សង្កេតបញ្ហា និង ផលរំខានមួយចំនួនរបស់ថ្នាំងងុយគេងចំពោះបញ្ហាសុខភាព
- 2024-10-14 07:03:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្កេតបញ្ហា និង ផលរំខានមួយចំនួនរបស់ថ្នាំងងុយគេងចំពោះបញ្ហាសុខភាព
គេងមិនលក់អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងខាងក្រោម៖
ទីមួយបណ្តាលមកពីសុខភាពផ្លូវកាយ ដូចជាក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខជាដើម។
ទីពីរបញ្ហាផ្លូវចិត្ត មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ។
ទីបីទាក់ទងនឹងរបៀបរបបរស់នៅប្រចាំថ្ងៃ ដូចជាផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេល។
ចំណែកទីបួនទាក់ទងនឹងបរិស្ថាន កន្លែងគេងមានសំឡេងរំខាន បរិយាកាសអាប់អួរ កន្លែងគេងមានពន្លឺខ្លាំងពេក រស់នៅគ្នាច្រើនជាដើម។
ការសិក្សារបានបង្ហាញថា ជារៀងរាល់ឆ្នាំអត្រានៃអ្នកដែលមានបញ្ហាវិបត្តិគេងរយះពេលខ្លីមានរហូតដល់ 25% នឹងអ្នកដែលមានវិបត្តិគេងរាំរ៉ៃ មានចន្លោះពី 10 ទៅ 35% ហើយ 40% ទៀតគឺជាអ្នកដែលមានវិបត្តិគេងបានវិវត្តន៍ទៅរកជំងឺផ្លូវចិត្តដូចជាជំងឺ ថប់បារម្ភនឹង ជំងឺ ធ្លាក់ទឹកចិត្ត ។
ផលរំខានរបស់ថ្នាំងងុយគេង ការលេបថ្នាំងងុយគេងអាចជួយបញ្ហាដំណេកយើងបានមែន តែក៏មានផលរំខានមកវិញខ្លះៗដែរ។ ឱសថការី គឹម កាណែល បន្តថា ផលរំខានអាស្រ័យទៅលើប្រភេទថ្នាំដែលយើងប្រើ ក្នុងចំណោមនោះ ផលរំខានដែលកើតមានញឹកញាប់រួមមាន៖
– ក្រហាយ ឬចាក់ៗនៅដៃជើង និងទ្រូង
– មិនឃ្លានអាហារ
– ទល់លាមក
– ឈឺពោះ រាក
– ពិបាករក្សាលំនឹងខ្លួនប្រាណ
– វិលមុខ
– ស្ងួតមាត់ និងក
– ឈឺក្បាល
– មិនសូវចងចាំ
– យល់សប្តិអាក្រក់
– ខ្សោយកម្លាំង។
ការប្រើថ្នាំលើសកម្រិត ការប្រើថ្នាំងងុយគេងលើសកម្រិតអាចបណ្ដាលឲ្យផលរំខានរបស់ថ្នាំកើនឡើងខ្ពស់ និងមានរយៈពេលយូរ ហើយករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិត។
ប្រសិនបើអ្នក មានបញ្ហាដំនេក ដេកមិនស្កប់ ដេកយល់សប្តិច្រើន ចាប់មានផលរំខាននៃថ្នាំងងុយគេង លោកអ្នកគួរតែស្វែងរកជំនួយពីអ្នកជំនាញ ប្រឹក្សាយោបល់ មុនប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ។ សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជះផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។
ប្រភព៖ វីឃែរ គ្លីនិក