តស់ ! ម៉ាក់ៗ ស្វែងយល់ពីការឈ្លក់ទឹកដោះរបស់ទារក

  • 2024-09-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។

១. អ្វីទៅជាការឈ្លក់ទឹកដោះ?

ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កអោយមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។

២. កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់?

ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖

  • ទារកដែលកើតមិនគ្រប់ខែ ឬទំងន់មិនគ្រប់

  • ទារកដែលមានបញ្ហាបេះដូង

  • ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់

  • ទារកដែលក្អែរញឹកញាប់

  • ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកអោយបៅ ឬការបំបៅមិនបានត្រឹមត្រូវ

៣. តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?

  • អាចបង្កអោយមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន

  • ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ

  • ទារកអាចនឹងមិនសូវឡើងទំងន់

៤. តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?

ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។ រោគសញ្ញាអាចមាន៖

  • លែងចង់បៅ ឬងាកចេញ

  • ប្តូរពណ៌សំបុរពីក្រហម ទៅជាស្វាយ ឬខ្មៅ

  • ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម

  • ក្អក ពេលកំពុងបៅ ឬក្រោយបៅ

  • ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់

៥. តើធ្វើដូចម្តេចកុំអោយទារកឈ្លក់ទឹកដោះ?

ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។

  • ត្រូវបំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះ។

  • រៀបចំស្ថានភាពទារកអោយបានត្រឹមត្រូវដោយ លើកទារកបញ្ឆិតអោយបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។

  • ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗអោយបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់អោយទារកគេងលើផ្ទៃរាបស្មើវិញ។

  • ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ តែញយដង។

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។ សូមចងចាំថា“ទឹកដោះម្តាយគឺជាជំរើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly