យានយន្តអគ្គិសនីទំនោរអនាគត សន្ទុះបន្តកើនឡើងចិនកំពុងសម្រុក
- 2023-10-26 12:26:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យានយន្តអគ្គិសនីទំនោរអនាគត សន្ទុះបន្តកើនឡើងចិនកំពុងសម្រុក
សង្វាក់ផលិតកម្មរបស់ចិនមានទំហំធំស្បើមសឹងគ្រប់វិស័យ។ ក្នុងនោះយុទ្ធយុទ្ធសាស្ត្រផ្លូវសូត្ររបស់ចិន"ផលិតកម្មយានយន្តដើរដោយថាមពលអគ្គិសនី ចិន-អាស៊ាន" ហៅកាត់ថា “The Base” ក៏ជាកម្លាំងចលករមួយជួយរុញកម្លាំងសេដ្ឋកិច្ចចិននិងចំណងការទូតលើឆាកអន្តរជាតិ ហើយចិនខ្លួនឯងក៏កំពុងសម្រុកផលិតដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ។ យានយន្តរបស់គម្រោង the Base មិនរាប់បញ្ចូលរថយន្តដើរដោយថាមពលអគ្គិសនី(EV) ទេ គឺរាប់តែប្រភេទតូចចក្រយាន (យានកង់២) និង ត្រីចក្រយាន (យានកង់ ៣)។
យានយន្តដើរដោយថាមពលអគ្គិសនីជាទំនោរដ៏ធំ ជាអនាគតក្នុងពេលដ៏ខ្លី ដោយជ្រុងម្ខាងពីអ្នកប្រើប្រាស់គឺផ្ដោតលើការកាត់បន្ថយចំណាយទៅលើប្រេងសាំង តម្រូវការប្រើតិច ឬសម្រាប់អ្នកជិះជិតៗ យឺតៗ ការរចនា ប្រើប្រាស់កម្ចប់លុយតិច ពិសេសសម្រាប់ក្មេងៗ សិស្សសាលា ឬមនុស្សចាស់ជាដើម។
ជិត ១០ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនសផលិតកង់និងម៉ូតូអាគុយល្បីៗច្រើន ដោយឡែកបើរាប់តែម៉ូដែលរបស់ម៉ូតូទាំងនោះមានលើស ១០០ម៉ាកខុសៗគ្នា។ បើពិនិត្យមើលទិន្ន័យនិងកម្លាំងផលិតកម្មរបស់ ក្រុមហ៊ុនក្នុងស្រុកធំៗដូចជា Emma, Luyuan, Tailg, Lima, Zuboo និង OPAI ដែលស្ថិតនៅក្នុងបរិវេណ The Base ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនធំៗ ៦នេះ ផលិតម៉ូតូអាគុយបាន ៥លានគ្រឿង និង ត្រីចក្រយានអាគុយបាន ៥០ម៉ឺនគ្រឿង។
កម្លាំងសង្វាក់ផលិតកម្មដ៏មមាញឹកដើម្បីកាត់បន្ថយចំហេះដោយប្រេងសាំងនេះនៅតែបន្តកើនឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ រហូតមកដល់ឆ្នាំ២០២២ ផលិតកម្មបានកើនរហូតដល់ ៨,៧លានគ្រឿង។ ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក យុទ្ធសាស្ត្រផ្លូវសូត្រចិនក៏នាំចេញទៅកាន់បណ្ដាប្រទេសនានានៅអាស៊ាន និងបណ្ដាប្រទេសធំៗដូចជាហូល្លង់ ឥណ្ឌា ណេប៉ាល់ ប៉េរូ និងកូស្ដារីកាជាដើម។ ក្នុងនោះឥណ្ឌូណេស៊ីបានកុម្ម៉ង់ម៉ូតូអគ្គិសនី(EV) រហូតដល់ទៅ ២០ម៉ឺនគ្រឿង ក្នុងបេក្ខភាពអាស៊ានរុញកំណើនយានយន្តប្រើប្រាស់ថាពលអគ្គិសនី ហើយទំនោរនៃ ការប្រើប្រាស់យានយន្ត EV ក៏បន្តងើបបណ្ដើរៗដូចគ្នា។
ស្របទៅតាមកម្រិតនៃម៉ូតូ យោងទៅតាមការប្រកួតប្រជែងខ្លាំងលើកម្រិតបច្ចេកវិទ្យានិងការរចនា ម៉ូតូអាគុយម៉ាកខ្លះអាចបើកបរបានល្បឿនលឿន រហូតដល់ ៦៥-៧៥គីឡូម៉ែត្រ/ម៉ោងក៏បាន។ តម្លៃលក់ក្នុងស្រុកម៉ូដែលខ្លះអត់ដល់ ១០០ដុល្លារអាមេរិកទេ។ ដោយឃើញពីកត្តាតម្លៃ ស្របទៅតាមតម្រូវការនិងកម្រិតជីវភាពអ្នកប្រើប្រាស់ ជួយកាត់បន្ថយការចំណាយលើប្រេងសាំង តំណាងក្រុមហ៊ុន Guangxi Luyuan បានលើកឡើងថា ជាក់ស្ដែងតម្លៃម៉ូតូអាគុយ(EV) ពិតជាឆ្លើយទៅទៅនឹងអ្វីដែលអ្នកប្រើប្រាស់ចង់បាន ប៉ុន្តែនៅមានឧបសគ្គធំដែលត្រូវដោះស្រាយគឺ តម្លៃពន្ធនាំចូលខ្ពស់។
ប្រសិនបើតម្លៃពន្ធទាប ឬ the base ទទួលបានការអនុគ្រោះពន្ធនាំចូលកម្រិតល្អណាមួយ នោះវត្តមានក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីធំៗរបស់ខ្លួនអាចនឹងបោះទុនក្រោមរូបភាពណាមួយលើប្រទេសដែលវាយតម្លៃខ្ពស់ដល់ម៉ូតូដើរដោយថាមពលអគ្គិសនី ដើម្បីសម្រួលដល់ជីវភាពពលរដ្ឋមិនខាន។ បើរាប់ទិន្នន័យរបស់ក្រុមហ៊ុន Luyuan តែឯង ក្នុងការផលិតយានយន្តអគ្គិសនីបាន ២៣ម៉ឺនគ្រឿងនៅឆ្នាំ២០២១ ហើយឆ្នាំបន្ទាប់សង្វាក់ផលិតកម្មបានកើនដល់ ៥២ម៉ឺនគ្រឿង និង ៦៣ម៉ឺនគ្រឿងនៅ ៨ខែដំបូងនៃឆ្នាំ ២០២៣នេះ។
The base ឬ "ផលិតកម្មយានយន្តដើរដោយថាមពលអេឡិចត្រូនិក ចិន-អាស៊ាន" ចាប់ផ្ដើមដំណើរការសាងសង់ឡើងដោយរដ្ឋាភិបាលនៅឆ្នាំ២០១៥ ស្ថិតនៅស្រុក ហ្គងប៊ី លើទឹកដីខេត្តហ្គងហ្គាង ប្រទេសចិន ក្នុងសួនឧស្សាហ៍កម្មអេកូជាតិ ក្នុងទំហំវិនិយោគជាង ២ពាន់លានដុល្លារអាមេរិកលើផ្ទៃដីជិត ៧០០ហិកតា។