បើអ្នកមាន៦ចំណុចនេះ មានន័យថា អ្នកចេះស្រលាញ់ខ្លួនឯង

  • 2024-10-24 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលអ្នកស្រលាញ់ខ្លួនឯង អ្នកនឹងដឹងពីរបៀបគូសបន្ទាត់រវាងអ្វីដែលមានប្រយោជន៍សម្រាប់អ្នក និងអ្វីដែលមិនមាន។ ការស្រលាញ់ខ្លួនឯង មិនមែនជាមនុស្សអាត្មានិយមនោះទេ តែជាមនុស្សម្នាក់ដែលស្គាល់ពីខ្លួនឯងច្បាស់ និងឲ្យតំលៃខ្លួនឯង រួមទាំងមនុស្សជុំវិញខ្លួនផងដែរ មិនគិតពីប្រយោជន៌ផ្ទាល់ខ្លួនជាធំ ហើយក៏មិនគិតពីខ្លួនឯងជ្រុលពេកដោយមិនគិតអ្នកដ៏ទៃដែរ។ ខាងក្រោមនេះគឺជាចំណុចដែលបញ្ជាក់ថា អ្នកជាមនុស្សស្រលាញ់ខ្លួនឯង តែក៏មិនភ្លេចស្រលាញ់អ្នកដ៏ទៃដែរ ៖

១ ចូលចិត្តនិយាយក្នុងចិត្តតែម្នាក់ឯង

ការនិយាយក្នុងចិត្តសម្រាប់រឿងរ៉ាវជាច្រើន ទាំងល្អនិងអាក្រក់ ក៏អាចឆ្លុះបញ្ចាំងពីអ្វីដែលអ្នកកំពុងធ្វើផងដែរ ដោយមិនចាំបាច់និយាយច្រើននៅចំពោះមុខ។ ទោះមានរឿងអ្វីកើតឡើង អ្នកតែងឲ្យតំលៃលើខ្លួនឯង ទុកចិត្តលើខ្លួនឯង ជាងអ្នកណាៗទាំងអស់។

២ ការថែរក្សាខ្លួនឯង

ការថែរក្សាខ្លួនឯងអាចជាឧបករណ៍ដ៏សំខាន់បំផុតដើម្បីជួយអ្នកកាត់បន្ថយភាពតានតឹង និងគ្រប់គ្រងភាពអវិជ្ជមាននៅជុំវិញអ្នក។ ទោះបីជាវាមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងពីសារៈសំខាន់នៃការចំណាយពេលសម្រាប់ខ្លួនអ្នកនោះទេ។ ប្រសិនបើអ្នកចំណាយពេលធ្វើដំណើរ អានសៀវភៅ និងធ្វើការព្យាបាលសម្រស់ នោះអ្នកដឹងពីរបៀបថែរក្សាខ្លួនអ្នករួចហើយ។

៣ អ្នកជាមនុស្សចេះកំណត់ព្រំដែន

នៅពេលអ្នកស្រលាញ់ខ្លួនឯង អ្នកនឹងដឹងពីរបៀបគូសបន្ទាត់រវាងអ្វីដែលមានប្រយោជន៍សម្រាប់អ្នក និងអ្វីដែលមិនមាន។ អ្នកអាចបដិសេធមិនធ្វើការនៅចុងសប្តាហ៍ កុំលើកទូរស័ព្ទក្រោយម៉ោង 8 យប់ លើកលែងតែករណីសង្គ្រោះបន្ទាន់។ នៅពេលដែលអ្នកដឹងយ៉ាងច្បាស់អំពីដែនកំណត់របស់អ្នក វាមានន័យថាអ្នកគួរតែដាក់តម្រូវការរបស់អ្នកជាមុនសិន។

៤ អ្នកទទួលស្គាល់បញ្ហាប្រឈមរបស់អ្នក

អ្វីដែលកើតឡើងចំពោះអ្នក ឲ្យតែអ្នកធ្វើវា ទោះជាចេញមកលទ្ធផលយ៉ាងណាក៏អ្នកសុខចិត្តទទួលយកដោយក្តីរីករាយ ហើយរៀនទទួលស្គាល់ការពិតដែលកើតឡើង។

៥ ប្រកាន់ខ្ជាប់នូវតម្លៃផ្ទាល់ខ្លួន

មនុស្សដែលខ្វះសេចក្តីស្រឡាញ់ចំពោះខ្លួនឯង ច្រើនតែបណ្តោយឲ្យគំនិត និងទស្សនៈរបស់អ្នកដទៃមានឥទ្ធិពលលើពួកគេ។ប្រសិនបើអ្នកមិនដូច្នោះទេ ការរក្សាជំហរ និងការប្តេជ្ញាចិត្តចំពោះក្រមសីលធម៌របស់អ្នក អាចបង្ហាញថាអ្នកចេះស្រឡាញ់ខ្លួនឯង។

៦ ខ្វល់អំពីអនាគតរបស់ខ្លួនឯង

ប្រសិនបើអ្នកឃើញអ្វីដែលអ្នកធ្វើនៅថ្ងៃនេះមានអត្ថន័យសម្រាប់ថ្ងៃស្អែក វាបង្ហាញថាអ្នកស្រលាញ់ខ្លួនឯងខ្លាំងណាស់។ ការសន្សំប្រាក់ ឬបង្កើតគោលដៅដើម្បីធ្វើការឆ្ពោះទៅរក បង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះអ្វីដែលកើតឡើងចំពោះអ្នកនាពេលអនាគត។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម