ហេតុអ្វីអាហារពេលព្រឹកមានសារសំខាន់?
- 2023-09-19 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីអាហារពេលព្រឹកមានសារសំខាន់?
ការញ៉ាំអាហារពេលព្រឹក គឺជាការចាប់ផ្ដើមនៃការធ្វើមេតាប៉ូលិសរបស់រាងកាយ ជួយឲ្យរាងកាយដុតកាឡូរីបានពេញមួយថ្ងៃ។ ដូចគ្នាដែរ ការញ៉ាំអាហារពេលព្រឹកក៏ជួយផ្ដល់ថាមពលដែលរាងកាយត្រូវការ ដើម្បីបំពេញកិច្ចការងារពេញមួយថ្ងៃផងដែរ។ អ្វីដែលបានរៀបរាប់នេះគ្រាន់ជាហេតុផលមួយចំនួនប៉ុណ្ណោះ។ បើអីចឹងអាហារពេលព្រឹកមានសារសំខាន់អ្វីខ្លះទៀត?
ការសិក្សាមួយចំនួនបានរកឃើញពីទំនាក់ទំនងរវាងការញ៉ាំអាហារពេលព្រឹកទៅនឹងសុខភាពល្អ ជំនួយដល់ការចងចាំ ផ្ទង់អារម្មណ៍បានល្អ បញ្ចុះកម្រិតកូលេស្តេរ៉ូលអាក្រក់ និងកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងបញ្ហាធាត់លើសទម្ងន់។ ថ្វីបើអ្វីទាំងនេះហាក់ពិបាកយល់បន្តិចថាតើការញ៉ាំអាហារពេលព្រឹកជួយឲ្យមានគុណសម្បត្តិផ្នែកសុខភាពទាំងនេះ ឬក៏មកពីអ្នកញ៉ាំអាហារពេលព្រឹកជាមនុស្សមានទម្លាប់ល្អចំពោះសុខភាព។
ប៉ុន្តែអ្វីដែលគេដឹងច្បាស់គឺថាបើសិនជាយើងមិនញ៉ាំអាហារពេលព្រឹកនឹងធ្វើឲ្យរាងកាយយើងបាត់បង់នូវទម្លាប់ដែលរាងកាយត្រូវញ៉ាំ និងមិនត្រូវញ៉ាំ។ ពេលយើងភ្ញាក់ពីគេងជាតិស្ករក្នុងឈាមដែលមាននាទីជួយពង្រឹងសាច់ដុំ និងខួរក្បាលឲ្យដំណើរការល្អមានកម្រិតទាប ហើយអាហារពេលព្រឹកជួយបំពេញអ្វីទាំងនេះ។
បើសិនជារាងកាយយើងមិនបានបន្ថែមអាហារចូលទេ នោះយើងអាចនឹងមានអារម្មណ៍ថាខ្សោះ ឬខ្វះថាមពល ហើយអាចធ្វើឲ្យយើងញ៉ាំអាហារច្រើននៅម៉ោងបាយបន្ទាប់។ អាហារពេលព្រឹកក៏ជួយផ្ដល់ឲ្យរាងកាយយើងទទួលបានសារជាតិចិញ្ចឹមល្អៗពីអាហារដែលយើងបានញ៉ាំ។ បើសិនជាយើងមិនបានញ៉ាំអាហារពេលព្រឹក គឺយើងនឹងមិនបានទទួលសារជាតិចិញ្ចឹមល្អៗទាំងនោះសម្រាប់រាងកាយដែរ។
មនុស្សជាច្រើនមិនបានញ៉ាំអាហារពេលព្រឹកក៏ព្រោះតែអ្នកទាំងនោះមានការបន្ទាន់ត្រូវទៅធ្វើការ ឬមូលហេតុចាំបាច់ណាមួយ។ ប៉ុន្តែការធ្វើបែបនេះគឺមិនត្រឹមត្រូវទេ យើងត្រូវតែផ្ដល់អាហារពេលព្រឹកដល់រាងកាយ ទម្រាំដល់ម៉ោងញ៉ាំបាយថ្ងៃត្រង់។ បើយើងមិនញ៉ាំអាហារពេលព្រឹក យើងអាចនឹងឃ្លានខ្លាំងនៅពេលក្រោយ ហើយអាចធ្វើឲ្យយើងញ៉ាំអាហារសម្រន់មិនល្អចំពោះសុខភាព ដូចជាអាហារមានជាតិខ្លាញ់ខ្ពស់ ឬជាតិស្ករខ្ពស់ជាដើម។