ឯង​វា​ហួស​សម័យ​ហើយ (ដំបូន្មាន​របស់​ពួក​គាត់​អាច​នឹង​ជួយ​អ្នក​មិន​បាន ប៉ុន្តែ​គួរ​ស្ដាប់​ពួក​គាត់​និយាយ​ខ្លះ​ក៏​មិន​ខាត​បង់​អ្វី​ដែរ)

៦. ពី​ពេល​នេះ​ទៅ​​ទុក​របស់​របរ​​ឲ្យ​ខ្ញុំ​ទៀត​ទេ មើល​​ចុះ រក​​គ្មាន​ឃើញ​ទេ (ឪពុក​ម្ដាយ​គាត់​គ្រាន់​តែ​ចង់​ជួយ​យើង​ខ្លះ​ទេ​តើ!)

៧. ខ្ញុំ​ចង់​ញ៉ាំ​អី ខ្ញុំ​ចាប់​ខ្លួន​ឯង​ហើយ មិន​បាច់​ចាប់​ឲ្យ​ខ្ញុំ​ទេ

៨. ប្រាប់​ហើយ​ថា​កុំ​ហូប​របស់​នៅ​សល់ ម៉េច​ក៏​អត់​ស្ដាប់​សោះ​អីចឹង? (វា​ជា​ទម្លាប់​របស់​គាត់​យូរ​មក​ហើយ ចង់​ផ្លាស់​ប្ដូរ​វា​មិន​ងាយ​ទេ)

៩. ដឹង​ហើយ មិនបាច់​និយាយ​ច្រើន​ដង​ទេ ធុញ​ណាស់ (គាត់​ជា​ឪពុក​ម្ដាយ​និយាយ​ច្រើន​ខ្លះ​មិន​បាន? បើ​មិនមែន​កូន​គាត់​ ក៏​គាត់​មិន​និយាយ​ដែរ)

១០. របស់​អស់​នេះ​លែង​ប្រើ​ទៀត​ហើយ ទុក​វា​នៅ​ហ្នឹង​ធ្វើ​អី?

ការ​ដែល​យើង​អាច​មើល​ថែ​ឪពុក​ម្ដាយ​បាន​ វា​គឺ​ជា​រឿង​ដែល​ល្អ​និង​មាន​សេចក្ដី​សុខ​បំផុត មិន​ថា​ពេល​ខ្លះ​មាន​អារម្មណ៍​ហត់​នឿយ ពេល​ខ្លះ​អាច​នឹង​ឈ្លោះ​គ្នា ប៉ុន្តែ​ក្ដី​ស្រលាញ់​រវាង​​ឪពុក​ម្ដាយ​កូន​គឺ​គ្មាន​ថ្ងៃ​​ប្រែប្រួល​នោះ​ទេ។ សូម​កុំ​ធ្វើ​ឲ្យ​ពួក​គាត់​ខូច​ចិត្ត ពុំ​ដូច្នោះ​ទេ​នៅ​ពេល​ពួក​គាត់​លា​ចាក​លោក​ទៅ យើង​នឹង​ត្រូវ​ស្ដាយ​ក្រោយ ៕

ចុចអាន៖

ប្រភព៖ liekr ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម