ពេលជិះយន្តហោះ ដាច់ខាតកុំនាំទុក្ខដល់អ្នកដទៃ ដោយទង្វើអសីលធម៌ទាំងនេះ

  • 2019-12-05 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​លើស​ពី ៤,៣ ពាន់​លាន​នាក់​ ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ។ ហេតុ​នេះ​ហើយ បញ្ហា​ផ្សេងៗ​តែង​តែ​កើត​ឡើង​រៀងរាល់​ថ្ងៃ​នៅ​​លើ​យន្ត​ហោះ​​​ ជៀស​មិនផុត​ទេ។ ទោះ​ជា​បែប​នេះ​ក្តី យ៉ាង​ហោច​ណាស់ មុន​​ពេល​ធ្វើ​អ្វី​មួយ ត្រូវ​ចេះ​គិត​​ក្រែង​ចិត្ត​គេ​ឯង និង​មិន​គួរ​បង្ក​ការ​រំខាន​ប៉ះពាល់​អារម្មណ៍​​អ្នក​រួម​ដំណើរ​ជាមួយ ដោយ​ទង្វើ​អសីលធម៌​ដូច​ខាង​ក្រោម​នេះ​ដាច់​ខាត៖

១. ដាក់​ជើង​នៅ​លើ​កៅអី​អង្គុយ​ ជញ្ជាំង និង​កន្លែង​ដាក់​ដៃ

​គ្មាន​អ្វី​គួរ​ឲ្យ​រំខាន​អារម្មណ៍​​ជាង​ការ​ជិះ​​​យន្តហោះ​​​អង្គុយ​នៅ​មួយ​កន្លែង​ហើយ ថែម​ទាំង​មាន​គេ​មក​ជ្រៀត​ជ្រែង​​ទៀត រក​តែ​រើ​បម្រាស់​បន្តិច​មិន​បាន។ បើ​គិត​​ថា ជើង​របស់​​ខ្លួន ស្ពឹក​ស្រពន់​ អាច​ដើរ​បន្តិច​សិន​ក៏​បាន ប៉ុន្តែ​កុំ​ចេះ​តែ​ដាក់​សណ្ដូក​ផ្តេសផ្តាស។

២. បង្វិល​ម៉ាស៊ីន​ត្រជាក់​ទៅ​​រក​ខ្លួន​ឯង

​ក្នុង​អំឡុង​ពេល​ហោះហើរ យន្តហោះ​ត្រូវ​កំណត់​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ក្នុង​កម្រិត​ទាប ដែល​ធ្វើ​ឲ្យ​​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ហប់។ ហេតុផល​​ដែល​យន្តហោះ​មាន​សីតុណ្ហភាព​ទាប ដោយ​សារ​តែ​​ត្រូវ​ការពារ​បាក់តេរី​ មិន​ឲ្យ​សាយ​ភាយ​ជុំវិញ និង​​ការពារ​អ្នក​ដំណើរ​មិន​ឲ្យ​ផ្តាសាយ។ បើ​​​បង្វិល​វា​ទៅ​រក​កៅអី​របស់​អ្នក បាក់តេរី​ងាយ​នឹង​រស់រាន​ឡើង​វិញ បង្ក​ហានិភ័យ​ដល់​​​ខ្លួន​ឯង ព្រម​ទាំង​អ្នក​អង្គុយ​ជាប់​គ្នា​ផង​ដែរ។

៣. ស្លៀក​ខោខ្លី

អ្នក​ប្រហែល​ជា​ចង់​ស្លៀក​ខោ​ខ្លី នៅ​ពេល​​ហោះ​ហើរ​​ទៅ​កាន់​គោលដៅ​ជិត​ៗ ឬ​ទៅ​ប្រទេស​ក្តៅ ប៉ុន្តែ​ការ​ស្លៀក​បែប​នេះ អាច​បណ្តាល​ឲ្យ​បាក់តារី មេរោគ​​មិន​ល្អ​នៅ​លើ​យន្តហោះ ជ្រាប​ចូល​ទៅ​ស្បែក​និង​រាងកាយ​របស់​អ្នក​បាន​យ៉ាង​រហ័ស។ មិន​តែ​ប៉ុណ្ណោះ ប្រសិន​បើ​នៅ​កន្លែង​ចង្អៀត ឬ​អង្គុយ​ជាប់​យូរ​ពេក​ អ្នក​​ងាយ​នឹង​បែក​ញើស បង្ក​ការ​រំខាន​ឬ​ក្លិន​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ ទោះ​បី​ជា​ងូត​ទឹក​ស្អាត​ក៏​ដោយ។

៤. គេង​​លក់​មុន​ពេល​យន្តហោះ​​ចេញ​ដំណើរ

នេះ​ជា​ពេល​វេលា​មួយ ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​តែ​ត្រៀម​ខ្លួន រៀប​ចំ​កាតាប​វ៉ាលី ​ស្វែង​រក​កៅអី​អង្គុយ និង​មាន​ការ​ពន្យល់​ណែនាំ​​របៀប​ការពារ​សុវត្ថិភាព។ បើ​អ្នក​មក​គេង​លង់​លក់​នៅ​ពេល​នេះ មើល​ទៅ​ពិត​ជា​មិន​សមរម្យ​សោះ​ឡើយ ហើយ​អ្នក​ក៏​បាន​ដឹង​ពី​របៀប​ការពារ​សុវត្ថិភាព​ពេល​មាន​អាសន្ន​ថែម​ទៀត។

៥. ចុច​ប៊ូតុង​ដើម្បី​ហៅ​អ្នក​បម្រើការ​លើ​យន្តហោះ

សម្រាប់​អ្នក​ជិះ​យន្ត​ហោះ​លើក​ដំបូង ប្រហែល​ជា​រំភើប​និង​ចង់​ហៅ​ពិហុនិការ​ដោយ​ចុច​ប៊ូតុង​មួយ​នេះ​។ ផ្ទុយ​​ទៅ​វិញ វា​ជា​ប៊ូតុង​សម្រាប់​ចុច​​តែ​​ពេល​មាន​អាសន្ន​ប៉ុណ្ណោះ ដូចជា​ពេល​ដែល​រូប​​អ្នក​​ឬ​អ្នក​អង្គុយ​ជាប់​មិន​ស្រួល​ខ្លួន​ ឬ​មាន​បញ្ហា​ផ្សេង​ៗ​ជា​ដើម។

៦. ដោះ​ស្បែក​ជើង​ចេញ

​ពិត​ជា​មិន​គប្បី​ទាល់​តែ​សោះ ព្រោះ​ស្រោម​ជើង​និង​ស្បែក​ជើង​ អាច​សាយ​ភាយ​ក្លិន​មិន​ល្អ​​ទៅ​កាន់​មនុស្ស​ដែល​អង្គុយ​​ជិត។ វា​ក៏​ជា​ទង្វើ​គ្មាន​សីលធម៌​ និង​​មិន​​បង្ហាញ​ការ​គោរព​​ចំពោះ​អ្នក​ដទៃ​ផង​ដែរ។

៧. ដាក់​សម្ភារ​ផ្ទាល់​ខ្លួន​ពេញ​​កន្លែង​ដាក់​ឥវ៉ាន់

អ្នក​អាច​នឹង​​គិត​ថា​កន្លែង​ដាក់​ឥវ៉ាន់​ដែល​នៅ​ចំ​ពី​លើ​នេះ​គឺ​​សម្រាប់​តែ​អ្នក​។ តាម​ការ​ពិត​ គឺ​សម្រាប់​គ្រប់​គ្នា ដូច្នេះ​​អ្នក​មិន​គួរ​ដាក់​សម្ភារៈ​ផ្ទាល់​ខ្លួន​ ដោយ​មិន​ទុក​កន្លែង​ខ្លះ​សម្រាប់​អ្នក​ដទៃ​​ឡើយ។

៨. ចូល​បង្គន់​ពេល​យន្ត​ហោះ​រៀប​នឹង​ចេញ​ដំណើរ

មុន​ពេល​ឡើង​​យន្ត​ហោះ អ្នក​អាច​ចូល​បន្ទប់​ទឹក​នៅ​ឯ​ប្រលាន​ឲ្យ​ហើយ​ ព្រោះ​ក្នុង​អំឡុង​ពេល​​ចុះ​ចត​​និង​ចេញ​ដំណើរ ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ហើយ​អ្នក​បើក​យន្ត​ហោះ​ក៏​មិន​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​ ស្រប​ពេល​មាន​អ្នក​ដំណើរ​នៅ​ក្នុង​បន្ទប់​ទឹក​ដែរ ជា​ហេតុ​​បណ្តាល​ឲ្យ​គេ​ពន្យារ​ពេល ដោយ​សារ​តែ​អ្នក​។

៩. មិន​ពាក់​ខ្សែ​ក្រវាត់

កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ ​បើ​អ្នក​មិន​ពាក់​ខ្សែ​ក្រវាត់ ​ប្រៀប​បាន​ដូច​ជា​អ្នក​កំពុង​តែ​​លេង​សើច​ជាមួយ​នឹង​សុវត្ថិភាព​អាយុ​ជីវិត​ របស់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ខ្លាំង​ណាស់។

១០. កក់​កៅអី​ជាប់​បង្អួច​ឬ​ចំ​កណ្ដាល​​ ទាំង​ដឹង​ថា​ខ្លួន​ត្រូវ​ចូល​បង្គន់​ញឹកញាប់

​បើ​ដឹង​ថា​ខ្លួន​​នោម​ទាស់​ឬ​នោម​ញឹក គួរ​ជ្រើស​រើស​កៅ​អី​ដែល​ជាប់​ផ្លូវ​ដើរ ឬ​សុំ​ផ្លាស់​ប្តូរ​គ្នា​ជាមួយ​អ្នក​អង្គុយ​ជាប់​ឲ្យ​ហើយ​​ទៅ ដើម្បី​កុំ​ឲ្យ​ការ​ចេញ​ចូល​របស់​អ្នក រំខាន​​ដល់​អ្នក​ដទៃ​ឥត​ឈប់​ឈរ។

១១. ធ្វើ​រឿង​ផ្សេងៗ​ដែល​ប៉ះ​ពាល់​អ្នក​ដទៃ

ត្រូវ​ចាំ​ថា​វា​មិន​មែន​ជា​ផ្ទះ​របស់​អ្នក​ទេ ដូច្នេះ​រាល់​ពេល​ធ្វើ​អ្វី​ៗ ត្រូវ​គិត​ក្រែង​ចិត្ត​អ្នក​ដទៃ​​ផង។ សកម្មភាព​ដែល​គួរ​ឲ្យ​រំខាន​អារម្មណ៍​ខ្លាំង​​មាន​ដូច​ជា កាត់​ក្រចក ដក​រោម​ចិញ្ចើម សម្អាត​ត្រចៀក និយាយ​គ្នា ឬ​​ឆ្លងឆ្លើយ​ជាមួយ​មិត្តភ័ក្តិ​​ឭៗ លេង​ហ្គេម​បង្ក​សំឡេង​រំខាន​ជា​ដើម​។

**តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​​ប្រិយមិត្ត​ទាំង​អស់​គ្នា​ស្អប់​បំផុត​ក្នុង​អំឡុង​ពេល​ហោះ​ហើរ? កុំ​ភ្លេច​ប្រាប់​ កញ្ញា​ ឲ្យ​ដឹង​ផង​ណា៎!​​

ចុចអានបន្ត៖ ៥ វិធី ជួយឲ្យជីវិតស្រស់ថ្លា ធ្វើការដោយក្តីរីករាយរាល់ថ្ងៃ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី