អាការៈ​លើ​រាង​កាយ​ទាំង​បួន​កើត​ចេញ​ពី​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​

  • 2024-04-16 02:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​យើង​តែង​តែ​គិត​ថា​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ច្រើន​មាន​រោគ​សញ្ញា​ទាក់​ទង​នឹង​អារម្មណ៍​ដូច​ជា​សោកសៅ​ យំ និង​មាន​អារម្មណ៍​អស់សង្ឃឹម​ជា​ដើម។ ប៉ុន្តែ​ការ​សិក្សា​​មួយ​ចំនួន​បាន​បង្ហាញ​ថា​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​ក៏​អាច​ស្ដែង​ចេញ​ជា​អាការៈ​ឈឺ​ចាប់​លើ​រាង​កាយ​ដែរ​។

ការ​ស្វែង​យល់​ពី​អាការៈ​លើ​រាង​កាយ​អាច​ឲ្យ​យើង​ដឹង​ថា​​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​ចាប់​ផ្ដើម​កើត​មាន ឬ​អាច​ជា​សញ្ញា​ថា​យើង​កំពុង​មាន​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​ហើយ​។

១. តែង​តែ​អស់​កម្លាំង

យើង​អាច​ដឹង​ថា​អាការៈ​ហត់​នឿយ អស់កម្លាំង​អាច​កើត​ចេញ​ពី​បញ្ហា​ស្រ្តេស ប៉ុន្តែ​បញ្ហា​បាក់​ទឹក​ចិត្ត​ក៏​អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ដូច​គ្នា​។ បញ្ហា​ខ្សោយ​ អស់​កម្លាំង​ជា​រោគ​សញ្ញា​ទូទៅ​មួយ​របស់​អ្នក​មាន​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​។ ពេល​ខ្លះ​ទៀត ការ​អស់កម្លាំង​ដោយសារ​ការ​ធ្លាក់​ទឹក​ចិត្ត​នេះ​​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្ចង់​អារម្មណ៍ និង​មាន​អារម្មណ៍​មិន​ស្ងប់​ផង​ដែរ​។​ មួយ​វិញ​ទៀត អ្នក​ខ្លះ​មិន​ទាំង​មាន​ចិត្ត​ចង់​ក្រោក​ពី​គ្រែ​គេង​ផង ចង់​ដេក​មើល​ទូរទស្សន៍ មិន​ចង់​ទៅ​ណា​ទាំង​អស់​។​

​២. ឈឺ​ខ្នង ឈឺ​សាច់​ដុំ​

ការ​សិក្សា​បាន​រក​ឃើញ​ថា​បញ្ហា​ធ្លាក់​ទឹក​ចិត្ត និង​ការ​ឈឺ​ខ្នង​មាន​ទំនាក់​ទំនង​គ្នា​ដោយ​ផ្ទាល់​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ត​ជឿ​ថា​បញ្ហា​ផ្លូវ​អារម្មណ៍​​អាច​បង្ក​ឲ្យ​មាន​អាការៈ​ឈឺ​ចាប់​រ៉ាំ​រ៉ៃ​ ដូច​ជា​បញ្ហា​ធ្លាក់​ទឹក​ចិត្ត និង​ការ​រលាក​នៅ​ក្នុង​រាង​កាយ​។ ​

៣. ឈឺ​ក្បាល​

​ស្ទើរ​តែ​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្លាប់​ឆ្លង​កាត់​បញ្ហា​ឈឺ​ក្បាល​។ ស្ត្រេស​នឹង​ការងារ​អាច​នាំ​ឲ្យ​ឈឺ​ក្បាល​ម្ដង​ម្កាល​ ប៉ុន្តែ​ពេល​​បើ​អាការៈ​ឈឺ​ក្បាល​កើត​មាន​ជា​ប្រចាំ វា​អាច​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​ទៅ​វិញ​។

ថ្វី​បើ​អាការៈ​ឈឺ​ក្បាល​ប្រភេទ​នេះ​អាច​ដោះ​ស្រាយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ដោយ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា តែ​វា​នឹង​កើត​ឡើង​ជា​ថ្មី​ទៀត​។ ពេល​ខ្លះ​ការ​ឈឺ​ក្បាល​ខ្លាំង​រ៉ាំរ៉ៃ ក៏​ជា​សញ្ញា​នៃ​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​ដែរ​។​

៤. បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​

បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​ដូច​ជា​ទល់​លាមក ឬ​រាក អាច​រំខាន​ខ្លាំង​​ដល់​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​។ ការ​សិក្សា​ក្នុង​ឆ្នាំ​២០២០ បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​​រវាង​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា​ការ​សោក​សៅ ថប់បារម្ភ សុទ្ធ​តែ​អាច​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ដូច​គ្នា​ដែរ ថប់បារម្ភ និង​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​ក៏​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​បញ្ហា​ឈឺ​ក្រពះ​ពោះ​វៀន​ដូច​ដែរ។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា