តើ​ស្រ្តី​វ័យ​ក្មេង​អាច​មាន​បញ្ហា​ស្រុត​ស្បូន​ទេ?

  • 2023-12-05 13:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​ស្រុត​ស្បូន​ជា​ប្រភេទ​ជំងឺ​ដែល​កើត​លើ​មនុស្ស​ស្រី​វ័យ​ចំណាស់ មិន​មែន​ជា​ជំងឺ​កើត​លើ​ស្រ្តី​វ័យ​ក្មេង​នោះទេ​។ នេះ​បើ​តាម​ការ​​បញ្ជាក់​របស់ លោក​ស្រី​វេជ្ជ​បណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ​ឯកទេស​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរ​សម្ភព​រ៉ូស។

លោក​ស្រី​ឲ្យ​ដឹង​ថា​ជំងឺ​ស្រុត​ស្បូន​ច្រើន​កើត​លើ​ស្រ្តី​វ័យ​យ៉ាង​ហោច​អាយុ​៦០​ឆ្នាំ មិន​កើត​លើ​ស្រ្តី​វ័យ​ខ្ទង់​២០​ឆ្នាំ ឬ​៣០​ឆ្នាំ​នោះ​ទេ​។ លោក​ស្រី​បញ្ជាក់​ថា៖ «ពុំ​មាន​ស្រ្តី​កើត​ជំងឺ​ស្រុត​ស្បូន​នៅ​វ័យ​២០​ឆ្នាំ ​១៨​ឆ្នាំ ឬ​៣០​ឆ្នាំ​ទេ​ ទោះបី​ជា​គាត់​ទើប​សម្រាល​កូន​ហើយ​ក៏​គាត់​មិន​មាន​កើត​ជំងឺ​ស្រុត​ស្បូន​នេះ​ដែរ»

លោក​ស្រី​វេជ្ជ​បណ្ឌិត​ពន្យល់​ថា​ជំងឺ​ស្រុត​ស្បូន​ជា​ជំងឺ​ដែល​ស្បូន​ទាំង​មូល ឬ​ពេល​ខ្លះ​ជា​ប្លោក​នោម ឬ​ជា​ដំបន់​រន្ធ​គូទ​ដែល​ធ្លាក់​មក​តាម​ទ្វារ​មាស​។ ​លោក​ស្រី​បន្ត​ថា៖ «បញ្ហា​នេះ​កើត​មាន​ដោយ​សារ​តែ​សាច់​ដុំ​អាង​ត្រគាក​ដែល​ជា​ទម្រ​របស់​វា​មាន​ភាព​ទន់ជ្រាយ ដែល​កើត​ឡើង​ដោយសារ​អាយុ​របស់​ស្រ្តី នៅ​ពេល​យើង​អាយុ​ច្រើន ជាទូទៅ​អាយុ​៦០​ឆ្នាំ​ឡើង កម្លាំង​ទ្រ​នៃ​សាច់ដុំ​ថយ​ចុះ អីចឹង​សរីរាង្គ​ទាំងឡាយ​ដែល​ទ្រ​ដោយ​សាច់ដុំ​ហ្នឹង​ក៏​អាច​ធ្លាក់​ចុះ អីចឹង​ហើយ​ពុំ​មាន​ហេតុ​ផល​អ្វី​ដែល​ស្រ្តី​វ័យ​ក្មេង​អាច​កើត​ជំងឺ​នេះ​នោះ​ទេ​»។​​​​​​​​​​​​​​ ​

បើ​តាម​លោក​ស្រី​វេជ្ជ​បណ្ឌិត​ស្រ្តី​វ័យ​ក្មេង​​ដែល​សម្រាល​កូន​ច្រើន​ចាប់​ពី​បី​នាក់​ឡើង​ មាន​ភាព​ធាត់​ខ្លាំង និង​ពុំ​ចេះ​ហាត់​ប្រាណ​ពង្រឹង​អាង​ត្រគាក​ជា​ដើម គឺ​អាច​ប្រឈម​នឹង​​ជំងឺ​ស្រុត​ស្បូន​នៅ​វ័យ​៦០​ឆ្នាំ​ឡើង​។​

ទស្សនាវីដេអូលោកស្រីវេជ្ជបណ្ឌិតទាំងស្រុងចុចទីនេះ!

អត្ថបទ៖ សុខា

អត្ថបទពេញនិយម