ម៉ាក់ៗសាកវិធីសាស្រ្តទាំងនេះជួយឱ្យកូនញ៉ាំបានច្រើនជាងមុនសម្រាប់កុមារមិនព្រមញ៉ាំអាហារ!

  • 2024-09-25 04:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើឱ្យម៉ោងអាហាររីករាយជាងមុន អាណាព្យាបាលអាចកែច្នៃអាហាររបស់ក្មេងឱ្យមានភាពទាក់ទាញ និងស្អាតទៅតាមប្រភេទអាហារនីមួយៗដែលធ្វើឱ្យក្មេងចាប់អារម្មណ៍និងចង់ញ៉ាំជាងមុន និទានរឿងទាក់ទងនឹងអាហារឱ្យក្មេងៗស្ដាប់ ដែលអាចជួយបង្កើនចំណង់អាហាររបស់ក្មេងបានប្រសើរជាងមុន

ឱ្យកូនៗជួយរៀបចំអាហារ នាំក្មេងរៀបចំអាហារដែលគេនឹងត្រូវញ៉ាំ នៅពេលក្មេងៗបានជួយរៀបចំអាហារដែលគេនឹងត្រូវញ៉ាំ វាអាចជួយឱ្យក្មេងចាប់អារម្មណ៍លើប្រភេទអាហារដែលគេបានរៀបចំនោះ

ញ៉ាំអាហារជុំគ្រួសារ ញ៉ាំអាហារជុំគ្នាជាមួយសមាជិកក្នុងគ្រួសារ អាចជួយឱ្យក្មេងសប្បាយនិងចង់ញ៉ាំអាហារបានច្រើនជាងមុន

កាត់បន្ថយអាហារប៉ះពាល់សុខភាព អាហារប៉ះពាល់សុខភាពមានដូចជា នំកញ្ចប់ គ្រឿងកំប៉ុង អាហារសម្បូរស្ករ ឫ ខ្លាញ់ (សម្បូរខ្លាញ់មិនល្អ) ដែលវាងាយបង្កឱ្យទារកលើសគីឡូ និងប្រឈមជំងឺរ៉ាំរ៉ៃក្នុងពេលអនាគត ក្នុងករណីក្មេងរាងធំដែរ អាណាព្យាបាលអាចណែនាំបន្ថែមពីអាហារដែលមិនមានសុវត្ថិភាពទាំងនោះ (ឧ. កូនញ៉ាំចូលទៅធ្វើឱ្យកូនធាត់មិនស្អាត…) សូមជំនួសអាហារប៉ះពាល់សុខភាពទាំងនោះ ជាមួយនឹងអាហារដែលសម្បូរសារជាតិ

ផ្ដល់នូវអាហារថ្មីៗដល់កូន សូមផ្ដល់នូវអាហារថ្មីៗចម្រុះមុខគ្នាដើម្បីឱ្យក្មេងទទួលបាននូវជីវជាតិ និងរសជាតិផ្សេងៗគ្នា ក្នុងករណីដែលក្មេងបដិសេធ សូមបន្តផ្ដល់ឱ្យបានយ៉ាងហោចណាស់ ៤ ទៅ ៧ដងទៀតមុនដកវាចេញពីក្រុមអាហារដែលក្មេងមិនចូលចិត្ត

បង្រៀនក្មេងឱ្យស្គាល់ពីតម្រូវការខ្លួនឯង បង្រៀនកូនៗឱ្យដឹងថា ញ៉ាំប៉ុណ្ណាគ្រប់គ្រាន់សម្រាប់ខ្លួនគេ? បង្រៀនគាត់ឱ្យញ៉ាំត្រឹមបរិមាណដែលគាត់ឃ្លានសល់អាចចាក់ចោល ឫ ទុកពេលក្រោយ សូមកុំបង្ខំឱ្យក្មេងញ៉ាំឱ្យអស់ពីចាន។

ស្តុកទុកអាហារសុខភាពនៅផ្ទះ ៖ កុមារ ជាពិសេសក្មេងតូចៗនឹងញ៉ាំអាហារភាគច្រើនដែលមាននៅផ្ទះ។ ដូច្នេះឪពុកម្តាយគួរដាក់ផ្លែឈើ និងបន្លែចូលទៅក្នុងទម្លាប់អាហារប្រចាំថ្ងៃ យ៉ាងហោចណាស់ប្រាំដងក្នុងមួយថ្ងៃ។ អាហារសម្រន់ល្អផ្សេងទៀតរួមមាន ទឹកដោះគោយ៉ាអួមានជាតិខ្លាញ់ទាប ប៊ឺ សណ្ដែកដី គ្រាប់ធញ្ញជាតិ ។ល។ សាច់គ្មានខ្លាញ់ និងប្រភពប្រូតេអ៊ីនល្អផ្សេងទៀត ដូចជាត្រី ស៊ុត សណ្តែក ជាដើម។ ម៉្យាងវិញទៀត កំណត់ការទទួលទានជាតិខ្លាញ់ ដោយ​ជៀសវាងអាហារចៀន និងជ្រើសរើសវិធីចម្អិនដែលមានសុខភាពល្អ ដូចជា ការស្ងោរ ដុត អាំង និងចំហុយ។

ធ្វើជាគំរូសម្រាប់កូន ៖ មធ្យោបាយដ៏ល្អបំផុតដើម្បីលើកទឹកចិត្តកូនៗឱ្យញ៉ាំអាហារដែលមានសុខភាពល្អ គឺការញ៉ាំឱ្យបានល្អដោយខ្លួនឯង។ កុមារនឹងធ្វើតាមការដឹកនាំរបស់ឪពុកម្ដាយដែលពួកគេឃើញជារៀងរាល់ថ្ងៃ។ តាមរយៈការញ៉ាំផ្លែឈើ និងបន្លែ ហើយមិនញ៉ាំអាហារដែលគ្មានជីវជាតិច្រើនពេក ជាគន្លឹះផ្ដល់គំរូញ៉ាំអាហារដ៏ត្រឹមត្រូវសម្រាប់កុមារ។

កុំប្រើវិធីយកឈ្នះកូនឱ្យញ៉ាំអាហារត្រឹមត្រូវ ៖ ការផ្ដល់អាហារត្រឹមត្រូវសម្រាប់កូនៗក៏បណ្ដាលឱ្យកើតមានជម្លោះបានផងដែរ។ កុមារច្រើនសម្រេចចិត្តថា ពួកគេនឹងញ៉ាំអ្វីដែលធ្វើឱ្យពួកគេឆ្អែត។ ឪពុកម្តាយដែលមានចេតនាល្អអាចរកឃើញថាខ្លួនកំពុងចរចា ឬសូកប៉ាន់កូនៗ ដូច្នេះកូនបរិភោគអាហារដែលមានសុខភាពល្អតែនៅចំពោះមុខឪពុកម្ដាយប៉ុណ្ណោះ។ យុទ្ធសាស្ត្រល្អជាង គឺផ្តល់ឱ្យកុមារនូវការគ្រប់គ្រងមួយចំនួន ប៉ុន្តែក៏កំណត់ប្រភេទអាហារដែលមាននៅផ្ទះផងដែរ។ ដូច្នេះ កុំសូកប៉ាន់ ឬផ្តល់រង្វាន់ដល់កុមារជាអាហារមានជាតិផ្អែម។ នៅពេលដែលអ្នកចង់បង្ហាញក្តីស្រលាញ់ គ្រាន់តែផ្តល់ការឱបដល់កូនៗ ឬសរសើរ។

សូមចំណាំថា៖ អាហារូបត្ថម្ភដែលសមស្រប គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រាន សុខភាពល្អ និងការអភិវឌ្ឍរបស់កុមារ។ ស្របគ្នានេះ ឪពុកម្ដាយគួរងាកមកចំណាយលើអាហារូបត្ថម្ភរបស់កូនជាជាងចំណាយលុយច្រើនទៅលើការព្យាបាលនៅមន្ទីរពេទ្យ។

ប្រភព៖ Healthyfoodhouse ប្រែ​សម្រួល៖ សិរីរត្នន៍