ឆ្នាំថ្មី​ជិត​មក​ដល់​ហើយ តោះ! ស្រីៗ​យើង​ត្រៀម​រណ្តាប់​ទទួល​ទេវតា

  • 2017-04-07 06:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ឆ្នាំរកា​នេះ នព្វស័ក ព.ស ២៥៦១ ​នឹង​ឈាន​ចូល​មក​ដល់​នឹង​​ចូល​មក​ដល់​នៅ​ថ្ងៃ​សុក្រ ៣​រោច ​ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៧នេះ ​វេលា​ម៉ោង ០៣:១២​នាទី​។ តើ​បងប្អូនស្រ្តីយើងបាន​ត្រៀម​រណ្តាប់​ទទួល​ទេវតា​ហើយ​ឬ​នៅ?

បើ​តាម​សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​២០១៧​ បាន​បង្ហាញ​ថាទេវតា​ឆ្នាំ​ថ្មី​នេះ ព្រះ​នាម កិមិរាទេវី ​ជា​​បុត្រី​ទី៦​នៃ​កបិល​មហាព្រហ្ម​ ទ្រង់​​សោយ​ចេក​ណាំវ៉ា ​​ហើយ​ទ្រង់​គង់​​ផ្ទំ​បិទ​ព្រះនេត្រ​លើ​ខ្នង​ មហឹង្សា (ក្របី) ជា​ពាហនៈ​ ​ចំណែក​ឯ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​​​កាន់​ព្រះខ័ន្ធ រី​ឯ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​កាន់​​ពិណ។

តាម​ទំនៀម​ពី​បុរាណ​រៀង​មក ប្រជាពលរដ្ឋ​ខ្មែរ​តែង​រៀបចំ​តុប​តែង​ផ្ទះ​សម្បែង និង​រណ្តាប់​ទទួល​ទេវតា​ឆ្នាំថ្មី ដើម្បី​មាន​សិរី​សួស្តី និង​សុំ​ពរ​ជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី។

ចំពោះ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការ​បូជា​ ដូចជា៖

  • បាយសី​៥​ថ្នាក់​មួយ​គូ

  • បាយសី ៣​ថ្នាក់​មួយ​គូ

  • បាយសី​ប៉ាឆាម​មួយ​គូ

  • ស្លាធម៌​មួយ​គូ

  • ទឹក​អប់​មួយ​គូ ទៀន​៥ ធូប​៥ ផ្កា​៥ ដាក់​លើ​ជើង​ពាន​មួយ​គូ​

  • ​ចេក​នួន​ ចេក​ណាំវ៉ា

  • ផ្លែ​ឈើ​គ្រប់មុខ​

  • ដូង​ឡៅ​១​គូ​

  • ទឹក​ស្អាត​ពីរ​កែវ

នៅ​គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន​និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។

នៅ​វេលា​ម៉ោង​ដែល​ទេព្តាចុះ​មក គ្រួសារ​នីមួយៗ​ត្រូវ​ជួប​ប្រជុំគ្នា​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌​ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​ ទើប​ទទួល​បាន​នូវ​សេចក្ដី​សុខ សុភមង្គល៕

រូបតំណាង

​ ​ ​

​​​​​

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម