ស្រីៗចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ជារឿងចម្លែកមែន?
- 2017-07-03 02:53:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ជារឿងចម្លែកមែន?
មនុស្សស្រីភាគច្រើនចូលចិត្តដំណើរកម្សាន្តបែបលំហែ ដើរ Shopping ទិញគ្រឿងសំអាង ឬទៅញុំារបស់ប្លែកៗ។ ប៉ុន្តែប្រហែលជាមិនសូវមានមនុស្សស្រីច្រើនទេ ដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ព្រោះថាដំណើរកម្សាន្តបែបនេះ អាចមានគ្រោះថ្នាក់ជាងការទៅដើរលេងធម្មតា។
ខុសប្លែកពីនារីភាគច្រើន យុវតី៣រូបបានរៀបរាប់ពីបទពិសោធន៍ដ៏អស្ចារ្យដែលទទួលបានពីដំណើរកម្សាន្តបែបផ្សងព្រេងកន្លងមក ហើយថាអ្នកមិនធ្លាប់ធ្វើបែបនេះ អាចនឹងមិនយល់ពីអារម្មណ៍មួយនេះឡើយ។
កញ្ញា ឈិត កណិកា បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយបានប្រាប់កញ្ញាថា ការដើរលេងបែបផ្សងព្រេងគឺមានភាពរំភើប និងសប្បាយជាងការរៀបចំគម្រោងជាក់លាក់ (ធ្វើដំណើរតាម Tour)។ អ្វីដែលយុវតីវ័យ២៣ឆ្នាំនេះបានរៀនសូត្រ បន្ទាប់ពីដំណើរកម្សាន្តនោះ រួមមានការស្គាល់ពីខ្លួនឯងបានកាន់តែច្បាស់ ថាចូលចិត្តនិងមិនចូលចិត្តអ្វី។
«ខ្ញុំក៏ចេះរៀនសម្របខ្លួនទៅនឹងបរិយាកាសថ្មី ដោយភាពអត់ធ្មត់។ ខ្ញុំចេះដឹងពីភាពខុសគ្នានៅក្នុងជីវភាពរស់នៅពីកន្លែងមួយទៅកន្លែងមួយទៀត ហើយថែមទាំងអាចបង្កើតមិត្តភាពជាមួយអ្នកដែលយើងមិនដែលស្គាល់។ មួយទៀត គឺគ្រប់ដំណើរផ្សងព្រេងរបស់ខ្ញុំ បានបង្រៀនឱ្យខ្ញុំ ចេះប្រើជីវិតឱ្យមានន័យ។»
ចំពោះសម្ភារៈសម្រាប់ដំណើរកម្សាន្តវិញ កណិកាគ្រាន់តែត្រៀមសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនតូច ប្រាក់កាស និងកាមេរ៉ាសម្រាប់ថតរូបទុកជាអនុស្សាវរីយ៍ទៅគ្រប់គ្រាន់ហើយ។
រីឯកញ្ញា ចាន់ ផល្គុណ ដែលតែងឆ្លៀតពេលដើរកម្សាន្តស្ទើរគ្រប់ពេលទំនេរដែរនោះ បាននិយាយថា មូលហេតុដែលធ្វើឱ្យនាងចូលចិត្តដើរលេងបែបនេះ ព្រោះវាជាវីធីសាស្រ្តមួយដែលធ្វើឱ្យនាងមានភាពម្ចាស់ការក្នុងការសម្រេចគោលដៅដោយខ្លួនឯង។
«ក្រោយពីត្រលប់មកវិញ ខ្ញុំជារឿយៗបានយល់ដឹងអំពីសម្បត្តិធម្មជាតិដែលលាក់ពួននៅក្នុងតំបន់នីមួយៗ ពេលខ្លះការសិក្សា និងការស្ដាប់ពីមាត់អ្នកដទៃ គឺមិនទាន់អស្ចារ្យដូចការទៅដល់ផ្ទាល់នោះទេ។ វាក៏អាចជាមេរៀនមួយ ដែលធ្វើឱ្យយើងស្វែងយល់ផ្ទាល់ថា តើអ្វីទៅជាភាពម្ចាស់ការលើខ្លួនឯង»។
ចំពោះយុវតីវ័យ២២ឆ្នាំនេះ ពេលទៅដើរលេងម្តងៗ អ្វីដែលចាំបាច់ចំពោះនាង គឺម៉ាស៊ីនថតរូបតូចមួយ (Go Pro) ថ្នាំការពារសត្វល្អិតខាំ និងកាបូបស្ពាយពីក្រោយមួយប៉ុណ្ណោះ។
មិនខុសពីយុវតីទាំង២ខាងលើ កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកបុណ្យភូមិក៏បានឱ្យដឹងថា ការដើរកម្សាន្តជួយឱ្យនាងទទួលបានចំណេះដឹងថ្មីៗ ទាំងភាសា មិត្តភាព ទស្សនីយភាព និងជាពិសេស គឺម្ហូបអាហារប្លែកៗនៅតាមតំបន់ដែលនាងបានទៅដល់។ ជាទូទៅ លំអរពេជ្រមិនបានត្រៀមអ្វីច្រើនសម្រាប់ដំណើរកម្សាន្តរបស់នាងនោះទេ ប៉ុន្តែនាងចាប់អារម្មណ៍លើការរៀបចំកាលវិភាគឱ្យបានជាក់លាក់ ស្គាល់ឱ្យច្បាស់ពីទីតាំងភូមិសាស្ត្រ។
ការដើរកម្សាន្តពិតជាសំខាន់បំផុតសម្រាប់ជីវិតរបស់ រិទ្ធី លំអរពេជ្រ ព្រោះនាងយល់ថា រាល់ដំណើរកម្សាន្តសុទ្ធតែធ្វើឱ្យនាងរីកចម្រើន ទាំងបេះដូង ស្មារតី អារម្មណ៍ និងការគិត។ ផលិតករវ័យក្មេងរូបនេះ តែងតែទទួលបានបទពិសោធន៍ និងការប្រកួតប្រជែងជាមួយនឹងស្ថានការណ៍ថ្មីៗ ដែលធ្វើឱ្យនាងអាចចេះលត់ដំខ្លួនឯងឱ្យបានកាន់តែខ្លាំងបន្ថែមទៀត៕