តស់ ! មកដឹងពីផលិតផលថែរក្សាស្បែកដែលស្រ្តីមានផ្ទៃពោះត្រូវជៀសវាង

  • 2024-04-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិតណាស់ស្ត្រីមានផ្ទៃពោះគួរជៀសវាង គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែកមួយចំនួន ដែលមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ ហើយបើយោងទៅតាម FDA Food & Drug administration បានសិក្សា និងកំណត់ថាសារធាតុដែលនៅក្នុងផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងមួយចំនួនអាចធ្វើឲ្យទារកលូតលាស់កាយសម្បទា ខុសប្រក្រតី និង ធ្វើឲ្យទារកមានសុខភាពខ្សោយពីកំណើត។

ដូចនេះ វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន ឯកទេសសើស្បែកប្រចាំការនៅ គ្លីនិក មៀរ៉ា បានឲ្យដឹងថាសារធាតុទាំងនោះរួមមាន៖

១. Hydroquinone: ជាសារធាតុដែលមាននៅក្នុងប្រភេទថ្នាំលាបព្យាបាលស្នាមជាំ ស្នាមអុចខ្មៅ ដូចនេះនៅពេលស្ត្រីមានផ្ទៃពោះ តែងតែប្រឈមជាមួយការឡើងជាំនៅលើផ្ទៃមុខ សូមប្រុងប្រយ័ត្នជាមួយសារធាតុនេះ ព្រោះនៅពេលលាប វាត្រូវបានស្រូបចូលក្នុងសរសៃឈាមលឿនជាងសារធាតុផ្សេងៗ ដែលនឹងប៉ះពាល់ដល់ទារក។

២. ឡេការពារកម្តៅថ្ងៃប្រភេទ Chemical Sunscreen: ដោយសារវាមានសារធាតុ avobenzone or oxybenzone ដែលអាចប៉ះពាល់ដល់ការលូតលាស់ប្រព័ន្ធប្រសាទ ឬខួរក្បាលរបស់ទារក។

៣. Tetracycline: ជាប្រភេទថ្នាំផ្សះ ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់អំឡុងពេលពពោះ ទាំងប្រភេទលេប និងថ្នាំលាប ព្រោះវាអាចប៉ះពាល់ទាំងម្តាយ និងទារក។

៤. Formaldehyde: សារធាតុនេះភាគច្រើនមាននៅក្នុងថ្នាំលាបសក់ និង ថ្នាំលាបក្រចក ដែលវាត្រូវបានរកឃើញថាអាច ប៉ះពាល់ដល់ការបង្កកំណើត និងប្រឈមទៅនឹងការរលូត ដូចនេះត្រូវជ្រើសរើសផលិតផលដែលមិនមាន សារធាតុនេះ។

៥. Retin-A or Retinol : ភាគច្រើនយើងស្គាល់សារធាតុនេះ ដោយសារវាត្រូវបានគេពេញនិយម ប្រើប្រាស់នៅក្នុង skincare ប៉ុន្តែត្រូវជៀសវាងប្រើប្រាស់សារធាតុមួយនេះ ដោយសារវាមាន គ្រោះថ្នាក់ខ្លាំង ធ្វើឲ្យសារពាង្គកាយទារកលូតលាស់ខុសប្រក្រតី។

៦. Benzoyl Peroxide & Salicylic acid: ភាគច្រើនគេប្រើជាថ្នាំលាបព្យាបាលមុន ដូចនេះបើបងប្អូនមានបញ្ហាកើតមុនអំឡុងពេលពពោះគួរកុំប្រើថ្នាំលាបដែលមានសារធាតុទាំងពីរនេះអី បងប្អូនគួរតែប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបាន ការព្យាបាល ឬថ្នាំដែលមានសុវត្ថិភាពសម្រាប់ម្តាយ និងទារក។

៧. ផលិតផលលាបស្បែកដែលមានជាតិ Steroid និង បារតៈ ក៍ត្រូវបានហាមឃាត់ដូចគ្នា ព្រោះវានឹងជ្រាបតាមសសៃឈាមរបស់ម្ដាយរួចបន្តទៅដល់ទារកផងដែរ។

វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌី បានបន្ថែមទៀតថា សូមបងប្អូននារីៗដែលកំពុងមានផ្ទៃពោះទាំងអស់ ត្រូវប្រុងប្រយ័ត្ននូវសារធាតុទាំងអស់នេះ ហើយត្រូវពិនិត្យ និងសិក្សាឲ្យបានច្បាស់លាស់មុននឹងប្រើប្រាស់ផលិតផលណាមួយ ជាពិសេសគួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសជាមុនសិន។

ប្រភព៖ គ្លីនិក មៀរ៉ា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម