គុណប្រយោជន៍មួយចំនួននៃការឱប គួរស្វែងយល់
- 2024-02-11 11:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណប្រយោជន៍មួយចំនួននៃការឱប គួរស្វែងយល់
យើងឱបគ្នាពេលដែលមានអារម្មណ៍រំភើប រីករាយ កើតទុក្ខ និងពេលខ្លះដើម្បីជាការលួងលោមជាដើម។ យើងអាចនិយាយបានថាការឱបអាចជួយឲ្យយើងមានអារម្មណ៍ល្អ ហើយការឱបនេះក៏មានការសិក្សារកឃើញថាបានផ្ដល់ឲ្យយើងមានភាពរីករាយកាន់តែច្រើន និងមានសុខភាពកាន់តែល្អផងដែរ។ តើវាអាចទៅរួចដោយរបៀបណា? ស្វែងយល់នៅទីនេះ។
ការឱបគឺជាការបង្ហាញការស្រឡាញ់ ឬគាំទ្រមួយដែរ។ពេលមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់មានការលំបាក ឬមិនគាប់ប្រសើរនឹងរឿងអ្វីមួយក្នុងជីវិត ការឱបគឺជាវិធីជួយអ្នកទាំងនោះមួយដែរ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថាការឱបនរណាម្នាក់ ឬការប៉ះដូចជាចាប់ដៃ អាចជួយកាត់បន្ថយសភាពតាមតឹងផ្លូវចិត្ត និងផ្ដល់ភាពកក់ក្ដៅដល់អ្នកកំពុងជួបការលំបាក។
ការជួយកាត់បន្ថយស្រ្តេសតាមរយៈការឱបទំនងជាអាចជួយឲ្យយើងមានសុខភាពកាន់តែប្រសើរដែរ។ ការសិក្សាមួយធ្វើលើមនុស្សពេញវ័យចំនួន៤០០នាក់ទាក់ទងនឹងការឱបនេះ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ថាការឱបអាចរួមចំណែកកាត់បន្ថយឱកាសនៃការធ្លាក់ខ្លួនឈឺ។ អ្នកចូលរួមទាំងនោះ បានបង្ហាញសញ្ញាថាខ្លួនមិនសូវមានជំងឺ ពេលបានការគាំទ្រផ្លូវចិត្តបែបនេះ។ ចំពោះអ្នកកំពុងមានជំងឺវិញ ក៏បង្ហាញពីសញ្ញាវិជ្ជមាននៃការថយចុះរោគសញ្ញាផងដែរ។
ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថាការឱបអាចជួយកាត់បន្ថយសភាពថប់បារម្ភរបស់បុគ្គលដែលមិនសូវមានជំនឿចិត្តលើខ្លួនឯង។ ដូចគ្នាដែរ អ្នកខ្លះគ្រាន់តែឱបតុក្កតា ក៏អាចជួយកាត់បន្ថយភាពភ័យខ្លាចរបស់ខ្លួនបានមួយចំនួនដែរ។ ដូចគ្នាដែរ ការឱបក៏ជួយកាត់បន្ថយការឈឺចាប់ផងដែរ។ អ្នកចូលរួមក្នុងការសិក្សា បានរាយការណ៍ថាការឱបបានជួយឲ្យពួកគេមានអារម្មណ៍ល្អ និងជួយកាត់បន្ថយការឈឺចាប់ផងដែរ។
ក្រុមអ្នកវិទ្យាសាស្រ្តជឿថាការឱបចំនួនប្រាំបីដងក្នុងមួយថ្ងៃនឹងធ្វើឲ្យយើងបានគុណប្រយោជន៍ទាំងនេះ។ តែដោយថាចំនួននេះទំនងជាមិនមានអ្នកធ្វើបានច្រើន ទើបក្រុមអ្នកវិទ្យាសាស្រ្តលើកឡើងថាគួរអនុវត្តតាមចំនួនដែលយើងអាចធ្វើបាន ប្រសើរជាងមិនបានធ្វើទាល់តែសោះ។