ហេតុអ្វី​មនុស្ស​ស្រី​រឹងមាំ​មិន​ធ្វើ​ខ្លួន​ត្រាំត្រែង​ក្នុង​រឿង​ស្នេហា​?

  • 2017-03-23 05:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​ឃើញ​ហើយ​ថា ស្ត្រី​ដែល​មាន​ភាព​រឹងមាំ​ភាគច្រើន​មិន​ដែល​ធ្វើ​ខ្លួន​ត្រាំត្រែង​ក្នុង​រឿង​ស្នេហា​ឡើយ។ តើ​មូលហេតុ​អ្វី​បានជា​យើង​មាន​ភាព​អស្ចារ្យ​បែប​នេះ? ចម្លើយ​មាន​នៅ​ខាងក្រោម​នេះ៖

ផល្លី៖ «ការពារ​កិត្តិយស​គ្រួសារ ជា​វិធី​របស់​ខ្ញុំ។ ខ្ញុំ​ឃើញ​មនុស្ស​ស្រី​ជាច្រើន ពេល​ខូច​ចិត្ត​រឿង​ស្នេហា​ច្រើនតែ​ធ្វើ​រឿង​ខុស​ឆ្គង​ជាច្រើន​ដូចជា​សម្លាប់​ខ្លួន, ដើរ​ផឹកស៊ី​ប៉ោឡែ, ធ្វើ​បាប​ខ្លួន​អា​ដៃ​បង្ហូរ​ឈាម​អី​ទាំង​អស់​នោះ ជា​រឿង​ធ្វើឲ្យ​អាប់ឱន​កិត្តិយស​គ្រួសារ​ខ្លាំង​ណាស់ ដូចនេះ​មុន​ពេល​មាន​ស្នេហា​យើង​ត្រូវ​គិត​ដល់​គ្រួសារ​ឲ្យ​ច្រើន និង​ប្ដេជ្ញា​ថា​ត្រូវ​ការពារ​មុខ​មាត់​អ្នក​ផ្ទះ ទើប​មិន​ខូច​ចិត្ត»។

រូបតំណាង

**រស្មី**៖ «ខ្លាច​អ្នក​ផ្ទះ​លក់​មុខ​ដោយ​សារ​ខ្ញុំ ដូចនេះ​ហើយ​ទោះ​ពេល​ខូច​ចិត្ត​ខ្លាំង​ប៉ុណ្ណា ក៏​ខ្ញុំ​ធ្វើ​ខ្លួន​ធម្មតា​ដែរ។ សួរ​ថា​ឈឺចាប់​អត់ ពេល​ជួប​រឿង​បែប​នេះ ចម្លើយ​គឺ​ឈឺ​ខ្លាំង​ណាស់។ តែ​បើ​ខ្ញុំ​ធ្វើ​ខ្លួន​តោកយ៉ាក​ព្រោះ​រឿង​នេះ ហើយ​គ្រួសារ​ខ្ញុំ​ឃើញ ខ្ញុំ​រឹតតែ​ឈឺចិត្ត​ខ្លាំង​ជាង​បាត់បង់​ស្នេហា​ទៀត»។

សុជាតា៖ «បាន​ជា​ខ្ញុំ​មិន​ធ្វើ​ខ្លួន​គួរឲ្យ​សង្វេគ​ពេល​បាត់បង់​ស្នេហា ព្រោះ​ប្រុស​ម្នាក់​នោះ​គ្មាន​អ្វី​ល្អ​ដែល​ធ្វើឲ្យ​ខ្ញុំ​លះបង់​កិត្តិយស​ខ្លួនឯង​ដើម្បី​គេ​ឡើយ ហើយ​ខ្ញុំ​គិត​ថា​បើ​គេ​ល្អ​មែន គេ​នឹង​មិន​យក​ស្នេហា​មក​លេង​សើច​បែបនេះ​ទេ»។

បញ្ហា៖ «សម្រាប់​ខ្ញុំ​ផ្ដោត​លើ​ការងារ និង​ការ​សិក្សា បើ​ទាំងពីរ​នេះ​ជោគជ័យ មិន​ខ្វះ​មនុស្ស​ប្រុស​ដែល​ល្អ​ជាង​ម្នាក់​នោះ​ចូល​មក​ក្នុង​ជីវិត​យើង​ទេ»។

ម៉ាលី៖ «អឺមមម មនុស្ស​ម្នាក់​ៗ​មាន​ការ​គិត​ខុស​គ្នា យើង​គិត​ផ្សេង​គេ​គិត​ផ្សឹង។ ត្រូវ​គិត​ថា​បើ​ធ្វើ​ខ្លួន​ទៅ​លន់តួ​គេ​នឹង គេ​ព្រម​មក​វិញ​អី? នាំ​តែ​គេ​មើល​ងាយ​ទេ ចឹង​ហើយ​បើ​បែក​ក៏​បែក​ទៅ យើង​រក​ថ្មី​ទៀត​ដែរ​ទៅ ចប់​ហើយ»។

រូបតំណាង

ស្រី​ពៅ៖ «ដើម្បី​កុំ​ឲ្យ​ក្លាយ​ខ្លួន​ជា​មនុស្ស​ស្រី​ទន់ជ្រាយ​រឿង​ស្នេហា ត្រូវ​ដាក់​លក្ខខណ្ឌ​នឹង​ខ្លួន​ឯង​ជាមុន​សិន​ថា “ស្នេហា​គ្មាន​អ្វី​អស្ចារ្យ​ទេ” ហើយ​គិត​មួយ​ទៀត​ថា “បើ​គេ​ជា​បុរស​ល្អ​មែន​ត្រូវ​ចូល​ដណ្ដឹង​យើង​ដល់​ម៉ែឪ” ហើយ​បើ​មាន​សង្សារ​ត្រឹម​ម៉ា​ជា​សង្សារ ទោះ​បែក​គ្នា​ក៏​គ្មាន​អ្វី​ធំដុំ​ដែរ»។

លក្ស៊ី៖ «ខ្ញុំ​រៀន​យក​​ទ្រឹស្ដី​ស្នេហា​តាម​រឿង​ថៃ គេ​និយាយ​ថា “មនុស្ស​ប្រុស​ប្រៀប​បី​ដូច​ឡាន​ក្រុង​ចឹង ចូល​ចំណត​រួច​ក៏​ចេញ​ទៅ​បាត់​ទៀត” ចឹង​យើង​ធ្វើ​ចិត្ត​អញ្ចុះ​វិញ បើ​សង្សារ​មាន​ចរិត​ដូច​ឡាន​ក្រុង​ចឹង ឲ្យ​គាត់​ទៅ​ចុះ ព្រោះ​យើង​មិន​មែន​ជា​បេន​ឡាន​ឡើយ»៕

ចុះ​មិត្ត​នារី​ដទៃ​គិត​មេច​វិញ!

អត្ថបទ៖ ទ្រី រ៉ាវី