តស់ ! មកដឹងពីជំងឺភ្នែកឡើងបាយ
- 2024-09-19 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តស់ ! មកដឹងពីជំងឺភ្នែកឡើងបាយ
១ អ្វីទៅជាភ្នែកឡើងបាយ?
ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ រឺឡើងពណ៌ស ជាហេតុបណ្តាលអោយពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើអោយគំហើញមានការថយចុះ។
២ អាការៈ និងរោគសញ្ញាភ្នែកឡើងបាយ៖
រោគញ្ញាចម្បងនៃជំងឺភ្នែកឡើងបាយ គឺការថយចុះនៃគំហើញបន្តិចម្តងៗ ហើយអ្នកជំងឺក៏អាចមានអាការៈផ្សេងៗទៀតដូចខាងក្រោម៖
មើលឃើញរាងច្បាស់បន្តិច នៅពេលដែលស្ថិតនៅក្នុងម្លប់ ឬពេលរសៀល។
មើលឃើញបែកផ្សែង និងស្រវាំងភ្នែកជាងធម្មតា នៅពេលដែលស្ថិតនៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំង ឬនៅពេលមានពន្លឺភ្លើងចាំងមកចំភ្នែកនៅពេលយប់។
កូនក្រមុំមានពណ៌ស និងអាចមើលឃើញដោយភ្នែកទទេ នៅពេលដែលបាយឡើងក្រាស់ខ្លាំង។
ក្នុងករណីកម្រិតបាយនៅតិច អ្នកជំងឺមើលឆ្ងាយមិនច្បាស់ ដោយមានការផ្លាស់ប្តូរវ៉ែនតាសម្រាប់មើលឆ្ងាយញឹកញាប់ ប៉ុន្តែអ្នកជំងឺអាចមើល ឬអានអក្សរជិតៗបានដោយមិនចាំបាច់ពាក់វ៉ែនតាមើលជិត។
ក្នុងករណីកម្រិតបាយឡើងស្រអាប់់ខ្លាំង អ្នកជំងឺមិនអាចមើលឃើញច្បាស់ទាំងឆ្ងាយ និងទាំងជិត។
៣ មូលហេតុបង្កជំងឺ៖
មូលហេតុដែលអាចបណ្តាលអោយមានជំងឺភ្នែកឡើងបាយរួមមាន៖
អាយុច្រើន និងភាពចាស់ជរា
ជំងឺទឹកនោមផ្អែម
ជំងឺរលាកប្រស្រីភ្នែក
ការប៉ះទង្គិច ឬរបួសទៅលើគ្រាប់ភ្នែក
ការធ្វើការងារដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យខ្លាំងជាញឹកញាប់
ការកើតមានពីកំណើតទៅលើកុមារ ឬទារក (ដូចជាក្នុងកំឡុងពេលម្តាយមានជំងឺស្អូចពេលកំពុងពពោះជាដើម)
ការប្រើប្រាស់រយៈពេលយូរហួសកម្រិត នូវថ្នាំបន្តក់ភ្នែកសម្រាប់ជំងឺរលាកភ្នែក រឺក្រហមភ្នែកដែលមានផ្ទុកនូវសារជាតិស្តេរ៉ូអ៊ីត
៤ ផលវិបាក៖
ក្នុងករណីមិនបានទទួលការព្យាបាលភ្នែកឡើងបាយអោយបានត្រឹមត្រូវ និងទុកអោយបាយភ្នែកក្រាស់ខ្លាំងពេក អ្នកជំងឺអាចមានផលវិបាកដូចខាងក្រោម៖
ងងឹតភ្នែកទាំងស្រុង
រលាកឈឺចុកចាប់ក្នុងភ្នែក និងឈឺក្បាលខ្លាំង ក្នុងករណីមានការឡើងនូវសម្ពាធទឹកក្នុងភ្នែក ឬកើតជាជំងឺទឹកដក់ក្នុងភ្នែកដែលបង្កដោយបាយភ្នែក
រលាកបាតភ្នែក ឬរបើកបាតភ្នែក ក្នុងករណីមានការដាច់ធ្លាក់កែវភ្នែកដែលមានឡើងបាយទៅក្នុងផ្នែកខាងក្រោយនៃភ្នែក
៥ ការព្យាបាល និងថែទាំក្រោយពេលវះកាត់៖
៦ វិធានការការពារ៖
ដើម្បីការពារកុំអោយកើតមានជំងឺភ្នែកឡើងបាយ ដែលបង្កដោយមូលហេតុផ្សេងៗក្រៅអំពីជរាភាពៈ
សូមការពារកុំអោយការប៉ះទង្គិច ឬមានរបួសផ្ទាល់ទៅលើគ្រាប់ភ្នែក
សូមពាក់របាំងការពារ ឬវ៉ែនតាការពារភ្នែករាល់ពេលធ្វើការងារណាដែលអាចបង្ករគ្រោះថ្នាក់ទៅលើភ្នែក និងមុខរបស់អ្នក
សូមពាក់មួក និងវ៉ែនតាការពារកាំរស្មីព្រះអាទិត្យ
សូមកុំប្រើប្រាស់ថ្នាំភ្នែកដោយគ្មានការពិនិត្យ និងវេជ្ជបញ្ជាត្រឹមត្រូវ
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital