ចរិយា​សម្បត្តិ​ប្រពន្ធ ៥ យ៉ាង​ដែល​ធ្វើឲ្យ​ស្វាមី​មិន​ដាច់​ចិត្ត​មាន​ស្រី​ថ្មី

  • 2017-05-31 04:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃនេះ កញ្ញា សូម​បង្ហាញ​ជូន​មតិ​បុរស​ៗ​ដែល​គាត់​មាន​ភរិយា​ជា​ស្ត្រី​គ្រប់លក្ខណ៍ បើ​ទោះ​ជា​ភរិយា​អ្នក​ខ្លះ​មិន​សូវ​ស្អាត ក៏​ពួកគាត់​មិន​ដែល​គិត​មាន​ស្រី​ថ្មី​ឡើយ។ អាន​ពី​ការ​លើក​ឡើង​ពី​ចរិយា​សម្បត្តិ​របស់​ភរិយា​ទាំង ៥ យ៉ាង​ខាងក្រោម​នេះ៖

លន់ វិជ្ជា៖ «ខ្ញុំ​ពិតជា​មាន​សំណាង​ណាស់​ដែល​មាន​ភរិយា​មាន​លក្ខណៈ​សម្បត្តិ​សព្វគ្រប់​បែប​នេះ​ទាំង​រូបរាង និង​អត្តចរិត។ គាត់​គឺជា​នារី​ដែល​មាន​ភាព​អត់ធ្មត់​ខ្លាំង,ចេះ​យល់​សាច់ការ​រាក់ជ្រៅ,មិន​បំបាក់​មុខ​ប្ដី​ក្នុង​ចំណោម​មនុស្ស ជាពិសេស​គាត់​មាន​សមត្ថភាព ​កែប្រែ​បញ្ហា​ធំ​មក​តូច បញ្ហា​តូច​មក​ជា​គ្មាន​បញ្ហា។ និយាយ​ចំ​គាត់​មិន​ចេះ​នាំ​ភ្លើង​ក្រៅ​មក​ក្នុង​ផ្ទះ ហើយ​ក៏​មិន​ចេះ​នាំ​ភ្លើង​ក្នុង​ផ្ទះ​ទៅ​ខាង​ក្រៅ​ដែរ។ ព្រោះ​តែ​ចរិយា​ផូរផង់​បែប​នេះ​ហើយ ទើប​ខ្ញុំ​គ្មាន​ពេល​ទៅ​មើល​ស្រី​ផ្សេង»។

ទៀង សុភក្រ្តា៖ «បើ​និយាយ​ពី​រូប​សម្រស់​ភរិយា​ខ្ញុំ នរណា​ក៏​ថា​គាត់​អត់​ស្អាត​ដែរ តែ​អ្វី​ដែល​អាច​ចង់​ចិត្ត​ខ្ញុំ​មិន​ឲ្យ​រវល់​នឹង​ស្រី​ផ្សេង​បាន គឺ​គាត់​មិន​ត្រឹម​តែ​ស្រលាញ់​ខ្ញុំ​ខ្លាំង​នោះ​ទេ បងប្អូន​ញាតិ​ជិត​ឆ្ងាយ​ខ្ញុំ​ទាំងអស់ ក៏​គាត់​ស្រលាញ់​រាប់អាន​ដូច​សាច់​បង្កើត​ដែរ។ បើ​និយាយ​ពី​ការ​យក​ចិត្ត​ម៉ាក់ប៉ា​ខ្ញុំ​វិញ គឺ​កូន​បង្កើត​សុំ​ខ្មាស​តែម្ដង ឲ្យតែ​ទៅ​លេង​ស្រុក​ម្ដង​ៗ​ប្រមែប្រមូល​ខោអាវ​ពួកគាត់​បោក​គក់​ខ្ទេច ហើយ​រៀបចំ​ផ្ទះ​សម្ដែង​ឡើង​ស្អាត​គ្មាន​ទាស់។ ចំណែក​ម្ហូប​អាហារ​វិញ​ដឹង​តែ​ពេញ​លើ​តុ​ហ្មង»។

សុំ មករា៖ «សុំ​អួត​ពី​ប្រពន្ធ​តិច​ចុះ ប្រពន្ធ​ខ្ញុំ​មាន​អាកប្បកិរិយា​ល្អឥតខ្ចោះ​តែម្ដង។ បាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​បែបនេះ ព្រោះ​គាត់​មាន​សមត្ថភាព​អាច​ធ្វើការ​ងារ​ខាង​ក្រៅ​បាន​ប្រាក់ខែ​ខ្ពស់​ហើយ ពេល​ទៅ​ដល់​ផ្ទះ​គាត់​អាច​រៀបចំ​ផ្ទះ​បាន​ស្អាត​បាត,ពូកែ​ធ្វើ​ម្ហូប,មើល​ថែ​ទាំ​ប្ដី និង​កូន​បាន​ល្អ ដោយ​មិន​ចាំបាច់​មាន​ឈ្នួល​ជួយ​សម្រាល​កិច្ចការ​ឡើយ បើ​ទោះ​ជា​ខ្ញុំ​ចង់​ឲ្យ​មាន​អ្នក​មក​នៅ​ជាមួយ​ក៏​ដើម»។

រស់ សុផានិត៖ «ទោះ​ប្រពន្ធ​ស្អាត​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​គ្មាន​ភាព​ស្មោះត្រង់​នឹង​គ្នា មនុស្ស​ប្រុស​នឹង​ស្វែង​រក​អ្នក​ដែល​គេ​ស្មោះត្រង់​ជាមួយ​វិញ។ តាំង​ពី​រៀបការ​ជាមួយ​ម្ដាយ​កូន​ប្រុស​ទាំង ៣ នាក់​របស់​ខ្ញុំ​រួច​មក គាត់​តែងតែ​មាន​ភាព​ស្មោះត្រង់ មិន​ដែល​សូម្បី​តែ​គិត​ថា​ចង់​ក្បត់​ខ្ញុំ។ បាន​ជា​ខ្ញុំ​ដឹង​ថា​គាត់​មិន​ដែល​គិត​ថា​ក្បត់ ព្រោះ​ពេល​ពួក​ខ្ញុំ​រៀបការ​ថ្មីថ្មោង ពួក​ខ្ញុំ​ក្រ​ណាស់ ហើយ​មាន​ប្រុស​ៗ​កូន​អ្នក​មាន​ជាច្រើន​តាម​ញ៉ែងញ៉ង និង​អ្នក​ខ្លះ​ហ៊ាន​សន្យា​ថា​ទិញ​ឡាន,ទិញ​ផ្ទះ​ឲ្យ​ទៀត។ តែ​គាត់​បែរ​ជា​បដិសេធ និង​ចាប់ដៃ​គ្នា​រកស៊ី​សន្សំ​ពី ១០០៛ ជាមួយ​ខ្ញុំ រហូត​ដល់​ពេល​នេះ​ជីវភាព​ពួក​ខ្ញុំ​អាច​ធូរធារ​គួរសម»។

សៀន ដាឡាត់៖ «មនុស្ស​ស្រី​ទោះ​ស្អាត​មិន​ស្អាត ឲ្យតែ​ស្លូតបូត, ចេះ​ក្និកក្នក់,គួរឲ្យ​ស្រលាញ់, ពូកែ​យល់​ចិត្ត​ប្ដី ថា​ចូលចិត្ត​ពណ៌​អ្វី,ចូលចិត្ត​ញ៉ាំ​ម្ហូប​បែប​ណា ឬ​ដឹង​ពី​សុខ​ទុក្ខ​នោះ ប្ដី​ស្រលាញ់​ងប់​ហើយ។ ម្យ៉ាង​ទៀត​គាត់​ពូកែ​អត់ធ្មត់​ខ្លាំងណាស់ មិន​ដែល​មាន​សម្ដី​តូច ធំ ដាក់​ខ្ញុំ​ទេ ហើយ​បើ​និយាយ​ពី​រូបរាង​វិញ គ្រួសារ​ខ្ញុំ​គាត់​មិន​សូវ​ជា​ស្អាត​អី​ទេ តែ​គាត់​ពូកែ​រឿង​ទាំង​នោះ ចឹង​ហើយបានជា​ខ្ញុំស្រលាញ់​គាត់​ខ្លាំង គ្មាន​​ពេល​ណា​ទៅ​មើល​ស្រី​ផ្សេង​នោះ»៕

នេះ​គ្រានតែ​ទស្សនៈ​បុរស ៥ នាក់​ផ្សេង​គ្នា​ប៉ុណ្ណោះ!

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម