គ្រឿង​អលង្ការ​ធ្វើ​ដោយ​ដៃ កៃ​ខៃ​ជីវិត​ស្រ្តី​ខ្មែរឲ្យពេញលេញទាំងសម្រស់ និងគំនិតច្នៃប្រឌិត

  • 2017-01-13 02:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ការ​តុបតែង​ជាមួយ​សម្លៀកបំពាក់​ កាបូប​ ស្បែកជើង​​​​សុទ្ធ​តែ​នាំ​អោយ​ស្រ្តី​មាន​ភាព​លេចធ្លោ​បាន ក្នុង​នោះ​គ្រឿង​អលង្ការ​ក៏​ជា​ផ្នែក​មួយ​ដែល​បន្ថែម​សម្រស់​ឲ្យ​ពួក​គេ​ថែម​មួយ​កម្រិតទៀត។ ដោយ​សារ​ទីផ្សារ​ផ្នែក​សម្រស់​នៅកម្ពុជា កំពុង​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​ស្រ្តី​គ្រប់​វ័យ ទើប​ញុំាង​ដូងចិត្ត​នារី​បរទេស​ម្នាក់​មក​វិនិយោគ​ហាង​គ្រឿង​អលង្ការ​ធ្វើ​ដោយ​ដៃ នៅ​ភ្នំពេញ​ដែល​មាន​ទីតាំង​នៅ​ខាង​ត្បូងផ្សារ​ទួល​ទំពូង។

Penh Lenh Jewelry គឺជា​ឈ្មោះ​ហាង​គ្រឿង​អលង្កា​មួយ និង​ជា​កន្លែង​បណ្តុះ​បណ្តាល​នូវ​​វិជ្ជាជីវៈ​ជំនាញ​សិប្បកម្ម​​​គ្រឿង​លម្អ​កាយ ដែល​មាន​ស្ថាបនិក​ស្រ្តី​ជា​ជនជាតិ​អាមេរិក គឺ កញ្ញា​ Rachel Dodson បាន​បង្កើត​ឡើង​នៅ​ខែ​ឧសភា ឆ្នាំ ២០១៣ ជាមួយ​ជំនាញ​ផ្នែក​រចនា​ម៉ូដ​លើ​គ្រឿង​អលង្ការ នៅ​សកល​វិទ្យាល័យ Middle Tennessee State University ​។

កញ្ញា រ៉ាសែល ដតសុន Rachel Dodson ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ​បាន​ប្រាប់ ពី​មូលហេតុ​នៃ​ការ​បើក​អាជីវកម្ម​នេះថា​ នាង​ចង់​ឲ្យ​នារី​ខ្មែរ​ផ្លាស់ប្តូរ​ការ​តុប​តែង​ខ្លួន ជាមួយ​គ្រឿង​អលង្ការ​បែប​ស៊ីវិល និង​ម៉ូដ​គួរ​ឲ្យ​ទាក់​ទាញ។ ជា​ការ​ពិត​នាង​ក៏​ដឹង​ថា​ នារីៗ​ខ្មែរ​ចូល​ចិត្ត​ពាក់​គ្រឿង​អលង្ការ​មាស ផ្លាទីន ឬ​ពេជ្រ ព្រោះ​គិត​ថា​ពាក់​មួយ​ដឹង​មួយ អាច​ចួលរួម​កម្មវិធី​ណា​ក៏​បាន តែ​សម្រាប់​គ្រឿង​អលង្ការ​ដែល​កែច្នៃ​ពី​របស់​ប្រើប្រាស់​ផ្សេងៗ គឺ​ប្លែក​ត្រង់​អាច​ពាក់​នៅ​ផ្ទះ​ផង នៅ​កន្លែង​ធ្វើការ​ផង​ ឬ នៅ​កម្មវិធី​​ស្រមោសសក៏​បាន​ដែរ។

គោល​បំណង​សំខាន់​របស់​នាង​មួយ​ទៀត គឺ​ចង់​ផ្តល់​ឱកាស​ការងារ​សិប្បកម្ម​ដល់​ស្រ្តី​ដែល​ខ្វះខាត​មួយ​ចំនួន​ក្នុង​សហគមន៍ ខេត្ត​កណ្តាល ក្រចេះ និង​ជាយក្រុង ឲ្យ​ពួក​គេ​មាន​ជំនាញ​ច្បាស់​លាស់​មួយ ស្រប​តាម​ទីផ្សារ​ការងារ​សម័យ​ទំនើប។

ក្រៅ​ពី​បង្រៀន​ផ្នែក​រចនា​ម៉ូដ​គ្រឿង​អលង្ការ ស្រ្តី​ដែល​ខ្វះខាត​ទាំង​នោះ ក៏​អាច​រៀន​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​បំនិន​ជីវិត​ជា​ច្រើន​ដូចជា ផ្នត់គំនិត​ស្រ្តី​និយម ការ​គ្រប់​គ្រង​ចំណូល​ចំណាយ​ប្រចាំ​ថ្ងៃ​ជា​ដើម ដោយ​ឥត​គិត​ថ្លៃ។

ពី​នារី​សាមញ្ញ​ម្នាក់ កញ្ញា សារុន ស្រីម៉ៅ មាន​ឱកាស​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ហាង Penh Lenh Jewelry បន្ទាប់​ពី​សិក្សា​រចនា​ម៉ូដ​លើ​គ្រឿង​លម្អកាយ​នេះ នាង​ក៏​បញ្ជាក់​ថា «គ្មាន​កន្លែង​ណា​អស្ចារ្យ​ជាង​កន្លែង​នេះ​ទៀតទេ ទាំង​ការ​បង្រៀន ទាំង​ភាព​កក់​ក្តៅ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​គ្រួសារ​តែ​មួយ​ចឹង»។

ជាសារ​ចុង​ក្រោយ​របស់ កញ្ញា រ៉ាសែល ដតសុន គឺ​ចង់​ឲ្យ​ស្រ្តី​គ្រប់​រូប​មាន​ជីវិត​ប្រកប​ដោយ​ពេញ​លេញ​ទាំង​ភាព​ស្រស់​ស្អាត គំនិត ការ​ច្នៃប្រឌិត សមត្ថភាព សុខភាព ភាពក្លាហាន ភាពរីករាយ និង​ថវិកា​គ្រប់គ្រាន់ ៕

អត្ថបទៈ ឆដាភា