ធ្លាប់ទេ? រកឃើញមនុស្សដែលស័ក្ដិសមហើយ តែពេលវេលាបែរជាមិនសមទៅវិញ!
- 2019-12-11 08:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ទេ? រកឃើញមនុស្សដែលស័ក្ដិសមហើយ តែពេលវេលាបែរជាមិនសមទៅវិញ!
ធ្លាប់ទេ? នៅពេលដែលបានជួបមនុស្សម្នាក់ដែលមានអត្តចរិត និង ចំណង់ចំណូលចិត្តដូចគ្នានឹងអ្នក ហើយគេអាចជាមនុស្សដែលស័ក្ដិសមនឹងអ្នកខ្លាំង តែអកុសលអី ពេលវេលាបែរជាមិនអំណោយផលទៅវិញ?
អ្នកប្រហែលជាឆ្ងល់ហើយថា មើលយ៉ាងដូចម្តេចទើបដឹងថាគេម្នាក់នោះជាមនុស្សដែលស័ក្ដិសមនឹងអ្នក បើមិនទាន់ទាំងចាប់ផ្តើមអ្វីផងនោះ? បើមនុស្សម្នាក់ដែលអ្នកទើបតែស្គាល់ ហើយអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាគេ និង អ្នកដូចមានចំណងមួយយ៉ាងមាំ ដូចស្គាល់គ្នាយូរឆ្នាំ ដូចមនុស្សយល់ចិត្តដែលអ្នកស្វែងរកជាយូរណាស់មកហើយ នោះគេអាចជាមនុស្សដែលស័ក្ដិសមនឹងអ្នកយ៉ាងច្បាស់ក្រឡែត។
លើសពីនេះទៀត គេគឺជាមនុស្សម្នាក់ដែលអាចធ្វើឱ្យអ្នករីករាយ និងមានអារម្មណ៍ល្អ គេយល់ច្បាស់ពីអ្នក គេយកចិត្តទុកដាក់ស្តាប់ រាល់ពេលអ្នកចង់និយាយរឿងក្នុងចិត្ត ហើយគេតែងលួងលោមអ្នកគ្រប់ពេលអ្នកពិបាកចិត្ត និង ខំធ្វើអ្វីគ្រប់យ៉ាងឱ្យអ្នកញញឹម។ ទង្វើល្អៗទាំងនេះ សុទ្ធសឹងជាចំណុចដែលបញ្ចាក់ថាគេជាមនុស្សស័ក្ដិសមនឹងអ្នកហើយស្រឡាញ់អ្នកពិត។ យ៉ាងណាមិញ រឿងស្នេហាក្នុងជីវិតពិតមិនដូចរឿងនិទាន ដែលច្រើនមានលក្ខណៈស្រស់បំព្រងនោះទេ។ វាតែងជួបឧបសគ្គជារឿយៗមិនដែលខានសោះ។ ជាក់ស្តែង ពេលខ្លះអ្នកជួបមនុស្សល្អនោះហើយបែរជាត្រូវលែងឱ្យគេទៅ ព្រោះអ្នកមិនអាចទទួលយកស្នេហាមួយនោះបានឡើយ។
ការរកបានមនុស្សដែលអាចធ្វើឱ្យអ្នករីករាយនិងមានក្តីសុខខ្លាំងក្នុងរយៈពេលខ្លី គឺមិនមែនជារឿងដែលចេះតែកើតឡើងនោះទេ។ តែនៅពេលដែលវាបានកើតឡើងពិតមែន វាបែរជាកើតឡើងនៅកាលៈទេសៈមួយដែលមិនស័ក្ដិសមទៅវិញ។ មូលហេតុអាចមានច្រើនដូចជា មកពីអ្នកចង់ផ្តោតលើការសិក្សា ឬ ការងារ ឬក៏អ្នកគ្មានពេលគ្រប់គ្រាន់ ។ វាក៏អាចមកពី អ្នកទើបបែកបាក់ស្នេហាថ្មីៗ មិនទាន់ត្រៀមចិត្តទទួលយកគេបាន ឬក៏អ្នកកំពុងមានស្នេហាបាត់ទៅហើយ មិនអាចធ្វើរឿងខុសឆ្គង។
មិនថាហេតុផលមួយណាក៏ដោយ វាសុទ្ធសឹងតែជាហេតុផលដែលបង្ហាញពីពេលវេលាមិនស័ក្ដិសមសម្រាប់អ្នកទាំងពីរ ហើយពេលខ្លះអ្នកប្រាកដជាមានអារម្មណ៍ថាស្តាយក្រោយជាដើម តែអ្នកគួរគិតថា បើរវាងអ្នកទាំងពីរពិតជាអាចទៅរួចមែន អ្នកប្រាកដជាអាចជួបគ្នានៅថ្ងៃណាមួយ ជាថ្មីម្តងទៀត។ យ៉ាងណាមិញ បើវាមិនកើតឡើងទេ នោះអ្នកត្រូវប្រាប់ចិត្តខ្លួនឯងថា ត្រូវទទួលយកការសម្រេចចិត្តរបស់អ្នក ហើយ ចាត់ទុករឿងទាំងឡាយដែលបានកើតឡើងជាការចងចាំមួយដ៏ល្អ៕
ចុចអានបន្ត៖ ជីវិតអាពាហ៍ពិពាហ៍ ហេតុអ្វីបែរជា "គុកឥតជញ្ជាំង" សម្រាប់មនុស្សប្រុសមួយចំនួន?