បើលេចចេញសញ្ញាទាំង៨នេះ សូមទៅមន្ទីរពេទ្យពិនិត្យរក “ជំងឺថ្លើម” ឱ្យបានឆាប់បំផុត

  • 2024-04-01 03:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្លើមជាសរីរាង្គសំខាន់ណាស់ ព្រោះវាបំពេញមុខងារសំខាន់ផ្សេងៗគ្នា។ ថ្លើមមានតួនាទីសំខាន់ក្នុងការរក្សាការរំលាយអាហារ បំប្លែងសារធាតុចិញ្ចឹមពីអាហារទៅជាថាមពល និងសំយោគម៉ូលេគុលសំខាន់ៗដូចជាប្រូតេអ៊ីន និងកូលេស្តេរ៉ុល។ ថ្លើមចម្រោះ និងយកជាតិពុលចេញពីឈាម។ នៅពេលដែលមុខងារថ្លើមធ្លាក់ចុះ រាងកាយនឹងបញ្ចេញសញ្ញាព្រមាន។

ជាមួយគ្នានេះ ថ្លើមក៏មានមុខងារបង្កើតទឹកប្រមាត់ដើម្បីរំលាយជាតិខ្លាញ់ និងរក្សាទុក glycogen ដើម្បីរក្សាទុកថាមពល។ ថ្លើមក៏ទទួលខុសត្រូវក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមដោយការរក្សាទុក ឬបញ្ចេញជាតិស្ករតាមតម្រូវការរបស់រាងកាយ។

យោងតាម Healthshots ប្រសិនបើអ្នកឃើញសញ្ញាខាងក្រោមនៅក្នុងខ្លួនរបស់អ្នក សូមយកចិត្តទុកដាក់ ព្រោះមុខងារថ្លើមរបស់អ្នកកំពុងថយចុះ។

១.អស់កំលាំង

នៅពេលដែលជាតិពុលកកកុញច្រើនពេកនៅក្នុងខ្លួន វាអាចដាក់បន្ទុកលើថ្លើម។ យោងតាមវេជ្ជបណ្ឌិត Pawan Rawal ដែលជាគ្រូពេទ្យឯកទេសខាងក្រពះពោះវៀនជនជាតិឥណ្ឌា ស្ថានភាពនេះអាចបណ្តាលឱ្យរាងកាយមានអារម្មណ៍អស់កម្លាំងគ្រប់ពេលវេលា។

២.មានបញ្ហារំលាយអាហារ

បញ្ហារំលាយអាហារមិនទាក់ទងនិងអាហារដែលអ្នកទទួលទានជារៀងរាល់ថ្ងៃទាំងស្រុងនោះទេ។ ប្រសិនបើអ្នកមានបញ្ហាថ្លើម អ្នកក៏អាចជួបប្រទះការហើមពោះ ទល់លាមក ឬរាគ ដោយសារការផលិតទឹកប្រមាត់ចុះខ្សោយ។

៣.ជំងឺខាន់លឿង

ស្បែក និងភ្នែកពណ៌លឿង គឺជារោគសញ្ញាព្រមានថា ថ្លើមអាចនឹងខូច ឬដំណើរការខុសប្រក្រតី។ ជាធម្មតាវាបណ្តាលមកពីប៊ីលីរុយប៊ីនលើស ដែលជាសារធាតុពណ៌លឿងដែលផលិតនៅពេលកោសិកាឈាមក្រហមបំបែក។ ជាធម្មតា ប៊ីលីរុយប៊ីនត្រូវបានបញ្ចេញដោយថ្លើមតាមរយៈបំពង់ទឹកប្រមាត់ចូលទៅក្នុងពោះវៀន បន្ទាប់មកត្រូវបានបញ្ចេញចេញពីរាងកាយក្នុងលាមក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមុខងារថ្លើមមានបញ្ហា ប៊ីលីរុយប៊ីននឹងមិនត្រូវបានលុបចោលឱ្យបានត្រឹមត្រូវទេ ដែលកកកុញនៅក្នុងខ្លួន ហើយនាំឱ្យកើតជម្ងឺខាន់លឿង និងភ្នែកលឿង។

៤.ទឹកនោមពណ៌លឿងដិតខ្លាំង

ការកើនឡើង bilirubin នៅក្នុងឈាមដោយសារតែមុខងារថ្លើមខ្សោយក៏អាចបណ្តាលឱ្យទឹកនោមលឿងខ្លាំងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានទឹកតិចពេក អ្នកក៏អាចជួបប្រទះបញ្ហានេះដែរ។

៥.ឧស្សាហ៍ឈឺពោះផ្នែកខាងស្ដាំ

អ្នកជំនាញនិយាយថា អារម្មណ៍មិនស្រួលនៅក្នុងពោះខាងស្តាំ ក៏អាចជាសញ្ញានៃការរលាកថ្លើម ឬហើមផងដែរ។

៦. ស្រកទម្ងន់

បញ្ហាថ្លើមអាចរំខានដល់ការរំលាយអាហារ ដែលនាំឱ្យស្រកទម្ងន់ដោយមិនអាចពន្យល់បាន ។ លើសពីនេះ រាងកាយរបស់អ្នកអាចពិបាកក្នុងការដំណើរការ និងស្រូបយកសារធាតុចិញ្ចឹម ប្រសិនបើមុខងារថ្លើមចុះខ្សោយ។ នេះក៏អាចនាំឱ្យមានភាពទន់ខ្សោយ និងស្រកទម្ងន់ផងដែរ។

៧.បញ្ហាស្បែកកន្ទួលរមាស់ក្រហម

ការខូចមុខងារថ្លើមអាចបង្ហាញឱ្យឃើញដូចជារមាស់ កន្ទួល ឬមុននៅលើស្បែក។ នេះគឺជាផលវិបាកនៃការប្រមូលផ្តុំជាតិពុលនៅក្នុងខ្លួន។

៨.បាត់បង់ចំណងអាហារ

ជំងឺថ្លើមដែលបណ្តាលឱ្យបាត់បង់ចំណង់អាហារអាចបណ្តាលមកពីមូលហេតុជាច្រើន។ នៅពេលដែលថ្លើមខូច ឬដំណើរការមិនប្រក្រតី សមត្ថភាពច្រោះ និងដកជាតិពុលចេញពីរាងកាយត្រូវបានកាត់បន្ថយ ដែលនាំឱ្យមានការប្រមូលផ្តុំជាតិពុលក្នុងឈាម និងប៉ះពាល់ដល់មុខងារនៃសរីរាង្គផ្សេងៗ រួមទាំងថ្លើមក្នុងការរំលាយអាហារ។ នេះអាចធ្វើអោយអ្នកមានអារម្មណ៍អស់កម្លាំង ចង្អោរ និងមិនចង់ញ៉ាំ។

លើសពីនេះ ថ្លើមមានតួនាទីសំខាន់ក្នុងការរំលាយអាហារ និងបំប្លែងអាហារ។ ដូច្នេះនៅពេលដែលមុខងារថ្លើមធ្លាក់ចុះ ដំណើរការរំលាយអាហារក៏រងផលប៉ះពាល់ផងដែរ ដែលនាំឱ្យបាត់បង់ចំណង់អាហារ។

ដូច្នេះដើម្បីរក្សាថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ អ្នកអាចអនុវត្តវិធីដូចខាងក្រោមនេះ៖

.មានរបបអាហារដែលមានសុខភាពល្អ៖ ជ្រើសរើសអាហារសម្បូរសារធាតុចិញ្ចឹម ជៀសវាងគ្រឿងស្រវឹង និងសារធាតុរំញោច។

.បង្កើនអាហារដែលជួយដល់មុខងារថ្លើម ដូចជាតែបៃតង និងបន្លែបៃតងខ្មៅ។

.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ទឹកជួយកម្ចាត់ជាតិពុលតាមរយៈទឹកនោម។

.គ្រប់គ្រងទម្ងន់៖ ភាពធាត់អាចបង្កភាពតានតឹងដល់ថ្លើម ដូច្នេះការរក្សាទម្ងន់ដ៏ល្អគឺចាំបាច់ដើម្បីឱ្យថ្លើមមានសុខភាពល្អ។

.ហាត់ប្រាណឱ្យបានទៀងទាត់៖ ជួយពង្រឹងសុខភាពទូទៅ និងជួយដល់ដំណើរការនៃការកម្ចាត់ជាតិពុល។

.ជៀសវាងការប៉ះពាល់នឹងសារធាតុគីមីពុល៖ ការពារខ្លួនអ្នកពីសារធាតុគីមីឧស្សាហកម្ម និងជាតិពុលពីបរិស្ថាន ដោយប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលចាំបាច់។

.ការត្រួតពិនិត្យសុខភាពជាទៀងទាត់ជួយគ្រប់គ្រងបញ្ហាមុខងារថ្លើម។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឃើញថារាងកាយរបស់អ្នកមានសញ្ញាព្រមានអំពីបញ្ហាមុខងារថ្លើម បន្ថែមពីលើវិធានការខាងលើ អ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យឯកទេសដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺ

ប្រែសម្រួលអត្ថតឮបទ៖ កេសរ

អត្ថបទពេញនិយម