បើ​ឪពុក​ម្ដាយ​មិន​ពេញ​ចិត្ត​សង្សារ តើ​បុរស​ៗ​មាន​ដំណោះស្រាយ​បែប​ណា?

  • 2017-04-06 09:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​សំណួរ​ដ៏​ពិបាក​បំផុត​សម្រាប់​បុរស​ៗ ពេល​ដែល​ឪពុក​ម្ដាយ​មិន​ពេញ​ចិត្ត​នឹង​សង្សារ​ខ្លួន​បែប​នេះ។ ចង់​ដឹង​ថា​ប្រុស​ៗ​ឆ្លើយ ឬ​ដោះស្រាយ​បែប​ណា​ពេល​ជួប​បញ្ហា​នេះ​កើត​ឡើង អាន​តិច​បុរស ៥ នាក់​ដែល​ធ្លាប់​ជួប​ប្រទះ​បញ្ហា​នេះ៖

ភីរម្យ៖ «នេះ​ជា​បទ​ពិសោធន៍​ដ៏​ឈឺចាប់​ដែល​ធ្វើឲ្យ​ខ្ញុំ​បែក​គ្នា​ជាមួយ​មិត្ត​ស្រី​កាលពី ៣ ឆ្នាំ​មុន ហើយ​រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​សម្លឹង​មើល​អ្នក​ផ្សេង​ដែរ​ទេ ព្រោះ​ខ្លាច​មិន​សម​បំណង​ដូច​លើក​មុន ហើយ​ក៏​ខ្លាច​ធ្វើឲ្យ​នារី​ម្នាក់​ទៀត​អស់​សង្ឃឹម​ចំពោះ​ខ្ញុំ។ ខ្ញុំ​ធ្លាប់​បាន​ពួក​គាត់​ថា"ហេតុអ្វី​មិន​អាច​ឲ្យ​ពួក​ខ្ញុំ​រៀបការ​ជាមួយ​គ្នា​បាន? ចម្លើយ​គាត់​ថា គាត់​មិន​ពេញ​ចិត្ត ចាំ​ដល់​ពេល​គាត់​ពេញ​ចិត្ត​ចាំ​គាត់​ឲ្យ​រៀបការ"។ មិន​មែន​ខ្ញុំ​មិន​ខំ​ប្រឹង​ទេ តែ​គាត់​មិន​ព្រម ទោះ​ជា​វិធី​ណា​ក៏​ដោយ»។

សុវណ្ណា៖ «ខ្ញុំ​ដឹង​ថា​អ្នក​មាន​គុណ ពិតជា​មាន​ហេតុផល​របស់​គាត់ តែ​យើង​ក៏​ត្រូវ​មាន​ហេតុផល​របស់​យើង​ដែរ។ ដំបូង​យើង និង​សង្សារ​ត្រូវ​ប្រាកដ​ចិត្ត​គ្នា​ជា​មុន​សិន​ថា ពិតជា​ចង់​ដឹកដៃ​គ្នា​ចូល​រោងការ​មែន​ឬ​ក៏​អត់? បើ​មែន​យើង​ទាំង​ពីរ​ត្រូវ​ជម្នះ​របាំង​មួយ​នេះ​ឲ្យ​បាន ហើយ​បើ​គាត់​នៅ​មិន​ព្រម ចាំ​ប្រើ​វិធី​ពិសេស​ចុងក្រោយ​ថា "បើ​នារី​ដែល​ខ្ញុំ​នាំ​មក​ជួប​ប៉ា​ម៉ាក់​មិន​ពេញ​ចិត្ត មិន​ប្រាកដ​ថា​នារី​ដែល​ប៉ា​ម៉ាក់​នាំ​មក​ខ្ញុំ​ពេញ​ដែរ​ទេ ហើយ​បើ​អត់​មាន​ចៅ​ឲ្យ​ប៉ា​ម៉ាក់​ពរ កុំ​បន្ទោស​ខ្ញុំ​អី។ វិធី​នេះ​រៀង​ចំណាយ​ពេល​យូរ​បន្តិច​សម្រាប់​ខ្ញុំ តែ​លទ្ធផល​បាន​ដូច​បំណង»។

ហុងលី៖ «អឹមមមម! ខ្ញុំ​ខំ​ប្រឹង​មាន​តែ​សម្រប​សម្រួល​ទាំង​​សង​ខាង​ឲ្យ​សង្សារ​ធ្វើ​អ្វី​ខ្លះ​ៗ ដើម្បី​តម្រូវ​ចិត្ត​ពួក​គាត់ ហើយ​ឲ្យ​គាត់​ចូល​ចិត្ត​សង្សារ​ខ្ញុំ​វិញ និង​ជម្រាប​ឲ្យ​ប៉ា​ម៉ាក់ ​បើក​ចិត្ត​មើល​នាង ក្នុង​ផ្លូវ​វិជ្ជមាន។ ម្យ៉ាង​ទៀត​បើ​សង្សារ​ពិតជា​ចង់​សាង​គ្រួសារ​ជាមួយ​យើង​មែន គាត់​ត្រូវ​សម្រប​ខ្លួន​តាម​ចាស់​ទុំ​យើង​បន្តិច​ហើយ។ និយាយ​ខ្ញុំ និង​សង្សារ​ពិតជា​ពិបាក​បន្តិច​ហើយ តែ​នៅ​ព្យាយាម​ពុះពារ ហើយ​បើ​ពួកគាត់​នៅ​តែ​មិន​ព្រម​ប្រាប់​ថា “ចឹង​ចាំ​ពួក​ខ្ញុំ​បាន​កូន​មួយ ចាំ​ខ្ញុំ​នាំ​ម៉ាក់​របស់​ចៅ​ ម៉ាក់​មក​និយាយ​គ្នា​ម្ដង​ទៀត” នេះ​ជា​ស្នៀត​ចុងក្រោយ ហើយ​បើ​មិន​ព្រម​ទៀត​ពង្រត់​គ្នា​ទៅ​មែនទែន​ហ្មង»។

វុទ្ធី៖ «បញ្ហា​នេះ​កើត​ឡើង​មក​លើ​ខ្ញុំ​ផ្ទាល់​តែ​ម្ដង តែ​ឥឡូវ​ជម្នះ​រហូត​បាន​កូន​ប្រុស​មួយ ស្រី​មួយ​ហើយ។ ប៉ា​ម៉ាក់​ខ្ញុំ​គាត់​មិន​ចង់​ឲ្យ​ខ្ញុំ និង​សង្សារ​រៀបការ​ជាមួយ​គ្នា ព្រោះ​ពួក​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​ទាំង​ពីរ ហើយ​គាត់​ចង់​បាន​កូន​ប្រសា​អ្នក​រក​ស៊ី ហើយ​សង្សារ​ខ្ញុំ​គាត់​ក៏​មិន​ចង់​រកស៊ី​ទៀត។ តែ​ខ្ញុំ​មាន​វិធី​ពិសេស​មួយ​ដោយ​ប្រាប់​អ្នក​មាន​គុណ​ទាំងពីរ​ខ្ញុំ​ថា “បើ​នៅ​តែ​បែប​នេះ​ទៀត ខ្ញុំ​មិន​យក​ស្រី​ផ្សេង​ធ្វើ​ប្រពន្ធ ក្រៅ​ពី​សង្សារ​ខ្ញុំ​ដែរ គឺ​នៅ​ទំនេរ​ចឹង​ហ្មង” គាត់​ខ្លាច​កូន​អត់​ប្រពន្ធ​អត់​កូន ចឹង​ហើយ​មាន​តែ​ព្រម ព្រោះ​កូន​ប្រុស​តែ​មួយ​ផង ហើយ​សំខាន់​ជាប់​ខ្សែ​ចិន​ទៀត ចឹង​ពួកគាត់​បារម្ភ​ណាស់»។

បញ្ហា៖ «ខ្ញុំ​មិន​ហ៊ាន​ធ្វើ​បាប​ចិត្ត​អ្នក​មាន​គុណ​ឡើយ ដូចនេះ​មាន​តែ​ប្រាប់​សង្សារ​ឲ្យ​ចាំ​បន្តិច បាន​ចាំ​បាន​យើង​នឹង​បាន​រៀបការ​ជាមួយ​គ្នា ព្រោះ​ខ្ញុំ​នឹង​ខំ​ប្រឹង​រក​លុយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ កាលណា​យើង​មាន​សមត្ថភាព​រក​លុយ​បាន​រៀបចំ​ចាត់ចែង​ជីវិត​ដោយ​ខ្លួន​ឯង ពួក​គាត់​ទាំងពីរ​មិន​ហ៊ាន​បង្ខំ​យើង​ទេ ហើយ​ខ្ញុំ​ក៏​ធ្វើ​បាន​សម្រេច។ តែ​អ្វី​ដែល​ចង់​ផ្ដាំផ្ញើ​ដល់​បងប្អូន​បុរស​ដទៃ​ទៀត​ថា បើ​ស្រលាញ់​ស្មោះ​ត្រូវ​តែ​ពុះពារ ឧបសគ្គ​ប៉ុណ្ណា​ក៏​មិន​អាច​រារាំង​យើង​បាន​ដែរ»៕

នេះ​គ្រាន់តែ​ជា​បទពិសោធន៍​បុរស​ៗ ៥ នាក់​ប៉ុណ្ណោះ!

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម