បង្ហាញជូនសួនដាយណូស័រល្បីនិងធំបំផុតនៅក្បែរៗយើងនេះ
- 2019-07-15 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញជូនសួនដាយណូស័រល្បីនិងធំបំផុតនៅក្បែរៗយើងនេះ
ឧទ្យាន Nong Nooch គឺជាសួនធម្មជាតិបែបសិប្បនិម្មិតមួយកន្លែងដ៏ល្បីឈ្មោះនៅប្រទេសថៃ មានទីតាំងនៅជិតក្រុងរមណីយដ្ឋាន Pattaya និងជាសួនធម្មជាតិ ឬហៅថាសួនដាយណូស័រដ៏ធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
សួនដ៏ទាក់ទាញនេះលាតសន្ធឹងលើផ្ទៃដីប្រមាណជាង២៤០ហិចតា ដែលទីតាំងនេះពីមុនគឺជាចម្ការសម្រាប់ដាំដុះផលានុផលក្នុងស្រុករបស់អ្នកស្រុកថៃ។
ចូលដល់ក្នុងឧទ្យាននេះ អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ ប្លែក ជាមួយទិដ្ឋភាពនៃដំណាំ និងផ្កាគ្រប់មុខ និងច្រើនប្រភេទរាប់មិនអស់ ក៏ដូចជាមានរូបសំណាកសត្វព្រៃជាច្រើន រួមទាំងដាយណូស័រផងដែរ។
ត្បិតតែមើលឃើញសុទ្ធតែរូបសំណាក មិនមែនជាសត្វពិតប្រាកដ តែអ្នកនឹងបានស្ដាប់ឮសូរសំឡេងសត្វទាំងនោះយំដូចសត្វពិតៗ ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍សត្វទាំងនោះដូចជាមានជីវិត ហើយអ្នកកំពុងស្ថិតក្នុងព្រៃដែលមានសត្វពិតប្រាកដមែន។
ក្រៅពីនេះ អ្នកនឹងបានទស្សនាការសម្ដែងអំពីវប្បធម៌របស់ជនជាតិថៃ និងការសម្ដែងរបស់សត្វដំរី ដែលជាធម្មតាមានការសម្ដែង៥ដងក្នុងមួយថ្ងៃ។
សម្រាប់ទីតាំង ឧទ្យានត្រូពិច Nong Nooch មានចម្ងាយប្រហែល២០គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុង Pattaya ឬ ចុចទីនេះដើម្បីមើលផែនទីផ្ទាល់។
សួននេះចាប់បើកពីម៉ោង៨ព្រឹក ដល់៦ល្ងាច ហើយតម្លៃសំបុត្រគឺ មនុស្សធំ៥០០បាត និង កូនក្មេង៣០០បាត តែសម្រាប់ក្មេងដែលមានកម្ពស់ក្រោម៩០ស.ម និងមនុស្សចាស់វ័យចាប់ពី៦០ឆ្នាំឡើងទៅគឺមិនគិតថ្លៃសំបុត្រឡើយ៕