ចង់​​ឲ្យ​មនុស្ស​ខ្លួន​លួច​ស្រឡាញ់​ចាប់​អារម្មណ៍​វិញ វិធីសាស្ត្រទាំង​​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ

  • 2018-04-11 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​ហើយ ប៉ុន្តែ​​​​បែរ​ជា​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​វិញ នរណា​ដែល​ថា​មិន​ខូច​ចិត្ត​នោះ។ អ្នក​ប្រហែល​គិត​ថា មក​ពី​ខ្លួន​មិន​សូវ​ស្អាត មិន​សូវ​ឆ្លាត មិន​សូវ​ពូកែ​ដូច​គេ ទើប​គាត់​មិន​យក​ភ្នែក​មើល​សោះ។ ផ្ទុយ​ស្រឡះ ការ​ពិត​​អ្នក​មិន​ចាំបាច់​មាន​ចំណុច​ពិសេស​ៗ​អ្វី​ច្រើន​ទេ ត្រឹម​ដឹង​វិធីសាស្ត្រ​សាមញ្ញ​ៗ ៣ យ៉ាង​នេះ ​អ្នក​ប្រាកដ​ជា​អាច​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​វិញ​ភ្លាមៗ​តែ​ម្ដង៖

១.បង្ហាញ​អារម្មណ៍​រីករាយ ស្រស់ស្រាយ​​ជា​ប្រចាំ

មនុស្ស​ដែល​រីករាយ មិន​ចេះ​វាយ​ឫក នរណា​ៗ​ក៏​ចង់​នៅ​ក្បែរ​ដែរ។ អ្នក​ត្រូវ​តែ​ញញឹម ឲ្យ​បាន​ច្រើន​ជា​ប្រចាំ​ថ្ងៃ​។ អារម្មណ៍​ល្អ មិន​សូវ​ចេះ​រៀបរាប់​ទុក្ខសោក គិត​តែ​ក្នុង​ផ្លូវ​វិជ្ជមាន គឺ​ជា​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចូលចិត្ត ចង់​រាប់អាន ចង់​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​ ដូច្នេះ​អ្នក​ប្រាកដ​ជា​ក្លាយ​ខ្លួន​ជា​មនុស្ស​លេចធ្លោ​ម្នាក់​ក្នុង​ក្រសែ​ភ្នែក​គាត់​ក្នុង​ពេល​​ឆាប់ៗ។

២.និយាយ​ពី​គោល​គំនិត​ ដែល​អ្នក​ទាំង​ពីរ​​ឲ្យ​តម្លៃ​ខ្ពស់​ដូច​គ្នា

ដំបូង​អ្នក​ត្រូវ​សិក្សា​ពី​គាត់​ឲ្យ​ច្បាស់​ជា​មុន​សិន​ថា តើ​គាត់​ជា​មនុស្ស​ប្រភេទ​ណា? ជាក់ស្ដែង​មនុស្ស​ដែល​ជឿ​លើ​អំពើ​ល្អ និង​ស្រឡាញ់​ពាក្យ​សច្ចៈ ប្រាកដ​ជា​មិន​ចង់​ចំណាយ​ពេល​ជាមួយ​អ្នក​ចូលចិត្ត​និយាយ​កុហក និង​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន​ឡើយ។ អ្នក​ត្រូវ​ស្វែងរក​ចំណុច​ដូច​គ្នា​រវាង​គាត់ និង​អ្នក​ឲ្យ​ឃើញ ទើប​អាច​​ទាញ​ការ​ចាប់អារម្មណ៍​បាន។ ប៉ុន្តែ​ហាម​ដាច់​ខាត​កុំ​ក្បត់​ឧត្ដមគតិ ព្យាយាម​សម្ដែង​ទាំង​បង្ខំ​ខ្លួន​ឯង​ស្រប​តាម​គាត់​​មួយ​គ្រា​សិន​ឲ្យ​សោះ។

រូបតំណាង

**៣.ហៅ​ឈ្មោះ​របស់​គាត់**

តាម​ការ​សិក្សា​មួយ​បញ្ជាក់​ថា ការ​ហៅ​ឈ្មោះ គឺ​ជា​វិធីសាស្ត្រ​ដ៏​លឿន​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​ចំណាំ និង​ស្គាល់​យើង​កាន់​តែ​ច្បាស់។ សូម​កុំ​មាន​ការ​ភ័យ​ខ្លាច​ឲ្យ​សោះ ហៅ​ឈ្មោះ​របស់​គាត់​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សម្ដី​បែប​សុភាពរាបសារ ទន់ភ្លន់ ផ្អែមល្ហែម​ នោះការ​ផ្ដោត​អារម្មណ៍​របស់​គាត់​នឹង​រត់​មក​រក​អ្នក​ខ្លាំង​ទៅ​ៗ​ជាក់ជា​មិន​ខាន៕

ចុចអាន៖ស្រឡាញ់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ​តែ​កុំ​លះបង់​របស់​ផ្ទាល់​ខ្លួន​ទាំង​នេះ​ទៅ​គេ​ឲ្យសោះ

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ទ្រី រ៉ាវី