កុំ​ទាន់​បញ្ចប់​ទំនាក់ទំនង​ទាំង​តក់​ក្រហល់ បើ​ដៃគូ​នៅ​មាន​ចំណុច​ល្អ ៦ យ៉ាងនេះ

  • 2018-04-03 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​គិត​ថា អ្នក​អាច​រក​បាន​មនុស្ស​ល្អ​ថ្មី​ផ្សេង​ទៀត បន្ទាប់​ពី​អ្នក​បញ្ចប់​ទំនាក់ទំនង​ដែល​កំពុង​ប្រេះស្រាំ​មួយ​នេះ។ ជា​ការ​ពិត កម្ទេច​អ្វី​មួយ គឺ​ស្រួល​ជាង​ជួសជុល​វា​ឆ្ងាយ​ណាស់ យ៉ាងណាមិញ ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី​នៅ​ថ្ងៃ​ក្រោយ អ្នក​ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​សម្រេច​ចិត្ត​រឿង​ដ៏​សំខាន់​បែប​នេះ។ ស្វែងរក​សញ្ញា​ទាំង ៦ ខាង​ក្រោម ព្រោះ​វា​ជួយ​អ្នក​ឲ្យ​ដឹង​ថា គាត់​នៅ​តែ​ជា​ជម្រើស​ប្រសើរ​ដែល​អ្នក​មិន​គួរ​បោះបង់​ចោល​ឡើយ៖

១.អ្នក​និង​គាត់​ស៊ី​ចង្វាក់​គ្នា​រឿង​​លើ​គ្រែ

តាំង​ពី​ចាប់​ដៃ​គ្នា​ជា​គូ​មក អ្នក​ទាំង​ពីរ​មិន​ដែល​ជួប​បញ្ហា​រឿង​លើ​គ្រែ​ឡើយ។ គាត់​ជា​មនុស្ស​ដែល​ពូកែ និង​ចេះ​សម្របសម្រួល​រឿង​មួយ​នេះ​បាន​យ៉ាង​ល្អ​បំផុត។ តើ​អ្នក​ប្រាកដ​ទេ​ថា ប្រសិន​បែក​ពី​គាត់​ទៅ​អ្នក​​អាច​រក​មនុស្ស​ដែល​ល្អ​ស្មើ​គាត់​បាន?

២.ឈ្លោះ​គ្នា​តែ​រឿង​តូចតាច​ប៉ុណ្ណោះ

អ្នក​ចង់​មើល​រឿង​ភាគ ប៉ុន្តែ​គាត់​ចង់​មើល​បាល់ទាត់​! អ្នក​ចូលចិត្ត​ញ៉ាំ​បន្លែ ប៉ុន្តែ​គាត់​ចូលចិត្ត​ញ៉ាំ​សាច់! ពេល​ខ្លះ​អ្នក​ហត់នឿយ​ជាមួយ​រឿង​តូចតាច​បែប​នេះ​ខ្លាំង​ពេក ក៏​លែង​ចង់​បន្ត​ទៅ​ទៀត។ ប៉ុន្តែ​សួរ​ខ្លួន​ឯង​ថា ចំពោះ​​បញ្ហា​ធំ​ៗ​ដូចជា តម្លៃ​នៃ​ជីវិត ជំនឿ ក្រម​សីលធម៌ តើ​អ្នក​ទាំង​ពីរ​ដែល​​​មាន​គំនិត​ប្រឆាំង​គ្នា​ទេ? បើ​មិន​មាន​ទេ វា​ជា​រឿង​ល្អ​ណាស់។ ឈប់​ខ្វល់ខ្វាយ​ជាមួយ​ជម្លោះ​កំប៉ិកកំប៉ុក​ទាំង​ប៉ុន្មាន​ទៅ រួច​ព្យាយាម​ស្រុះស្រួល​តាម​គ្នា​ខ្លះ​ទៅ។

៣.ក្បែរ​គ្នា​អ្នក​រឹងមាំ​ខ្លាំង ជាង​ពេល​ឆ្ងាយ​គ្នា

គាត់​ជា​មនុស្ស​ដែល​ពូកែ​ក្នុង​ការ​​ជំរុញ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ប្រសើរ មាន​សមត្ថភាព រឹងមាំ និង​ឆ្លាតវៃ​ម្នាក់។ នៅ​ក្បែរ​គាត់ អ្នក​មាន​អារម្មណ៍​កក់ក្ដៅ ព្រោះ​គាត់​តែង​មើល​ថែ​សុខភាព ផ្លូវ​កាយ ផ្លូវ​ចិត្ត​អ្នក​បាន​យ៉ាង​ល្អ។ សូម​កុំ​ឲ្យ​ចិត្ត​ឆេវឆាវ​មួយ​ពេល​របស់​អ្នក ធ្វើ​​ឲ្យ​អ្នក​ស្ដាយក្រោយ​​មួយ​ជីវិត​ឲ្យ​សោះ។

៤.គាត់​តែងតែ​គាំទ្រ​ក្ដី​ស្រមៃ​របស់​អ្នក

ពេល​អ្នក​និយាយ​ថា ចង់​ឈប់​ធ្វើ​ការ រួច​ទៅ​​បើក​ហាង​លក់​សម្លៀកបំពាក់​វិញ គាត់​ក៏​គាំទ្រ​ពេញ​ទំហឹង និង​ជួយ​ជ្រោមជ្រែង​អ្នក​អស់​ពី​លទ្ធភាព។ និយាយ​រួម​គាត់​មិន​ដែល​មើល​ស្រាល​ក្ដី​ស្រមៃ​អ្នក​ឡើយ មាន​តែ​ព្យាយាម​ជួយ​អ្នក​ឲ្យ​សម្រេច​វា​បាន​ឆាប់​រហ័ស។

៥.បាន​កសាង​អ្វី​មួយ​រួម​គ្នា

ប្រសិន​អ្នក និង​ដៃ​គូ​បាន​ប្រឹងប្រែង​កសាង​អ្វី​មួយ​រួម​គ្នា​ដូចជា៖ គ្រួសារ​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ មុខ​ជំនួញ ឬ​គម្រោង​នានា អ្នក​មិន​គួរ​បញ្ចប់​ទំនាក់ទំនង​ជាមួយ​គាត់​សោះ​ឡើយ។ នៅ​ពេល​អ្នក​បែក​ផ្លូវ​គ្នា អ្នក​នឹង​ឃើញ​ដាន​ជើង​គាត់​នៅ​គ្រប់​ទី​កន្លែង​ទាំង​នោះ ហើយ​វា​ពិត​ជា​រឿង​ឈឺចាប់ ពិបាក​កាត់​ចិត្ត​ខ្លាំង​ណាស់។

៦.គាត់​មាន​ឆន្ទៈ​ផ្សះផ្សា​ទំនាក់ទំនង​នេះ​ឲ្យ​ល្អ​ឡើង​វិញ

នៅ​ពេល​ដែល​មាន​បញ្ហា​កើតឡើង គាត់​តែងតែ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ និង​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​កែខៃ​កំហុស​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ស្នេហា​មួយ​នេះ​ឆ្លង​ផុត​ទុក្ខ​ភ័យ។ ទោះ​បី​វា​ធ្វើ​ឲ្យ​គាត់​ស្មុគស្មាញ​ខ្លាំង​ប៉ុណ្ណា ក៏​គាត់​នៅ​តែ​តស៊ូ​រក្សា​ចិត្ត ព្យាយាម​ជួសជុល ទំនាក់ទំនង​នេះ​ឲ្យ​ដើរ​ទៅ​មុខ​ជា​និច្ច៕

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ចុចអាន៖ស្រលាញ់​គ្នា​សម័យ​ទំនើប​ហើយ ស្រី​ៗ​កុំ​ប្រកាន់​ខ្ជាប់​គំនិត​ហួស​សម័យ​​ទាំង​នេះ​ទៀត​អី

ប្រភព៖ powerofpositivity អត្ថបទ៖ អូន បញ្ញា