ម៉ាក់ៗគួរដឹងជាមុន ផលវិបាកនៃការសម្រាលកូនដោយវះកាត់​​ មុនធ្វើការសម្រេចចិត្ត​

  • 2024-06-21 06:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់ៗប្រហែលជាធ្លាប់បានស្គាល់ហើយអំពីជម្រើសនៃការសម្រាលកូន ពោលគឺការសម្រាលដោយធម្មជាតិ និងការសម្រាលដោយវះកាត់។ ជាទូទៅ ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យសម្រាលបុត្រតាមធម្មជាតិ ព្រោះវាមានផលវិបាកតិចតួចជាងការវះកាត់។

ការវះកាត់ ជាធម្មតាត្រូវបានធ្វើឡើងលុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូនតែប៉ុណ្ណោះ។ យ៉ាងណាមិញបច្ចុប្បន្ននេះអត្រានៃការសម្រាលបុត្រដោយការវះកាត់ មានការកើនឡើងជាលំដាប់គួរឲ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្រ្តីមួយចំនួនយល់ខុសថា ការសម្រាលកូនដោយវះកាត់ មាន ភាពងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការឈឺពោះសម្រាល និងមើលរំលងផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។

តើមានផលវិបាកអ្វីខ្លះអំឡុង និងក្រោយពេលការវះកាត់សម្រាលកូន? ផលវិបាកអំឡុងពេលវះកាត់

  • ផលវិបាកនៃថ្នាំសណ្តំ (Syndrome de Mendelson)
  • ការបាត់បង់ឈាមច្រើនពេលវះកាត់
  • ការដាច់រហែកកស្បូនខ្លាំង
  • របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកនោពេទ្យរយៈពេលយូរ
ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត

ផលវិបាកក្រោយពេលវះកាត់ភ្លាមៗ

  • ការបង្ករោគផ្សេងៗ មានដូចជា៖ ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម។
  • ការហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក
  • ភាពស្លេកស្លាំង
  • ផលវិបាកស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួតធ្វើឲ្យមានវិបត្តិផ្លូវដង្ហើម ផលវិបាកក្រោយពេលវះកាត់ (នៅពេលមានផ្ទៃពោះលើកក្រោយ)៖
  • ការវះកាត់យកកូនសារជាថ្មី
ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត
  • ការធ្លាយស្បូន
  • សុកពាំងមាត់ស្បូន
  • សុកចាក់ឬសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោម
ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត

ផលវិបាកទាំងអស់នេះមិនសូវកើតមានជាញឹកញាប់ទេ តែក្នុងករណីខ្លះក៏អាចគំរាមគំហែងដល់អាយុជីវិតស្រ្តីជាម្តាយបានផងដែរ។ ដូច្នេះរាល់ការសម្រាលទាំងអស់ ស្រ្តីគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏ សមស្រប និងមានសុវត្ថិភាពទាំងម្តាយ និងកូន។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍