ដឹងអត់ថា ជំងឺទឹកនោមផ្អែមប្រភេទទី១ កើតលើមនុស្សវ័យណា

  • 2024-10-08 02:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យយើងនេះហើយគេឈប់និយាយថានរណាម្នាក់កើតជំងឺទឹកនោមផ្អែមហើយ គេត្រូវនិយាយថា កើតជំងឺទឹកនោមផ្អែមប្រភេទអី? កើតជំងឺទឹកនោមផ្អែមប្រភេទទី១? កើតទឹកនោមផ្អែមប្រភេទទី២ រឺ កើតជំងឺទឹកនោមផ្អែមអំទ្បុងពេលមានផ្ទៃពោះ?

វេជ្ជបណ្ឌិតត្រូវរករោគវិនិច្ឆ័យ និងប្រភេទជំងឺទឹកនោមផ្អែមជូនអ្នកជំងឺអោយបានច្បាស់លាស់។

ជំងឺទឹកនោមផ្អែមប្រភេទទី១កើតលើមនុស្សវ័យកណ្តាល (Latent Autoimmune Diabetes of Adults, LADA) គឺទម្រង់មួយនៃជំងឺទឹកនោមផ្អែមប្រភេទទី១។ ទម្រង់នេះ ខុសពីទម្រង់ទូទៅនៃជំងឺទឹកនោមផ្អែមប្រភេទទី១ (កើតលើអ្នកជំងឺវ័យក្មេង ៤-១៤ឆ្នាំ; មានរោគសញ្ញាច្បាស់តាំងតែពីដំបូង៖ ស្រកទំងន់, ស្រេកទឹក, នោមច្រើន, អស់កំលាំង រឺ សន្លប់)។

ជំងឺទឹកនោមផ្អែមប្រភេទទី១កើតលើមនុស្សវ័យកណ្តាល ច្រើនរកឃើញនៅអាយុ ៣០-៥០ឆ្នាំ។ មិនសូវមានលេចចេញរោគសញ្ញាទេ។ ជាហេតុនាំអោយមានការយល់ច្រលំជាមួយជំងឺទឹកនោមផ្អែមប្រភេទទី២។

តែទោះជាយ៉ាងណាជំងឺទឹកនោមផ្អែមប្រភេទទី១កើតលើមនុស្សវ័យកណ្តាល (ក៏ដូចជំងឺទឹកនោមផ្អែមប្រភេទទី១ទម្រង់ទូទៅដែរ) បណ្តាលមកព៏ប្រពន្ធ័ភាពស៊ាំខ្លួនអ្នកជំងឺប្រឆាំងលំពែងខ្លួនឯង (កោសិការបែតា ដែលជារោងចក្រផលិតអាំងស៊ុយលីន)។

វេជ្ជបណ្ឌិតអាចបញ្ជាក់រោគវិនិច្ឆ័យដោយពិនិត្យឈាម C-Peptide រឺ Ac anti-GAD65, Ac anti-IAA, Ac anti-IA2។ ចំណែកការព្យាបាលគឺ ត្រូវចាត់ទុកដូចជំងឺទឹកនោមផ្អែមប្រភេទទី១ទាំងអស់ដែរ ។ អ្នកជំងឺត្រូវព្យាបាលដោយអាំងស៊ុយលីន។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម