ឈ្វេងយល់ពីរោគសញ្ញាបង្កនៃ ជំងឺបាក់ស្បាត

  • 2024-02-19 01:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថែទាំសុខភាពរាងកាយជារឿងសំខាន់មួយសម្រាប់មនុស្សគ្រប់គ្នាទាំងការទទួលទាន ការរស់នៅប្រកបដោយអនាម័យនិងការប្រុងប្រយ័ត្ននៅការឆ្លងពីបរិយាកាសជុំវិញផងដែរដើម្បីទទួលបាននូវសុខភាពល្អគ្មានជំងឺឆ្លងនិងរោគប្រចាំកាយ។ ដោយឡែកបើទោះរាងកាយមានសុខភាពល្អយ៉ាងណាក៏ដោយប្រសិនបើអ្នកព្រងើយកន្តើយក្នុងការថែទាំសុខភាពផ្លូវចិត្តគឺមានការប៉ះពាល់ខ្លាំងដល់ការរស់នៅប្រចាំថ្ងៃដែលរំខានដល់ការរស់នៅរបស់អ្នកបន្តិចម្តងៗរហូតឈានដល់បញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតបើមិនទទួលការព្យាបាលទានពេលវេលា។

បញ្ហាផ្លូវចិត្តមានច្រើនប្រភេទហើយការចាប់ផ្តើមមានរោគបង្កខុសៗគ្នា ដូចជាសញ្ញាបង្កមួយគឺជំងឺបាក់ស្បាត។ ចំពោះបុគ្គល​ដែល​មាន​សញ្ញាបង្ហាញបែបនេះ អាចជា ជំងឺបាក់ស្បាត​ ហើយជំងឺនេះបាន​លេច​ចេញ​នូវ​រោគ​សញ្ញា​បង្ហាញលើផ្លូវ​កាយ និង​បង្ហាញលើផ្លូវចិត្ដដែលអ្នកជំនាញប្រឹក្សាបញ្ហាផ្លូវចិត្តរបស់ គ្លីនិកវីឃែរបញ្ជាក់ឲ្យក្រុមគ្រួសាររបស់អ្នកជំងឺក៏ដូចជាអ្នកជំងឺឈ្វេងយល់ពីអាការៈនិងរោគសញ្ញាគួរកត់សំគាល់ខាងក្រោម​គឺ ៖

១-​រោគ​សញ្ញា​បង្ហាញផ្លូវចិត្ដ ៖ ឆាប់​ភ័យ ឆាប់​រន្ធត់​តក់ស្លុត​ធ្លាប់​ជា​មនុស្ស​ដែល​មាន​ភាព​ចង​ចាំ​ល្អ​បែរជា​មនុស្ស​ឆាប់​វង្វេង វង្វាន់ ឆាប់​ភ្លេច ឆាប់​ភ្ញាក់ផ្អើល ឆាប់​មួម៉ៅ​ឡេះឡះ ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ពី​សុភាព​រាបសា​ទៅ​ជា​ឆេវឆាវ​ឆាប់​ខឹង មាន​អារម្មណ៍​ស្ពឹក​ខ្លួន ដូច​ជា​ពិការ​មួយ​ចំហៀង​ខ្លួន មាន​អារម្មណ៍​ទុក្ខសោក ចេះ​តែ​កើតទុក្ខ​ដេក​ស្រមៃ​ឃើញ​រូបភាព ឬ​ព្រឹត្ដិការណ៍​អាក្រក់​នោះ​ស្រស់​ៗ​នៅ​នឹង​មុខ​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​មួយ​រំពេច ។

២-រោគ​សញ្ញា​បង្ហាញផ្លូវ​កាយ ៖ ញ័រ​ដើមទ្រូង ញ័រ​ដៃជើង អស់កម្លាំង​ល្ហិតល្ហៃ ស្រវាំងភ្នែក​មើល​អ្វី​ឃើញ​មិន​ច្បាស់​(​ព្រាល​)​វិលមុខ គេង​មិន​លក់ ចេះ​តែ​ធី​ង​ធោ​ង​រសាប់រសល់ បែកញើស​ពេញ​ខ្លួន ត្រជាក់​ចុងដៃចុងជើង ឆ្អល់ពោះ ហូប​អ្វី​មិន​បាន ឈឺក្បាល ចុកចាប់​ពេញ​រាង​កាយ និង​ធ្វើ​ឱ្យ​អ្នកជំងឺ​អាច​ក្អួតចង្អោរ​ជាដើម ។

៣-ការ​ជួប​នូវ​ហេតុការណ៍​ធំ​ៗ​ដែល​នាំ​ឱ្យ​មាន​ភាព​តក់ស្លុតបង្ក​ឱ្យ​មាន​ជំងឺ​បាក់ស្បាត​។ សូមកុំ​បណ្ដែតបណ្ដោយ​និង​ចេះ​តែ​សម្ងំ បៀមទុក្ខ​រឿង​អាក្រក់​ទាំងនោះ​តែ​ម្នាក់ឯង ព្រោះ​អាច​ឱ្យ​មាន​ជំងឺផ្លូវចិត្ដ​ឬ​កើត​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ។

លោក​អ្នក​គួរ​ប្រាប់​ទៅ​មិត្ដ ឬ​អ្នកជា​ទីស្រឡាញ់ ឬ​ក៏​អ្នកជំនាញ​ណាមួយ ដែល​គិត​ថា​ទទួល​បាន​យោបល់​ផ្ដល់​ជាដំនោះស្រាយ ចំពោះ​លោក​អ្នក​ដើម្បី​រំសាយ​រូបភាព​ខ្មៅ​ងងឹត​នោះ​បន្ដិច​ម្ដង​ៗ​កុំឱ្យ​ដក់​ជាប់​ក្នុង​អារម្មណ៍​តទៅ​ទៀត។

៤-សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល។ ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជៀសផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ៕

ប្រភព៖​ WCMC

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម