បច្ចុប្បន្ន​បង្គាប់​ត្រឹម​ថ្លៃ​ទឹកដោះ​សោះថា​ពិបាក បើ​ដឹងពី​ដើម​វិញ​បាន​ដឹង​ថាដាច់​ផ្ងារ

  • 2017-10-18 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ពិធី​មង្គលការ​បច្ចុប្បន្ន​មុន​នឹង​ឈាន​ដល់​ដំណាក់​កាល​រៀបការ​ជាមួយ​គ្នា ខាង​ស្រី​តែង​បង្គាប់​ថ្លៃ​បណ្ណាការ​ឬ​ថ្លៃ​ទឹក​ដោះ ទៅ​ខាង​ប្រុស ដើម្បី​ជា​ការ​ផ្ដល់​តម្លៃ និង​បញ្ជាក់​ពី​ភាព​ស្មោះ​ស្ម័គ្រ​។ ថ្លៃ​ទឹក​ដោះ​នេះ​បាន​ចោទ​ជា​បញ្ហា​មួយ​ដល់​ខាង​ប្រុស​ ឱ្យ​តែ​ចង់​បាន​ប្រពន្ធ​ត្រូវ​តែ​ខិត​ខំ​សន្សំ​លុយ ហើយ​ពេល​មាន​អ្នក​ខ្លះ​សឹង​តែ​មិន​ហ៊ាន​យក​ប្រពន្ធ​ព្រោះ​គ្មាន​លុយ​ថ្លៃ​ទឹក​ដោះ​នេះ​ទៀត​ផង​។ ងាក​ទៅ​កាល​ជំនាន់​ដើម​ក្នុង​សង្គម​ខ្មែរ​វិញ គឺ​កាន់​តែ​លំបាក​ជាង​បច្ចុប្បន្ន​ទៅ​ទៀត​។ កាល​ពី​ដើម​តើ​គ្រួសារ​ខាង​ស្រី បង្គាប់​ឱ្យ​គ្រួសារ​ខាង​ប្រុស​ធ្វើ​អ្វី​ខ្លះ?

រូបតំណាង

**១.​បង្គាប់​ឱ្យ​សង់​ផ្ទះ**

តាំង​ពី​ជំនាន់​ដើម​រៀង​មក​គ្រួសារ​ខ្មែរ តែង​បង្គាប់​ឱ្យ​គ្រួសារ​ខាង​ប្រុស​សង់ផ្ទះ ព្រោះ​តាម​ទម្លាប់​ខ្មែរ​យើង ពេល​ណា​រៀបការ​ឱ្យ​កូន​ស្រី​ហើយ ឪពុក​ម្ដាយ​តម្រូវ​ឱ្យ​គូ​ស្វាមី​បែក​ចេញ​ទៅ​រស់​នៅ​ដោយ​ឡែក​ក្នុង​ផ្ទះ​របស់​ខ្លួន​។ តាម​ទំនៀម​ទម្លាប់​ខ្មែរ ការ​បំបែក​គ្រួសារ​នេះ ដើម្បី​ពង្វាត​ទឹក​ដី ដែល​មាន​តាំង​ពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ​។

តាម​រយៈ​លោក​មេបា ជា​តំណាង​គ្រួសារ​ខាង​ស្រី ឬ​ឪពុកម្ដាយ​ផ្ទាល់​ បង្គាប់​ឱ្យ​គ្រួសារ​ខាង​ប្រុស​សង់​ផ្ទះ​បែប​បុរាណ​ខ្មែរ​ដូចជា រោង​ដោល​ហប់​ពីរ ផ្ទះ​ប៉ិត ផ្ទះ​កន្តាំង ជា​ដើម​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ចង់​សង់​ផ្ទះ​ប្រភេទ​ណា​មួយ​ក៏​បាន​។

២.បង្គាប់​ឱ្យ​ធ្វើ​ឧបករណ៍​ ឬ​វត្ថុ​ផ្សេងៗ

ដើម្បី​សាក​ល្បង​ពី​សមត្ថភាព និង​ចំណេះ​ដឹង​ខាង​ប្រុស ថា​អាច​ចិញ្ចឹម​កូន​ស្រី​គេ​រស់​ឬ​ក៏​អត់​ គ្រួសារ​ខាង​ស្រី​តែង​បង្គាប់​ឱ្យ​កូន​កំឡោះ​នោះ​ធ្វើ​ឧបករណ៍​ផ្សេងៗ​ ដើម្បី​ប្រើប្រាស់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដូចជា៖ រទេះ រនាស់ នង្គ័ល កី​តម្បាញ កញ្ជើ ល្បី​ ។ល។ បើ​ធ្វើ​បាន​ទើប​ខាង​ប្រុស អាច​រៀបការ​ជាមួយ​កូន​ក្រមុំ​គេ​បាន ហើយ​ការ​ដែល​ធ្វើ​នោះ​មិន​មែន​ចេះ​តែ​ធ្វើ​ឱ្យ​រួច​ពី​ដៃ​នោះ​ទេ គឺ​ត្រូវ​ផ្ចិតផ្ចង់​ឱ្យ​បាន​ស្អាត​ទៀត​ផង​។

៣.​បង្គាប់​គ្រឿង​អលង្ការ

ក្រៅ​ពី​បង្គាប់​ឱ្យ​ធ្វើ​ឧបករណ៍​ប្រើប្រាស់​ជា​របៀប​កសិករ​​ហើយ​នោះ ក៏​ឆ្លង​ចូល​ដល់​ការ​បង្គាប់​ជា​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​ដូចជា​៖ ខ្សែ​ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល ខ្សែ​ចង្កេះ ខ្សែ​ឆៀង​។ល។ ការ​បង្គាប់​តិច​ច្រើន គឺ​អាស្រ័យ​លើ​លទ្ធភាព​ខាង​ដន្លង​ផង​ដែរ ថា​អាច​មាន​លទ្ធភាព​កម្រិត​ណា​។ មិន​តែ​ប៉ុណ្ណោះ​ក្រៅ​ពី​គ្រឿង​អលង្ការ​ហើយ​នោះ មាន​បង្គាប់​សំលៀក​បំពាក់​ផ្សេងៗ​ទៀត មាន​ហូល​ ផាមួង សារ​បាប់ ក្រនៀវ ក្បិន អាវ​ព្រេ ក្រម៉ា​សូត្រ ក្រណាត់​ថ្លៃ​ៗ​ជា​ដើម​។

រូបតំណាង

៤.​បង្គាប់​គ្រឿង​ភស្តុភារ​បណ្ណាការ

បន្ទាប់​ពី​បង្គាប់​ជា​ច្រើន​រួច​មក​ហើយ​នោះ គឺ​ចូល​ដល់​ថ្ងៃ​ ខែ​ ដែល​កំណត់​សម្រេច​យក ដើម្បី​រៀបចំ​មង្គលការ​ឱ្យ​កូន​ប្រុស​ស្រី។ លោក​មេបា​បង្គាប់​ភស្តុភារ​បណ្ណាការ​ដូចជា៖ ស្លា​ពាន់​ម្លូ​ពាន់ ថ្នាំ​៣​នាឡិ ស្លា​ជ្វា៣​នាឡិ​កន្លះ កំបោរ​២​ក្អម អង្ករ​ខ្សាយ ៣​តៅ អង្ករ​ដំណើប​១​ថាំង(២តៅ) ត្រី​ស្រស់​៧​ស្នែង ត្រី​ងៀត​ ១៥​កន្ទុយ ត្រី​ឆ្អើរ ១៥​ចង្កាក់ មាន់​ ៣០​ក្បាល ទា​១៥​ក្បាល ប្រហុក ៥​នាឡិ អំបិល​ ១​ពាង​តូច ស្រា ៤​ក្អម ស្រា​ពពុះ​ ១​ក្អម នំចំណី​ផ្លែ​ឈើ ៣៦​មុខ( ១​មុខ​ ១​ស្លឹក​ ៥​ផ្លូន​)។ ​នេះ​ជា​ការ​បង្គាប់​ទុក​សម្រាប់​ឱ្យ​ចៅ​មហា​ជូន​មេបា​នៅ​ថ្ងៃ​មង្គលការ​ធំ​៕​

ចុចអាន៖សុគន្ធ និសា ប្រកាស​ចូល​រោងការ​នៅ​ខែ....

ប្រភព៖ អាពាហ៍ពិពាហ៍ខ្មែរ

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ