ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់គម្រោងគ្រួសារ?
- 2025-09-01 03:39:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់គម្រោងគ្រួសារ?
នៅពេលនិយាយដល់គម្រោងគ្រួសារ មនុស្សភាគច្រើនរមែងមានការខ្មាសអៀន ដោយសារវាពាក់ព័ន្ធទៅនឹងការរួមភេទ។ ការមានគម្រោងគ្រួសារត្រឹមត្រូវ អាចជួយឱ្យស្ត្រី ឬ ប្តីប្រពន្ធកំណត់ចំនួនកូនដែលចង់បាន កំណត់គម្លាតនៃការពពោះ ថែទាំសុខភាព ព្រមទាំងមានលទ្ធភាពផ្គត់ផ្គង់កូន មើលថែកូន និង គ្រប់គ្រងសេដ្ឋកិច្ចគ្រួសារផងដែរ។ ដើម្បីសម្រេចគម្រោងគ្រួសារបាន អ្វីដែលចម្បងស្ត្រី ឬ ប្តីប្រពន្ធគប្បីធ្វើ គឺការយល់ដឹង និង ចាប់ដៃគ្នាពិភាក្សាអំពីការបន្តពូជ និង ការពន្យារកំណើត។ តស់! យើងទៅស្វែងយល់ទាំងអស់គ្នា។
-ហេតុអ្វីគម្រោងគ្រួសារពិតជាសំខាន់?
ពិតប្រាកដណាស់ គម្រោងគ្រួសារមានអត្ថប្រយោជន៍ច្រើនដូចជា ៖ ជួយបញ្ចៀសការមានកូនដោយមិនបានគ្រោងទុក ឬ ការមានផ្ទៃពោះដោយចៃដន្យ, កាត់បន្ថយបញ្ហាសុខភាពនៅអំឡុងពពោះ និង ក្រោយសម្រាល ជាពិសេសស្ត្រីវ័យជំទង់។ លើសពីសុខភាព វាជួយស្ត្រីមានឱកាសបន្តការសិក្សា ប្រកបការងារ និង អាជីវកម្ម អាចផ្គត់ផ្គង់ការអប់រំរបស់កូន ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និង អភិវឌ្ឍសហគមន៍ឱ្យរីកចម្រើនផងដែរ។
បើតាមអង្គការសុខភាពពិភពលោក (World Health Organization) បច្ចុប្បន្ន ស្ត្រីប្រមាណ ៨៧៤ លាននាក់ បាន និង កំពុងប្រើវិធីពន្យារកំណើតបែបទំនើបសម្រាប់គម្រោងគ្រួសារ ដែលវាបានជួយយ៉ាងច្រើនមិនថា គាំទ្រដល់សុខភាពសាធារណៈ ជំរុញសមភាពយេនឌ័រ ពង្រឹងប្រព័ន្ធសុខាភិបាល និង ថែមទាំងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការព្យាករបន្ថែម ស្ត្រីប្រមាណ ៧០ លាននាក់ទៀត នឹងចូលទៅក្នុងគម្រោងនេះគិតត្រឹមឆ្នាំ ២០៣០។
-តើមធ្យោបាយពន្យារកំណើតមួយណាជាជម្រើសសម្រាប់អ្នក?
មធ្យោបាយពន្យារកំណើតមានច្រើនបែប ដោយវាមានប្រសិទ្ធភាព និង អត្ថប្រយោជន៍ផ្សេងៗពីគ្នា។ យើងសូមបែងចែកជា ៣ ដើម្បីងាយយល់ ហើយត្រូវទៅតាមតម្រូវការ។
១. វិធីពន្យារកំណើតរយៈពេលខ្លី
ប្រើស្រោមអនាម័យបុរស/នារី, ថ្នាំគ្រាប់ពន្យារកំណើត (១ បន្ទះ ២៨ គ្រាប់ មានប្រសិទ្ធភាពបាន ១ ខែ), ថ្នាំការពារកំណើតបន្ទាន់ (ប្រើអំឡុងពេល ៧២ ម៉ោង ក្រោយពេលរួមភេទ), ថ្នាំចាក់ពន្យារកំណើត (១ ម្ជុលមានប្រសិទ្ធភាពបាន៣ ខែ), កៅអៀកបិតពន្យារកំណើត (១ បន្ទះបិតបាន ១ សប្ដាហ៍)។ ដោយឡែក សម្រាប់ការប្រើស្រោមអនាម័យត្រឹមត្រូវ មិនត្រឹមតែអាចជួយដល់ការពន្យារកំណើតបានទេ ប៉ុន្តែវានៅអាចជួយការពារពីការឆ្លងមេរោគនៅពេលរួមភេទ ជាពិសេសមេរោគអេដស៍ និង កាមរោគទៀតផង។
២. វិធីពន្យារកំណើតរយៈពេលវែង
កងដាក់ក្នុងស្បូន (គ្មានជាតិអ័រម៉ូនមានប្រសិទ្ធភាព ១០ ឆ្នាំ), កងដាក់ក្រោមស្បែក (មានប្រសិទ្ធភាព ៣ ឆ្នាំ សម្រាប់កង ១ ដើម និង មានប្រសិទ្ធភាព ៥ ឆ្នាំ សម្រាប់កង ២ ដើម)។
៣. វិធីពន្យារកំណើតអចិន្ត្រៃយ៍
ការចងដៃស្បូន (បញ្ឈប់កំណើតជាអចិន្ត្រៃយ៍) ចងបំពង់បង្ហូរមេជីវិតបុរស (បញ្ឈប់កំណើតជាអចិន្ត្រៃយ៍)។ គួរកត់ចំណាំ វិធីនេះត្រូវមានការសម្រេចចិត្តឱ្យច្បាស់លាស់ និង ពិភាក្សាជាមួយគ្រូពេទ្យឱ្យបានល្អិតល្អន់។
យោងតាមអ្នកជំនាញពី VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មានចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព ការជ្រើសរើសមធ្យោបាយពន្យារកំណើតឱ្យបានត្រឹមត្រូវ អាស្រ័យលើកត្តាផ្សេងៗ រួមទាំងសុខភាពទូទៅ របៀបរស់នៅ ចំណូលចិត្ត និង ផែនការគ្រួសារនាពេលអនាគត។ ដូចនេះ ចូរពិភាក្សាអំពីជម្រើសរបស់អ្នកជាមួយអ្នកឯកទេសផ្នែកសុខភាពបន្តពូជ ដែលនឹងជួយអ្នកធ្វើការសម្រេចចិត្ត ដោយផ្អែកលើលក្ខណៈសមស្របរបស់អ្នក។
-ចម្ងល់ និង ចម្លើយគួរយល់ដឹងបន្ថែម!
ខាងក្រោមនេះជាសំណួរខ្លះៗពីស្ត្រី និង ការឆ្លើយតបពីអ្នកជំនាញរបស់ VIYA Cambodia ៖
១. តើមធ្យោបាយពន្យារកំណើតមានប្រសិទ្ធភាពយ៉ាងដូចម្តេច ក្នុងការការពារការមានផ្ទៃពោះ?
ប្រសិទ្ធភាពនៃមធ្យោបាយពន្យារកំណើតប្រែប្រួលអាស្រ័យលើមធ្យោបាយដែលបានប្រើ។ មធ្យោបាយមួយចំនួន ដូចជាមានជាតិអ័រម៉ូន ឬ កងដាក់ក្នុងស្បូន មានប្រសិទ្ធភាពជាង ៩៩% ខណៈពេលដែលមធ្យោបាយផ្សេងទៀត ដូចជាស្រោមអនាម័យមានអត្រាប្រសិទ្ធភាពទាបជាង។ វាមានសារសំខាន់ណាស់ក្នុងការប្រើមធ្យោបាយពន្យារកំណើតឱ្យបានជាប់លាប់ ទៀងទាត់ និង ត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព។
២. តើខ្ញុំអាចប្តូរមធ្យោបាយពន្យារកំណើតផ្សេងៗទៀតពីមួយទៅមួយបានដែរឬទេ?
ជាទូទៅអាចប្តូររវាងមធ្យោបាយពន្យារកំណើតផ្សេងៗទៀតបាន។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការប្រឹក្សាជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីធានាបានលើការចង់ផ្លាស់ប្តូរមធ្យោបាយពន្យារកំណើតដោយភាពរលូន និង ការការពារដោយគ្មានការរំខាន និង ការមានផ្ទៃពោះដោយចៃដន្យ។
៣. តើខ្ញុំអាចមានផ្ទៃពោះភ្លាមៗទេ បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើត?
ការមានកូនអាចត្រលប់មកវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើតមួយចំនួន ដូចជា មធ្យោបាយដែលប្រើអ័រម៉ូន។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៃការធ្វើឱ្យមានកូនឡើងវិញ មានភាពខុសៗគ្នាពីបុគ្គលមួយទៅបុគ្គលមួយ និង អាស្រ័យលើមធ្យោបាយដែលប្រើ។ គួរពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព សម្រាប់ការណែនាំពីពេលវេលា ដែលអ្នកអាចរំពឹងថានឹងមានផ្ទៃពោះឡើងវិញ បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើតណាមួយ។
មែនទែនទៅ ការពន្យារកំណើត គឺជាស្នូលដ៏សំខាន់នៅក្នុងផែនការគ្រួសារ។ មិនថាអ្នកជ្រើសរើសមធ្យោបាយពន្យារកំណើតបែបណា គ្រប់វិធីសាស្ត្រខាងលើ គួរតែត្រូវបានឆ្លងកាត់ការពន្យល់ណែនាំត្រឹមត្រូវពីអ្នកជំនាញ ពីព្រោះវិធីនីមួយៗនឹងត្រូវសម្របទៅតាមលក្ខណរបស់ស្ត្រីម្នាក់ៗ ក៏ដូចជាផែនការគ្រួសាររៀងៗខ្លួន។ ដូច្នេះ បើមានចម្ងល់អ្វីមួយ ឬ ចង់ដឹងបន្ថែមអំពីគម្រោងគ្រួសារ និង ការពន្យារកំណើត យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodiaឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បានចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម :
Hotline: 012 999 124/ 078 999 124/ 010 485 585
Facebook Page: https://www.facebook.com/viyacambodiapsi
Telegram channel: https://t.me/viyacambodia
TikTok: https://www.tiktok.com/@viya.cambodia?_t=ZS-8z53ATPlPTl&_r=1
Instagram: https://www.instagram.com/viyacambodia?igsh=YTIzdmh4ZnE3YThp
Website: https://www.viyahealth.com.kh/