ចង់​​ដើរ​លេង​បាន​សប្បាយ​ចិត្ត ដាច់​ខាត​កុំ​ភ្លេច​ធ្វើ​រឿង​ទាំង​នេះ​មុន​ចេញ​ដំណើរ

  • 2018-04-02 10:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ដែល​អ្នក​ចេញ​ទៅ​ដើរ​លេង​នៅ​កន្លែង​ណា​ម្តងៗ​ អ្នក​ច្បាស់​​ជា​មាន​អារម្មណ៍​ថា​រំភើប​​ រៀប​ចំ​វ៉ាលី​​បណ្ដើរ​ញញឹម​បណ្ដើរ​ ប៉ុន្តែ​មនុស្ស​ឆ្លាត គេ​មិន​ដែល​​ភ្លេច​ធ្វើ​រឿង​ទាំង​អស់​នេះ​ទេ​​មុន​ពេល​ចេញ​​ដំណើរ​ទៅ៖​

១. បិទ​​ប្រព័ន្ធ​ទឹក

ទុយយោ​ទឹក​អាច​លេច​​បាន​គ្រប់​ពេល​ ម្ល៉ោះ​ហើយ​ទោះ​បី​ជា​អ្នក​ចេញ​ទៅ​តិច​ឬ​ច្រើន​ថ្ងៃ​ក៏​ដោយ ពេល​ត្រលប់​មក​វិញ​អ្នក​មិន​ចង់​ឃើញ​ទឹក​​ជំនន់​ពេញ​ផ្ទះ​ទេ ខាត​ទាំង​លុយ​ ខាត​ទាំង​ពេល ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន។

២. បិទ​ឌីសង់ទ័រ​​ភ្លើង

​​មាន​ករណី​ច្រើន​ហើយ​ដែល​បាន​កើត​ឡើង ​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​នេះ ព្រោះ​អគ្គិភ័យ​​អាច​នឹង​ងាយ​ឆាប​ឆេះ​បើ​យើង​មិន​បាន​បិទ​ឌីសង់ទ័រ​​ឲ្យ​បាន​ត្រឹម​ត្រូវ។

៣. ពិនិត្យ​មើល​នៅ​ក្នុង​ទូ​ទឹកកក

កុំ​ទុក​របស់​របរ​​ដែល​អាច​រលួយ​បាន ព្រោះ​ពេល​ដែល​គ្មាន​ភ្លើង​អគ្គិសនី វា​នឹង​មាន​ក្លិន​ស្អុយ ឬ​ក៏​ដង្កូវ​ចេញ​មក ហើយ​​កុំ​ទិញ​របស់​ដាក់​ក្នុង​ទូ​ច្រើន​ពេក​ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នឹង​ចេញ​ទៅ។

៤. បោក​សំលៀកបំពាក់

កុំ​​ចាំ​តែ​មក​ពី​ដើរ​លេង​វិញ​បាន​ធ្វើ ត្រូវ​ធ្វើ​អ្វី​​ធ្វើ​ឲ្យ​ហើយ​ ព្រោះ​អ្នក​​មិន​ចាំ​បាច់​មាន​បន្ទុក​ក្រោយ​ដំណើរ​កម្សាន្ត ហើយ​ក៏​អាច​​ជៀសវាង​កុំ​ឲ្យ​ខោអាវ​មាន​ក្លិន​និង​ឡើង​ផ្កា​​អំបិល​ផង​ដែរ។

៥. បង់​ថ្លៃ​សេវាកម្ម​​ផ្សេងៗ

នៅ​ពេល​​កំពុង​តែ​ដើរ​លេង អ្នក​មិន​ចង់​​ឲ្យ​នរណា​ម្នាក់​​ខល​មក​រំឭក​​ពី​រឿង​​លុយ​កាក់​នោះ​ទេ ដូចជា​ក្រុមហ៊ុន Wi-FI ធនាគារ​​​ជាដើម។ ថ្លៃ​ទឹក​ភ្លើង​ក៏​ដូច​គ្នា​ ត្រូវ​ពិនិត្យ​មើល​វិក្កយបត្រ​​​ កាល​បរិច្ឆេទ​​ផុត​កំណត់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទើប​ពុំ​អាច​បង្ក​ការ​រំខាន​​ដល់​ដំណើរ​កម្សាន្ត​របស់​អ្នក។

៦. មាន​លេខ​សង្គ្រោះ​បន្ទាន់​និង​លេខ​អ្នក​ជិត​ខាង

វា​ជា​រឿង​សំខាន់​ក្នុង​ករណី​មាន​ហានិភ័យ​កើត​ឡើង​ជា​យថាហេតុ អ្នក​អាច​​មាន​មធ្យោបាយ​ក្នុង​ការ​ទំនាក់​ទំនង​ និង​ដឹង​ស្ថានភាព​ពី​ផ្ទះសម្បែង។​

៦. កត់​អ្វី​ៗ​ដែល​ត្រូវ​យក​ទៅ​តាម​

ធ្វើ​ដំណើរ​ម្តងៗ​មាន​ឥវ៉ាន់​ជា​ច្រើន​ដែល​អ្នក​ត្រូវ​យក​ទៅ​តាម​ខ្លួន ដូច្នេះ​ជៀស​វាង​​នូវ​ការ​ភ្លេច អ្នក​គួរ​តែ​កត់​ទុក​ ហើយ​ផ្ទៀង​ឡើង​វិញ​។

៧. មាន​ថ្នាំ​សង្កូវ

​កុំ​ភ្លេច​ឲ្យ​សោះ​ ដូចជា​ថ្នាំ​ឈឺ​ពោះ វិលមុខ ផ្ដាសាយ...ព្រោះ​ពេល​ខ្លះ​វា​អាច​នឹង​ពិបាក​រក​កន្លែង​លក់​ថ្នាំ​ដូច្នេះ​អ្នក​អាច​មាន​វិធី​ទប់​ស្កាត់​ខ្លួន​ឯង​បាន។

៨. កក់​ទុក​កន្លែង​ស្នាក់​នៅ

អ្នក​ត្រូវ​​ឆែក​រក​មើល​កន្លែង​​ស្នាក់​នៅ​ដែល​ខ្លួន​​ពេញ​ចិត្ត​ ហើយ​មាន​តម្លៃ​មួយ​ដែល​អាច​ទទួល​យក​បាន ​​នោះ​អ្នក​នឹង​មិន​ចាំ​បាច់​ពិបាក​​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ដើរ​រក ជា​ពិសេស​​បើ​អ្នក​មិន​បាន​កក់​ពេល​មាន​​បុណ្យ​ទាន​ ​អ្នក​អាច​​​នឹង​គ្មាន​កន្លែង​គេង​ក៏​ថា​បាន។

៩. មាន​គម្រោង​ចំពោះ​កន្លែង​ដែល​ត្រូវ​ទៅ

មិន​ត្រូវ​ចេះ​​តែ​ទៅ​តាម​គេ​តាម​ឯង​នោះ​ទេ ត្រូវ​មាន​គោលដៅ​ច្បាស់​លាស់​ថា​កន្លែង​ណា​ដែល​គួរ​តែ​ទៅ​លំហែ​កាយ សម​នឹង​ចំណូល​ចិត្ត​។ អ្នក​អាច​ចូល​ទៅ​ឆែក​មើល​តាម​វេបសាយ ពេល​ខ្លះ​អ្នក​នឹង​អាច​រក​ឃើញ​កន្លែង​ថ្មី​​ប្លែក​ស្អាតៗ ដែល​ពុំ​សូវ​មាន​អ្នក​ទៅ​ដល់​ ហើយ​មិន​មាន​ភាព​កកកុញ​ដូច​កន្លែង​ដែល​គេ​ស្គាល់​ច្រើន​នោះ​ឡើយ។

១០. ពិនិត្យ​មើល​យានជំនិះ

ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​ សំខាន់​ណាស់​​​ក្នុង​ការ​​ត្រួត​ពិនិត្យមើល​យានយន្ត​​របស់​អ្នក​ដូច​ជា កង់ សម្ពាធ​ខ្យល់ សាំង...។

ជា​ចុង​ក្រោយ សង្ឃឹម​ថា​ពេល​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​​​ធ្វើ​​ប៉ុន្មាន​វិធី​​ដូច​​រៀប​រាប់​ខាង​លើ សូម​ជូន​ពរ​ឲ្យ​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​ភាព​រីករាយ និង​មាន​សុវត្ថិភាព​ទាំង​អស់​គ្នា ៕

ប្រភព៖ blog.esurance ប្រែសម្រួល៖ YU Ey