ការធ្វើអំពើល្អជួយដល់សុខភាពផ្លូវចិត្ត
- 2024-03-23 00:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការធ្វើអំពើល្អជួយដល់សុខភាពផ្លូវចិត្ត
ការធ្វើអំពើល្អដាក់អ្នកដទៃ មិនថាតិចតួច ឬច្រើនគឺសុទ្ធតែជារឿងធ្វើឲ្យយើងសប្បាយចិត្ត។ ដូចគ្នាដែរសូម្បីតែយើងញញឹម និយាយពាក្យពីរោះ ឬពាក្យល្អៗទៅកាន់អ្នកផ្សេង ក៏ធ្វើឲ្យយើងរីករាយដូចគ្នា។ ក្រៅពីនេះទង្វើមួយចំនួនដូចជាការស្ម័គ្រចិត្តធ្វើការសហគមន៍ ក៏អាចជួយឲ្យសុខភាពផ្លូវចិត្តយើងល្អដែរ។
មនុស្សជាច្រើនជឿថាការដាក់ទាន ឬធ្វើល្អចំពោះអ្នកដទៃ គឺជារឿងល្អសម្រាប់សង្គម ហើយក៏ល្អសម្រាប់សុខភាពផ្លូវចិត្តយើងផ្ទាល់ផងដែរ។
អំពើល្អ មិនថាតិច ឬច្រើន ឬគ្រាន់តែជាការស្ម័គ្រចិត្តជួយសហគមន៍ ក៏ជួយឲ្យយើងបានទទួលអារម្មណ៍ថារីករាយដែរ។ ការធ្វើរឿងទាំងនេះនឹងធ្វើឲ្យយើងកាន់តែសប្បាយចិត្ត និងពេញចិត្តនឹងជីវិតខ្លួនឯងកាន់តែច្រើន។
ពេលខ្លះ យើងគិតថាសុខភាពផ្លូវចិត្តល្អទាល់តែមានរថយន្តទំនើប មានផ្ទះ មានប្រាក់ចំណូលខ្ពស់ ឬមានការងារល្អ។ ប៉ុន្តែមានភស្តុតាងជាច្រើនបង្ហាញថាអ្វីដែលយើងកំពុងធ្វើ និងអ្វីដែលយើងកំពុងគិតគឺមានឥទ្ធិពលខ្លាំងលើសុខភាពផ្លូវចិត្ត។
សុខភាពផ្លូវចិត្តល្អ គឺមានន័យថាយើងមានអារម្មណ៍ល្អមកលើខ្លួនយើង និងពិភពនៅជុំវិញខ្លួន និងអាចមានដំណើរជីវិតមួយស្របតាមវិធីរស់នៅរបស់យើង។ ចំណែកការជួយដល់អ្នកដទៃ ឬធ្វើអំពើល្អចំពោះអ្នកដទៃ គឺជាផ្នែកមួយជួយដល់សុខភាពផ្លូវចិត្តរបស់យើង។
ការសិក្សារកឃើញថាការធ្វើអំពើល្អ មិនថាតិច ឬច្រើន គឺសុទ្ធតែមានទំនាក់ទំនងទៅនឹងសុខភាពផ្លូវចិត្ត។ ការជួយអ្នកដទៃ ឬដាក់ទានដល់អ្នកដទៃជួយជំរុញឲ្យខួរក្បាលយើងបង្កើតអារម្មណ៍វិជ្ជមាន។ ការជួយ ឬដាក់ទានដល់អ្នកដទៃនេះ ក៏ធ្វើឲ្យយើងយល់ថាខ្លួនយើងមានតម្លៃផងដែរ។
ក្រៅពីនេះ ការជជែកផ្ដល់យោបល់បែបស្ថាបនា ក៏អាចជួយឲ្យយើងមានទំនាក់ទំនងកាន់តែរឹងមាំ និងកសាងមិត្តភាពបានទៀតផង។ ការមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ជួយដល់សុខភាពផ្លូវចិត្តកាន់តែល្អប្រសើរ។